loader

ឆ្នាំ​២០១៨​ សិស្ស​ស្រី​នៅ​តែ​ប្រឡង​បា​កក់​ឌុ​ប​ជាប់​ ច្រើន​ជាង​សិស្ស​ប្រុស​ រហូត​ដល់​ ៦៨​ភាគរយ​

​ភ្នំពេញ​ ៖​ លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ បាន​បញ្ជាក់​ថា​ ក្នុង​ចំណោម​បេក្ខជន​សរុប​ប្រមាណ​ជាង​ ១​សែន​នាក់​ សិស្ស​ប្រឡង​ជាប់​មាន​ចំនួន​ជាង​ ៧​ម៉ឺន​នាក់​ ហើយ​ក្នុង​នោះ​សិស្ស​ស្រី​ប្រឡង​ជាប់​ជាង​ ៦៨​ភាគរយ​។​ ករណី​នេះ​ នាយិកា​អង្គការ​មួយ​រូប​ យល់​ឃើញ​ថា​ ស្ដ្រី​បាន​អនុវត្ដ​ឱកាស​របស់​ខ្លួន​បាន​កាន់តែ​ប្រសើរ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

​របាយការណ៍​ពី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ សិស្ស​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ឬ​ហៅ​ថា​ បាក់​ឌុ​ប​ មាន​ចំនួន​ ៧​ម៉ឺន​ ៥​ពាន់​ ០៥៩​នាក់​ (៧៥០៥៩​នាក់​)​។​ ផ្អែក​តាម​តួលេខ​នេះ​ ក្រសួង​អប់រំ​ បាន​បញ្ជាក់​ថា​ ចំនួន​សិស្ស​ស្រី​ដែល​ប្រឡង​ជាប់​នៅ​ឆ្នាំ​២០១៨​នេះ​ មាន​ប្រមាណ​ ៦៨,៥០​ភាគរយ​។​

​ចំនួន​សិស្ស​ស្រី​ ដែល​ប្រឡង​ជាប់​ សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៧​ និង​ ២០១៨​ នេះ​បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។​ ទាក់ទិន​ចំណុច​នេះ​ មន្ដ្រី​នាំពាក្យ​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ លោក​ ឌី​ ខាំ​បូ​លី​ មាន​ប្រសាសន៍​តាម​សារ​អេ​ឡិច​ត្រូវ​និ​ច​ ប្រាប់​វិទ្យុ​ស្ដ្រី​ថា​ ទាំង​សិស្ស​ស្រី​ និង​សិស្ស​ប្រុស​ សុទ្ធតែ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ដូច​គ្នា​។​ តែ​ជា​លទ្ធផល​សិស្ស​ស្រី​ជាប់​ច្រើន​ជាង​ នេះ​គឺជា​តថភាព​ជាក់ស្ដែង​ ដែល​គ្រប់​គ្នា​ត្រូវ​ទទួលស្គាល់​។​

​មន្ដ្រី​នាំពាក្យ​ ក្រសួង​អប់រំ​ បន្ដ​ថា​ ក្រសួង​អប់រំ​ បាន​ផ្ដល់​ឱកាស​ស្មើៗ​គ្នា​ សម្រាប់​សិស្ស​ទាំង​ពីរ​ភេទ​ និង​ការ​ទទួល​បានការ​សិក្សា​ ប្រកបដោយ​គុណភាព​។​ ជាង​នេះ​ការ​អប់រំ​ គឺ​មិន​មានការ​រើសអើង​នោះ​ទេ​។​ លោក​បន្ដ​ទៀត​ថា​ ស្រប​ពេល​ដែល​ក្រសួង​អប់រំ​ផ្ដល់​ឱកាស​ស្នើៗ​គ្នា​ ក្នុង​ការ​សិក្សា​នេះ​ ការ​ចូលរួម​ពី​អាណាព្យាបាល​ គឺជា​រឿង​កាន់តែ​សំខាន់​ ដើម្បី​ធានា​នូវ​សមធម៌​ នៃ​ការ​អប់រំ​។​

​លោក​ ឌី​ ខាំ​បូ​លី​ សំណូមពរ​ដល់​អាណាព្យាបាល​ លើកទឹកចិត្ដ​ និង​គាំទ្រ​ឲ្យ​កូនៗ​របស់​ខ្លួន​ បន្ដ​រៀនសូត្រ​ឲ្យ​បាន​ខ្ពស់​ ដើម្បី​ក្លាយជា​កោសិកា​ដ៏​រឹង​មាំ​សម្រាប់​ចូលរួម​អភិវឌ្ឍ​សង្គម​ជាតិ​ គ្រួសារ​ និង​ខ្លួនឯង​។​

​ទាក់ទិន​លទ្ធផល​ប្រឡង​ដែល​មើលឃើញ​ថា​ សិស្ស​ស្រី​មាន​ចំនួន​កាន់តែ​ច្រើន​បាន​ប្រឡង​ជាប់​នេះ​ លោកស្រី​នាយិកា​អង្គការ​ សីល​ការ​ បង្ហាញ​ទស្សន​របស់​លោកស្រី​ថា​ សិស្ស​ស្រី​បាន​អនុវត្ដ​តួនាទី​របស់​ខ្លួន​បាន​ល្អ​ និង​យកចិត្ដ​ទុក​ខ្ពស់​ជាង​សិស្ស​ប្រុស​។​

​លោកស្រី​ ធីតា​ ឃឹះ​ នាយិកា​អង្គការ​សីល​ការ​ ដែល​ជា​ស្ដ្រី​ឈានមុខ​ ក្នុង​ការ​តស៊ូ​មតិ​ ដើម្បី​ឲ្យ​មាន​សំឡេង​ស្ដ្រី​ ក្នុង​វិស័យ​នយោបាយ​ មាន​ប្រសាសន៍​ថា​ ស្ដ្រី​មានឱកាស​បាន​ចូល​រៀន​ស្មើ​និង​បុរស​ តែ​ស្ដ្រី​បាន​យកចិត្ដទុកដាក់​លើ​ការ​សិក្សា​បាន​ល្អ​ជាង​បុរស​។​ លោកស្រី​បន្ដ​ថា​ ស្ដ្រី​គឺជា​សក្ក​ដា​នុ​ពល​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​ការ​អភិវឌ្ឍ​ សង្គម​ជាតិ​។​

​នាយិកា​អង្គការ​សីល​ការ​ សំ​ណូ​ពរ​ដល់​អាណាព្យាបាល​គ្រប់​រូប​ ត្រូវ​គិត​ថា​ ធនធានមនុស្ស​ ទាំង​ស្ដ្រី​ និង​បុរស​ គឺ​ដូច​គ្នា​ ដូច្នេះ​ត្រូវ​តែ​ផ្ដល់​ឱកាស​ឲ្យ​ស្ដ្រី​បាន​សិក្សា​ ដល់​ថ្នាក់ឧត្ដម​ ដូច​កូនប្រុស​ ដោយ​មិន​ត្រូវ​មានការ​រឹតត្បិត​នោះ​ទេ​ ៖«​យើង​មើលឃើញ​ថា​ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​កូនស្រី​ ចាប់​យក​ឱកាស​ ហើយ​និង​អនុវត្ដ​ឱកាស​របស់​គាត់​បាន​ល្អ​ ដែល​ជា​ធនធាន​របស់​គ្រួសារ​ ធនធាន​របស់​គាត់​ផ្ទាល់​ ក៏​ដូច​ជា​របស់​សង្គម​ទៅ​អនាគត​ដែរ​។​ ដូច្នេះ​កុំ​ឲ្យ​ត្បិតត្បៀត​ ហើយ​គាំទ្រ​ កូនប្រុស​ កូនស្រី​ ឲ្យ​បាន​ស្មើគ្នា​»​។​

​សូម​ជម្រាប​ថា​ លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ឬ​ហៅ​ថា​ បាក់​ឌុ​ប​ ឆ្នាំ​២០១៨​នេះ​ មាន​សិស្ស​ប្រឡង​ជាប់​ចំនួន​ ៧​ម៉ឺន​ ៥​ពាន់​ ០៥៩​នាក់​ (៧៥០៥៩​នាក់​)​ ក្នុង​នោះ​សិស្ស​និទ្ទេស​ A​ មាន​ចំនួន​ ២៩០​នាក់​ ហើយ​ ១៤១​នាក់​ជា​ស្ដ្រី​។​ ចំណែក​និទ្ទេស​ B​ សិស្ស​ប្រឡង​ជាប់​ ១៥៣២​នាក់​ ហើយ​ ៧៦០​នាក់​ជា​ស្ដ្រី​ និង​និទ្ទេស​ C​ សិស្ស​ប្រឡង​ជាប់​ ៤៦៣១​នាក់ ហើយ​សិស្ស​ស្រី​ ២៥៦៨​នាក់​។​

​យោង​តាម​តួរ​លេខ​នេះ​ ចំនួន​សិស្ស​ប្រឡង​ជាប់​ឆ្នាំ​២០១៨​ កើនឡើង​ជាង​ឆ្នាំ​២០១៧​ ក៏​ប៉ុន្ដែ​ចំនួន​សិស្ស​ប្រឡង​ជាប់​និទ្ទេស​ A​ B​ និង​ C​ បាន​ថយ​ចុះ​។​ ឆ្នាំ​២០១៧​ សិស្ស​ប្រឡង​ជាប់​និទ្ទេស​ A​ មាន​ចំនួន​ ៤២៤​នាក់​ និទ្ទេស​ B​ ២​ ៤៦៤​នាក់​ និង​និទ្ទេស​ C​ សិស្ស​ប្រឡង​ជាប់​ចំនួន​ ៥០០០​នាក់​។​ ចំណែក​សិស្ស​ស្រី​វិញ​បាន​ប្រឡង​ជាប់​ នៅ​ឆ្នាំ​សិក្សា​២០១៧​ មាន​ ៥១,២​ភាគរយ​ ហើយ​សិស្ស​ប្រុស​ បាន​ប្រឡង​ជាប់​ ៤៨,៨​ភាគរយ​។​

​យោង​តាម​សច​ក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​ បាន​បញ្ជាក់​ថា​ មូលហេតុ​ដែល​នាំ​ឲ្យ​បេក្ខជន​ទទួល​បាន​និទ្ទេស​ A,​ B​ និង​ C​ មាន​ចំនួន​ធ្លាក់​ចុះ​នៅ​ឆ្នាំ​២០១៨​នេះ​ គឺ​ដោយសារ​តែ​ក្រសួង​អប់រំ​បាន​បង្កើន​ស្ដង់ដា​ប្រធាន​វិញ្ញាសា​ប្រឡង​ ឲ្យ​ខ្លាំង​ជាង​មុន​ ក្នុង​គោលដៅ​ពង្រឹងគុណភាព​អប់រំ​ និង​ជំរុញ​បេក្ខជន​ ឲ្យ​ខិតខំ​រៀនសូត្រ​ ឲ្យ​កាន់តែ​មានចំណេះ​ដឹង​ជ្រៅជ្រះ​បន្ថែម​ទៀត​។​

​ឆ្នាំ​២០១៨​នេះ​ សិស្ស​ប្រឡង​ជាប់​និទ្ទេស​ A​ មាន​ចំនួន​ ១៨​ខេត្ដ​ នៅ​ភ្នំពេញ​ ១៣៥​នាក់​ សៀមរាប​ ២១​នាក់​ កណ្ដាល​ ១៦​នាក់​ បាត់ដំបង​ ១៥​នាក់​ តាកែវ​ ១៥​នាក់​ កំពង់ចាម​ ១៣​នាក់​ កំពត​ ១១​នាក់​ ត្បូងឃ្មុំ​ ៩​នាក់​ កំពង់ធំ​ ៩​នាក់​ កំពង់​ឆ្នាំ​ ៩​នាក់​ បន្ទាយ​មាន​ជ័យ​ ៩​នាក់​ ព្រៃវែង​ ៨​នាក់​ ក្រចេះ​ ៦​នាក់​ ពោធិ៍សាត់​ ៤​នាក់​ ស្វាយ​រៀង​ ៣​នាក់​ កំពង់ស្ពឺ​ ៣​នាក់​ ព្រះ​សីហ​នុ​ ៣​នាក់​ និង​ខេត្ដរតនគិរី​ ១​នាក់​៕​

ព័ត៌មានទាក់ទង

ការស្រាវជ្រាវបង្ហាញថាសារព័ត៌មាននៅតែផ្សព្វផ្សាយបំពានលើជនរងគ្រោះជាស្រ្តី

ភ្នំពេញ៖ ការស្រាវជ្រាវរបស់អង្គការមួយបង្ហាញថា [...]

កញ្ញាត្រាំងយ៉ាំជនជាតិដើមភាគតិចព្រៅក្លាយជាអ្នកសម្របសម្រួលបញ្ហានានាក្នុងសហគមន៍

ជីវៈព័ត៌មាន៖ ដោយសារភាពតស៊ូ និងជំនៈពាក្យស៊ីបាយ[...]

នាយិកា​ក្រុមហ៊ុន​ សូ​ឡារ​ ហ្គ្រី​ន​ អេ​នើ​ជី​ ៖​ ស្ដ្រី​គួរ​ចាប់​ឱកាស​បង្ហាញ​សមត្ថភាព​ ខណៈ​សង្គម​កាន់តែ​បើកទូក​លាយ​

ស្ដ្រី​គួរតែ​ចាប់​ឱកាស​បង្ហាញ​សមត្ថភាព​ ភាព​ជ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត