loader

ឆ្នាំ​២០១៨​ ជំងឺគ្រុនឈាម ​៖​ ទាំង​ពលរដ្ឋ​ឈឺ​ និង​ស្លាប់​កើនឡើង​

​ភ្នំពេញ​ ៖​ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ ប៉ារ៉ាស៊ីត​សាស្ដ្រ​ និង​បាណក​សាស្ដ្រ​ នៃ​ក្រសួងសុខាភិបាល​ បញ្ជាក់​ថា​ ចំនួន​ពលរដ្ឋ​ដែល​កើត​ជំងឺគ្រុនចាញ់​នៅ​ឆ្នាំ​២០១៨​នេះ​មានការ​កើនឡើង​ ហើយ​ចំនួន​ពលរដ្ឋ​ស្លាប់​ក៏​មានការ​កើនឡើង​ដែរ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

​ជំងឺគ្រុនឈាម​ គឺជា​ជំងឺ​ដែល​មាន​គ្រោះថ្នាក់​បំផុត​ចំពោះ​កុមារ​តូចៗ​ តាំងពី​កើត​រហូត​ដល់​អាយុ​ក្រោម​ ១៥​ឆ្នាំ​។​ ជំងឺ​នេះ​ត្រូវ​ចម្លង​ដោយ​ពពួកសត្វ​មូស​ខ្លា​ ។​ តែ​យ៉ាងណា​ ជំងឺ​នេះ​ក៏​មាន​កើត​ផង​ដែរ​ទៅ​លើ​មនុស្ស​គ្រប់​វ័យ​ ប្រសិនបើ​ពួក​គេ​ត្រូវ​បាន​មូស​ខ្លា​ ដែល​ជា​ភ្នាក់ងារ​ចម្លងជំងឺ​គ្រុនឈាម​ខាំ​។​

​លោក​វេជ្ជបណ្ឌិត​ ហ៊ុយ​ រ៉េ​កុ​ល​ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ ប៉ារ៉ាស៊ីត​សាស្ត្រ​ និង​បាណក​សាស្ត្រ​នៃ​ក្រសួងសុខាភិបាល​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ថា​ គិត​ពី​ខែមករា​ មក​ដល់​ចុងខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​នេះ​ មាន​ប្រជាពលរដ្ឋ​ចំនួន​ ១​ម៉ឺន​ ៥​ពាន់​ ២៣៣​នាក់​ បាន​កើត​ជំងឺគ្រុនឈាម​ ហើយ​បាន​បណ្ដាល​ឲ្យ​ពលរដ្ឋ​ចំនួន​ ១៦​នាក់​បាន​ស្លាប់​។​ តួលេខ​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​ ទាំង​ចំនួន​ពលរដ្ឋ​ដែល​កើត​ជំងឺគ្រុនឈាម​ និង​ស្លាប់​ នៅ​ឆ្នាំ​២០១៨​នេះ​ គឺ​កើនឡើង​ជាង​កាលពី​ឆ្នាំ​២០១៧​។​ កាលពី​ឆ្នាំ​២០១៧​ មាន​ប្រជាពលរដ្ឋ​កើត​ជំងឺគ្រុនឈាម​ប្រមាណ​តែ​ ១​ម៉ឺន​ ១​ពាន់​ករណី​ ហើយ​ស្លាប់​ចំនួន​ ១១​នាក់​។​

​ឆ្នាំ​២០១៨​នេះ​ រាជធានី​ភ្នំពេញ​ ខេត្ដព្រះវិហារ​ សៀមរាប​ ខេត្ដកណ្ដាល​ និង​ខេត្ដកំពង់ឆ្នាំង​ គឺជា​រាជធានី​-​ខេត្ដ​ដែល​កើត​ជំងឺគ្រុនឈាម​ច្រើន​ជាងគេ​។​ លោក​វេជ្ជបណ្ឌិត​បន្ដ​ថា​ នៅ​ឆ្នាំ​នេះ​ ស្ថានភាព​អាកាសធាតុ​មាន​ភ្លៀង​ញឹកញាប់​ ដែល​ជា​កត្ដា​អំណោយផល​យ៉ាង​ល្អ​សម្រាប់​ពពួក​មូស​ខ្លា​បង្ក​កំណើត​។​ លោក​វេជ្ជបណ្ឌិត​បន្ដ​ថា​ មូលហេតុ​ដែល​បណ្ដាល​ឲ្យ​អ្នកជំងឺ​ស្លាប់​គឺ​បណ្ដាល​មក​ពី​ការ​បង្អែបង្អង់​នាំ​អ្នកជំងឺ​ទៅ​ព្យាបាល​ និង​មួយវិញទៀត​ នាំ​អ្នកជំងឺ​រក​ពេទ្យ​ឯកជន​ដែល​គ្មាន​ជំនាញ​ច្បាស់លាស់​ ៖«​ចំនួន​នៃ​អ្នកជំងឺ​គ្រុនឈាម​នេះ​កាលពីរ​ បី​ឆ្នាំ​មុន​ដំបូង​វា​ទាប​ ដល់​អ​ញ្ចឹ​ង​ទៅ​គាត់​យូរ​ទៅ​ចង់​ភ្លេច​ គាត់​រវល់​តែ​បង្អែបង្អង់​ អ្នកខ្លះ​គាត់​ក៏​ទៅ​រក​ពេទ្យ​ឯកជន​ខ្លះ​ដែល​គ្មាន​សមត្ថភាព​ ឬ​ក៏​មិន​ចំ​ជា​ពេទ្យ​មាន​ជំនាញ​ខាង​គ្រុនឈាម​ហ្នឹង​អ​ញ្ចឹ​ង​ធ្វើ​ឲ្យ​យឺតយ៉ាវ​។​ គ្រុនឈាម​នេះ​បើ​យក​មក​ដល់​ពេទ្យ​យឺត​ហើយ​ គឺ​មក​ដល់​ថ្ងៃ​ទី​៥​ ទី​៦​ ឬ​ទី​៤​អី​មក​ដល់​ពេទ្យ​ ហើយ​ទឹក​ពេញ​សួត​អស់ហើយ​ អត់​មាន​ទេវតា​ណា​ជួយ​បាន​ទេ​ មិន​ថា​ ប្រទេស​ណា​ក៏​ដោយ​គឺ​គ្មាន​គ្រូពេទ្យ​ណា​ជួយ​បាន​ទេ​»​។​

​យ៉ាងណា​នៅ​ឆ្នាំ​២០១៨​នេះ​ មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ ប៉ារ៉ាស៊ីត​សាស្ត្រ​ និង​បាណក​សាស្ត្រ​នៃ​ក្រសួងសុខាភិបាល​ បាន​ចុះ​សកម្មភាព​ជា​ច្រើន​ដើម្បី​បាញ់ថ្នាំ​សម្លាប់​ពពួក​មុ​ស​ខ្លា​ និង​ដាក់​ថ្នាំ​អា​បែ​ត​ តាម​គោលដៅ​សំខាន់ៗ​ជា​ច្រើន​ នៅ​ក្នុង​បណ្ដា​ខេត្ដ​ដែល​លិច​ទឹក​។​ លោក​វេជ្ជបណ្ឌិត​ ហ៊ុយ​ រ៉េ​កុ​ល​ បញ្ជាក់​ថា​ នៅ​ឆ្នាំ​នេះ​ក្រសួងសុខាភិបាល​ បាន​ប្រើប្រាស់​ថ្នាំ​អា​បែ​ត​អស់​ចំនួន​ ៣០០​តោន​ សម្រាប់​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​ក្នុង​ការ​កម្ចាត់​កន្លែង​ពង​កូន​របស់​មូស​ខ្លា​។​

​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​បន្ដ​ទៀត​ថា​ ជា​ចេតនា​របស់​ក្រសួងសុខាភិបាល​ គឺ​មិន​ចង់​ប្រើប្រាស់​ថ្នាំ​សម្លាប់​ពពួក​មូស​នេះ​ទេ​ ដោយសារ​តែ​ការ​ប្រើ​ថ្នាំ​វា​ប៉ះពាល់​មិនមែន​តែ​ពពួក​មូស​ឡើយ​ គឺ​វា​ប៉ះពាល់​ទាំងអស់​មិន​ថា​ មនុស្ស​ ឬ​សត្វ​ឡើយ​។​

​ប្រជាពលរដ្ឋ​អាច​កត់សម្គាល់​រោគ​សញ្ញា​នៃ​ជំងឺគ្រុនឈាម​នេះ​បាន​ តាម​រយៈ​ការ​ឡើង​កម្ដៅ​ខ្លួន​ខ្លាំង​ចាប់ពី​ ៣៨.៥​អង្សា​សេ​ឡើង​ទៅ​ មុខ​អ្នកជំងឺ​ឡើង​ក្រហម​ ឈឺក្បាល​ ឈឺ​សាច់ដុំ​ ឈឺសន្លាក់​ដៃ​ សន្លាក់ជើង​ ឈឺ​ក្នុង​គ្រាប់ភ្នែក​ កុមារ​មាន​ស្ថានភាព​ងងុយគេង​សន្លឹម​ មាន​ស្នាម​កន្ទួល​ក្រហម​លើ​ស្បែក​ និង​ដងខ្លួន​ លើស​ពី​នេះ​បើ​ក្នុង​ករណី​ធ្ងន់ធ្ងរ​ កុមារ​ នឹង​មាន​ស្នាក់​ជាំ​ឈាម​ជា​បន្ទះៗ​ លើ​ដៃ​ ដងខ្លួន​ និង​ជើង​។​

​សញ្ញា​ទាំង​អស់នេះ​ លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា​ គឺជា​រោគ​សញ្ញា​ដ៏​គ្រោះថ្នាក់​បំផុត​ ដែល​អាណាព្យាបាល​ទាំងអស់​ត្រូវ​ប្រញាប់​រួសរាន់​នាំ​អ្នកជំងឺ​ទៅ​កាន់​មណ្ឌល​សុខភាព​ ឬ​មន្ទីរពេទ្យ​ជា​បន្ទាន់​។​ លោក​សង្កត់ធ្ងន់​ថា​ ត្រូវ​តែ​នាំ​ទៅ​ពេទ្យ​បង្អែក​ ឬ​ក៏​មណ្ឌល​សុខភាព​ ដែល​ជា​សេវា​សាធារណៈ​របស់​រដ្ឋ​ គឺ​មិន​ត្រូវ​ព្យាយាម​នាំ​ទៅ​ពេទ្យ​ឯ​ជន​ ឬ​ផ្សំ​ថ្នាំ​តាម​ការ​នឹកឃើញ​នោះ​ទេ​ ៖«​ក្នុង​ករណី​មាន​សមាជិកគ្រួសារ​ក្ដៅខ្លួន​មិន​ថា​ក្មេង​ឬ​មនុស្ស​ចាស់​ទេ​។​ ត្រូវ​តែ​សម្រេចចិត្ដ​ឲ្យ​រូស​រាន់​ទៅ​ពិគ្រោះ​ជាមួយ​គ្រួ​ពេទ្យ​រដ្ឋ​របស់​យើង​បាទ​ មណ្ឌល​សុខភាព​ ឬ​ក៏​មន្ទីរពេទ្យ​បង្អែក​ជាដើម​បាទ​។​ ខ្ញុំ​ក៏​សំណូមពរ​ដែរ​ថា​ សូមកុំ​ព្យាយាម​សាកល្បង​ទៅ​ពេទ្យ​ឯកជន​ខ្លាំង​ពេក​បាទ​។​ ពេទ្យ​ឯកជន​ខ្លះ​គាត់​អត់​មាន​ជំនាញ​គ្រប់​ទេ​ ជា​ពិសេស​ទាក់ទង​ជំងឺគ្រុនឈាម​នេះ​។​ បើ​គ្រូពេទ្យ​ឯកជន​ណា​គាត់​ធ្វើការ​នៅ​ខាង​ផ្នែក​កុមារ​គាត់​យល់​ដឹង​ច្រើន​អ​ញ្ចឹ​ង​ទៅ​ តែបើ​ពេទ្យ​ឯកជន​ខ្លះ​គាត់​ធ្វើការ​នៅ​ខាង​មនុស្ស​ចាស់​សុទ្ធ​ ឬ​ក៏​ផ្នែក​វះកាត់​អី​ គាត់​ម្ដេច​យល់​ដឹង​ពី​រឿង​គ្រុនឈាម​ អ​ញ្ចឹ​ង​អាច​យឺត​ពេល​ បើ​សម្រេចចិត្ដ​ខុស​»​។​

​លោក​វេជ្ជបណ្ឌិត​អំពាវនាវ​ដល់​ពលរដ្ឋ​ គួរតែ​អនុវត្ដ​ការ​រស់នៅ​ស្អាត​ដោយ​ខ្លួនឯង​ ដោយ​ធ្វើ​យ៉ាងណា​បំផ្លាញ​ជម្រក​មូស​ ឲ្យ​អស់ពី​ជុំវិញ​បរិវេណ​ផ្ទះ​ ដោយ​មិន​ត្រូវ​រង់​ចាំតែ​ខាង​ក្រសួង​ចុះ​ទៅ​ដាក់​ថ្នាំ​អា​បែ​ត​ ឬ​បាញ់ថ្នាំ​ស្លាប់​មូស​នោះ​ទេ​។​ លោក​ វេជ្ជបណ្ឌិត​ ហ៊ុយ​ រ៉េ​កុ​ល​ សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ ធ្វើ​យ៉ាងណា​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​និង​ជំងឺគ្រុនឈាម​ ដោយ​មិន​ត្រូវ​ឲ្យ​មាន​ទីជម្រក​សម្រាប់​ពួក​មូស​ខ្លា​ឡើង​។​

​មូស​ខ្លា​ គឺ​ពង​កូន​ក្នុង​ទឹក​រង​ថ្លា​ មិន​មាន​ក្លិនស្អុយ​ តែ​ប៉ុណ្ណោះ​ ដូច្នេះ​ដើម្បី​បំផ្លាញ​ទីជម្រក​របស់​ពពួកសត្វ​មូស​ខ្លា​ ប្រជាពលរដ្ឋ​គ្រប់​រូប​ត្រូវ​ពិនិត្យ​ឲ្យ​បានជា​ប្រចាំ​នូវ​ ថូផ្កា​ ចាន​តម្កល់​ជើង​ទូ​មានទឹក​ ក្រឡ​ សំបក​កំប៉ុង់​ សំបក​កង់​ឡាន​ កង់​ម៉ូតូ​ សំបក​ដូង​ និង​ជា​ពិសេស​ត្រូវ​លាង​សម្អាត​អាង​ ឬ​ពាងទឹក​ឲ្យ​បាន​រៀង​រាល់​ស​ប្ដា​ហ៍​ ឬ​មិន​ដូច្នេះ​ប្រជាពលរដ្ឋ​អាច​ចិញ្ចឹម​ត្រី​ ៧​ពណ៌​ ដើម្បី​ឲ្យ​ស៊ី​ដង្កូវទឹក​។​ លើស​ពី​នេះ​អាណាព្យាបាល​ត្រូវ​តែ​ស្លៀកពាក់​ខោអាវ​វែង​ ឲ្យ​កុមារ​តូចៗ​ និង​ដាក់​ឲ្យ​ដេក​ក្នុង​ម៉ុង​ជា​ប្រចាំ​ ដើម្បី​កុំ​ឲ្យ​មូស​ខ្លាខាំ​៕

ព័ត៌មានទាក់ទង

​ក្រសួងសុខាភិបាល​អំពាវនាវ​ឱ្យ​ចូលរួម​លុប​បំបាត់​ជម្រក​មូល​ខ្លា​ស្រប​ពេល​អ្នកជំងឺ​គ្រុនឈាម​កើនឡើង​

ក្រសួងសុខាភិបាល​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំង[...]

ក្រសួងអភិវឌ្ឍន៍ជនបទផ្តោតការលើកកម្ពស់អាហារូបត្ថម្ភលើកុមារក្រិសក្រិន និងស្គមស្គាំង

ភ្នំពេញ៖ នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី[...]

ក្រសួងសុខាភិបាល​ នឹង​ខិតខំ​បន្ដ​រក្សា​អត្រា​ការ​គ្មាន​ពលរដ្ឋ​ស្លាប់​ដោយសារ​ជំងឺគ្រុនចាញ់​

​ភ្នំពេញ​ ៖​ រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល​ បញ្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត