en     km
en     km

គ.ជ.ប គ្រោងប្រើត្រាបោះលើសន្លឹកឆ្នោតជំនួសការគូសសញ្ញាលើសន្លឹកឆ្នោត

Share

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានចាប់ផ្ដើមពិភាក្សាជាមួយអ្នកជំនាញដើម្បីអាចឱ្យប្រជាពលរដ្ឋដែលត្រៀមបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តឆ្នំា២០១៨ខាងមុខនេះ អាចប្រើប្រាស់ត្រាបោះលើសន្លឹកឆ្នោត ជំនួសការគូសសញ្ញានៅលើសន្លឹកឆ្នោតនៃបក្សដែលខ្លួនស្រលាញ់ ដើម្បីកាត់បន្ថយវិវាទដែលបានកើតទ្បើងនាពេលកន្លងមក។ នេះបើតាមប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការរៀបចំការបោះឆ្នោតជ្រើសតំាងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នំា២០១៨ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នំា២០១៧។

រូបភាព៖ លោក ជួន សារ៉េត

ខណៈការបោះឆ្នោតជ្រើសតំាងក្រុមប្រឹក្សាឃុំ សង្កាត់ បានបញ្ចប់នាពេលកន្លងមកគេសង្កេតឃើញ មានភាពមិនចុះសម្រុងមួយចំនួនបានកើតទ្បើងរវាងគណបក្សនយោ​បាយ និងគណបក្សនយោបាយ តាមរយៈការគូសសញ្ញាលើសន្លឹកឆ្នោតនៃគណបក្សដែលខ្លួនស្រលាញ់ មិនទាន់មានភាពឯកភាពគ្នា ។ មិនទាន់ឯកភាពគ្នាដោយបក្សខ្លះយល់ថាការគូសសញ្ញាលើបក្សរបស់ខ្លួនយកជាការបាន ឯបក្សផ្សេងទៀតថាការគូសសញ្ញានោះមិនអាចយកជាការបានជាដើម។ ការណ៍នេះគ.ជ.ប កំពុងតែរកវិធីសាស្រ្តថ្មីដោយឱ្យពលរដ្ឋប្រើប្រាស់ត្រាបោះលើសន្លឹកឆ្នោត ជំនួសការគូសសញ្ញាលើសន្លឹកបោះឆ្នោតវិញ។

ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប ) លោក ស៊ិក ប៊ុនហុក បានថ្លែងថា តាមបទពិសោធន៍បោះឆ្នោតនាពេលកន្លង គ.ជ.ប សង្កេតឃើញមានវិវាទមួយចំនួនបានកើតទ្បើងរវាងបក្សនយោបាយជុំវិញការរាប់សន្លឹកឆ្នោតបានការ និងមិនបានការ។ ដោយសារតែបញ្ហានេះ គ.ជ.ប កំពុងពិភាក្សាជាមួយដៃគូពាក់ព័ន្ធ អាចធ្វើឱ្យប្រជាពលរដ្ឋប្រើប្រាស់ត្រាបោះឆ្នោត ជំនួស ការគូសសញ្ញាលើសន្លឹកឆ្នោតវិញ។

លោក ស៊ិក ប៊ុនហុក «កុំឱ្យពិបាកទាមទារវាបានការ មិនបានការច្រើនពេកប្រហែលជាជ្រើសរើសការស្តែងចេញហ្នឹងឱ្យមានការស្តែងចេញផ្តល់សញ្ញាចេញពីម្ចាស់ឆ្នោតដែរដោយប្រើត្រាដូចនៅស្រុកគេបើថាខ្លួនជ្រើសរើសនៅគណបក្សណាហើយមានអាត្រាតូចមួយកូនប៉ុនប៊ិចដូចនៅកូរ៉េអីគេប្រើកូនត្រាមួយមិនពិបាក ធិច ឬមិនធិចអី អាត្រាហ្នឹងចេញមកបាត់ហើយ»។

ប្រធានគជបអះអាងថាការប្រើប្រាស់ត្រានេះនឹងអាចបន្ថយវិវាទក្នុងការរាប់សន្លឹកឆ្នោត «ត្រាហ្នឹងយើងប្រមើមើលនឹងសរសេរនៅលើនីតិវិធីហើយនឹងអាចមានមជ្ឈដ្ឋានអន្តរជាតិជួយនៅក្នុងរឿងបញ្ហាត្រាហ្នឹងដើម្បីបន្ថយឱ្យបានជាអតិប្បបរមានៃការស្តែងមតិអាហ្នឹងទៅបានការ ឬមិនបានការគឺ   ស្តែងនៅលើឆន្ទះគេចុចនៅលើប្រអប់ណា ត្រានៅកន្លែងណាគឺអាហ្នឹងហើយសន្លឹកឆ្នោតស្តែងនៅឆន្ទះរបស់អ្នកបោះឆ្នោតហើយ» ។

ឆ្លើយតបនឹងការលើកទ្បើងនេះ អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ​ ឥសាន្ត គំាទ្រ។ លោក សង្ឃឹមថា ជម្រើសរបស់គ.ជ.ប នេះ នឹងចូលរួមកាត់បន្ថយវិវាទការរាបស់ន្លឹកឆ្នោតជ្រើសរើសតំណាងរាស្រ្តនាឆ្នំា២០១៨ខាងមុខនេះ។

លោក សុខ​ ឥសាន្ត៖«បើសិនណាជាបានកូនត្រាតូចគ្រាន់តែថាឱ្យបោះយកគំាទ្រគណបក្សណា ហើយបោះគាំទ្រប្រលោះគណបក្សហ្នឹងទៅវាម្យ៉ាងដែរ វាងាយស្រួលដល់ប្រជាជនយើងផងកុំឱ្យវាមានទំនាស់អាហ្នឹងវាកាត់បន្ថយក្នុងការបកស្រាយរវាងគណបក្សនយោបាយ និងគណបក្សនយោបាយ»។

ចំណែកនាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតនៅកម្ពុជាលោក សំ គន្ធាមី ក៏គំាទ្រដែរ។ «ការប្រើត្រាជំនួសប្រើប៊ិចជាចំនុចល្អ ព្រោះការប្រើប៊ិចវាមានកំហុសច្រើន កាលណាគូសទៅវាហូសដល់គណបក្សផ្សេងសន្លឹកឆ្នោតហ្នឹងវាអត់បានការ ទន្ទឹមនឹងគ.ជ.ប ត្រូវចំណាយពេលវេលានៃការប្រើត្រាហ្នឹងផង»។

ផ្ទុយនឹងការលើកទ្បើងនេះតំណាងរាស្រ្តគណ​បក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា មិនគំាទ្រនោះ ទេ។

លោក លិម គិមយ៉ា៖«ការដែលវាយត្រា និងគូស មិនខុសគ្នានោះទេ ព្រោះថាបើប្រជាពលរដ្ឋវាយត្រាខុសកន្លែង៤ជ្រុងទ្រវែងហ្នឹងទៅចាត់ទុកមិនបានការ ជួនកាលមិនទាន់វាយវាឌិតទៅហើយវាខុសអីចឹងទៅទៀតបើសិនជាយើងឱ្យអ្នកបោះឆ្នោតមិនបាច់គូសអីទំាងអស់គ្រាន់តែបត់សន្លឹកឆ្នោតដាក់ស្រោមសំបុត្រទៅអត់មានបញ្ហាទេ ហើយសុពលភាពក៏មានច្រើន ហើយសន្លឹកឆ្នោតដែលខូចក៏មានតិចដែរ»។

គួរជម្រាបថាការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី ០៦ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៩ កក្កដា​ ឆ្នំា២០១៨៕

 

Share

Image
Image
Image