loader

គ្រោះ​អគ្គិភ័យ​ក្នុង​រាជធានី​ភ្នំពេញ​ឆ្នាំ​ ២០១៧​ ថយ​ចុះ​ជាង​ឆ្នាំ​២០១៦

​ភ្នំពេញ​៖​ គ្រោះ​អគ្គិភ័យ​ដែល​កើតឡើង​ក្នុង​រាជធានី​ភ្នំពេញ​ នា​ឆ្នាំ​២០១៧​នេះ​ គឺ​ថយ​ចុះ​ជាង​កាលពី​ឆ្នាំ​២០១៦​ ដែល​ភាគច្រើន​ នៃ​ដើមហេតុ​បង្ក​ឡើង​ពី​ការ​ឆ្លង​ចរន្ដអគ្គិសនី​។​ គ្រោះ​អគ្គិភ័យ​ឆ្នាំ​នេះ​ បាន​កើតឡើង​ចំនួន​ ៨៤​លើក​ បណ្ដាល​ឲ្យ​ស្ដ្រី​ម្នាក់​ និង​បុរស​ ៦​នាក់​ស្លាប់​បាត់បង​ជីវិត​ ខណៈ​អ្នក​រង​របួស​ចំនួន​ ១១​នាក់​ មាន​ស្ដ្រី​ ៤​នាក់​។

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖

 

​លោក​ ព្រហ្ម​ យ៉​ន​ នាយការិយាល័យ​ បង្ការ​ និង​ពន្លត់អគ្គីភ័យ​រាជធានី​ភ្នំពេញ​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ថា​ ករណី​គ្រោះ​អគ្គិភ័យ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ សម្រាប់​ឆ្នាំ​២០១៧​នេះ​ ត្រូវ​បាន​កត់សម្គាល់​ឃើញ​ថា​ បាន​ថយ​ចុះ​ជាង​កាលពី​ឆ្នាំ​២០១៦​ ក៏​ប៉ុន្ដែ​ចំនួន​អ្នក​ស្លាប់​ក្នុងឆ្នាំនេះ​ បាន​កើតឡើង​។​ កាលពី​ឆ្នាំ​២០១៦​ គ្រោះ​អគ្គិភ័យ​បាន​កើតឡើង​ចំនួន​ ៨៦​លើក​ បណ្ដាល​ឲ្យ​មនុស្ស​ ៤​ស្លាប់​ និង​មនុស្ស​ចំនួន​ ១៩​នាក់​រង​របួស​។​

​បន្ថែ​លើ​នេះ​ នាយការិយាល័យ​ បង្ការ​ និង​ពន្លត់អគ្គីភ័យ​រាជធានី​ភ្នំពេញ​ បន្ដ​ថា​ គ្រោះ​អគ្គិភ័យ​នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ​ ភាគច្រើន​គឺ​បណ្ដាល​មក​ពី​ការ​ឆ្លង​ចរន្ដអគ្គិសនី​។​ តែ​លោក​អះអាង​ថា​ ពលរដ្ឋ​មានការ​យល់​ដឹង​ និង​ប្រុង​ប្រយ័ត្ន​ច្រើន​ជុំវិញ​ការ​បង្ការ​ គ្រោះ​អគ្គិភ័យ​ ទើប​ចំនួន​ នៃ​គ្រោះ​អគ្គិភ័យ​ក្នុង​ឆ្នាំ​២០១៧​នេះ​ ថយ​ចុះ​ជាង​កាលពី​ឆ្នាំ​២០១៦​។​

​លោក​ ព្រហ្ម​ យ៉​ន​ ៖«​ការ​ថយ​ចុះ​មក​ពី​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ច្រើន​ អ​ញ្ចឹ​ង​វា​ធ្វើ​ឲ្យ​គ្រោះ​អគ្គិភ័យ​វា​កាត់​បន្ថយ​ច្រើន​។​ អ​ញ្ចឹ​ង​ក្នុង​មួយ​ឆ្នាំៗ​ យើង​ជឿជាក់​ថា​ អាច​ថយ​ ដោយ​ពួក​យើង​តែងតែ​ចុះ​ផ្សព្វផ្សាយ​តាម​លំនៅ​ឋាន​របស់​ពួក​គាត់​ ឲ្យ​គាត់​មានការ​យកចិត្ដទុកដាក់​ ក្នុង​ការ​ប្រើប្រាស់​សារធាតុ​មួយ​ចំនួន​ ដែល​អាច​ងាយ​រង​គ្រោះ​ដោយសារ​អគ្គិភ័យ​ ក៏​ដូច​ជា​ការ​ប្រើប្រាស់​ថាមពល​ចរន្ដអគ្គិសនី​ផង​ដែរ​»​។​

​គ្រោះ​អគ្គិភ័យ​បាន​កើតឡើង​ទៅ​លើ​ខណ្ឌ​មួយ​ចំនួន​ មាន​ដូច​ជា​ ខណ្ឌ​ពោធិ​សែន​ជ័យ​ ខណ្ឌ​សែន​សុខ​ ខណ្ឌដូនពេញ​ ខណ្ឌចំការមន​ ខណ្ឌដង្កោ​ ខណ្ឌមានជ័យ​ ខណ្ឌ​ទូល​គោក​ ខណ្ឌ​ឬ​ស្សី​កែវ​ ខណ្ឌ​ច្បារ​អំពៅ​ និង​ខណ្ឌ​ ៧​មក​រា​។​ ទន្ទឹម​នឹង​នេះ​លោក​ ព្រហ្ម​ យ៉​ន​ សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ទៅ​លើ​ការ​ប្រើប្រាស់​ភ្លើងទៀន​ ភ្លើងចង្ក្រាន​ ក៏​ដូច​ជា​ ការ​ប្រើប្រាស់​ចរន្ដអគ្គិសនី​ និង​សារធាតុ​ឆេះ​មួយ​ចំនួន​។​

​លោក​ ព្រហ្ម​ យ៉​ន​ ៖«​ទាក់ទិន​រឿង​ហ្នឹង​ គឺ​ឲ្យ​គាត់​ជួយ​ខ្លួនឯង​ បាន​ន័យ​ថា​ គាត់​ត្រូវ​មាន​ឧបករណ៍​ពន្លត់​អគ្គិភ័យ​នៅ​តាម​លំនៅ​ឋាន​របស់​ពួក​គាត់​ មាន​រៀងៗ​ខ្លួន​ នៅ​ពេល​មាន​ករណី​អគ្គិភ័យ​តូចតាច​កើតឡើង​យើង​អាច​យក​ទៅ​ប្រើប្រាស់​ជួយ​ពួក​គាត់​បាន​»​។​

​គួរ​ជម្រាប​ថា​ គ្រោះ​អគ្គិភ័យ​នៅ​ទូ​ទាំង​ប្រទេស​ក្នុង​ឆ្នាំ​២០១៧​នេះ​ បាន​កើតឡើង​ចំនួន​ ៥១៤​លើក​ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ២២​នាក់​ និង​រង​របួស​ចំនួន​ ១២​នាក់​។​ យោង​តាម​តួលេខ​នៃ​គ្រោះ​អគ្គិភ័យ​ក្នុង​ឆ្នាំ​២០១៧​នេះ​ ឃើញ​ថា​ មានការ​ថយ​ចុះ​ចំនួន​ ៩៨​ករណី​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៦៕

ព័ត៌មានទាក់ទង

សមាគមកម្ពុជាការពារអ្នកកាសែត៖ សេរីភាពសារព័ត៌មានកម្ពុជាមានភាពល្អប្រសើរ

សមាគមកម្ពុជាការពារអ្នកកាសែត អះអាងថា សេរីភាពសា[...]

លោក ជា សុផារ៉ា ប្តេជ្ញាចិត្តដោះស្រាយវិវាទដីធ្លីលើដំណាំអំពៅឱ្យបានចប់ជាស្ថាពរ

រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង[...]

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកជាផ្លូវការនៅឆ្នំា២០១៩

សភាជាតិនៃប្រទេសកម្ពុជា បានទទួលធ្វើជាប្រធានវេទ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត