loader

គោល​ សិលា​ ងើប​ចេញ​ពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ បង្ហាញ​ភាព​ក្លាហ៊ាន​ធ្វើ​ការ​ងារ​ជួយ​សង្គម​

ភ្នំពេញ​៖​ មានកំណើត​ក្នុង​គ្រួសារ​មាន​ជីវភាព​ក្រីក្រ​ ធ្លាប់​ជួប​អំពើ​ហឹ​ង្សា​បង្ក​ដោយ​ឳ​ពុក​ទៅ​លើ​ម្តាយ​ បាន​ធ្វើ​ឲ្យ​យុវតី​ម្នាក់​ឈ្មោះ​ គោល​ សិលា​ រស់នៅ​ខ្វះ​ភាព​កក់ក្តៅ​។​ សិលា​ នាង​បាន​ក្លាយជា​កូនកំព្រា​ឪពុក​ រស់នៅ​ជា​ម្តាយ​និង​​បងប្អូន​ស្រី​បួន​នាក់​ទៀត​ដោយ​ប្រកប​របរ​លក់​នំនែក​បន្តិចបន្តួច​ដើម្បី​ចិញ្ចឹមជីវិត​។​ ទីបំផុត សិលា បានជម្នះឧបសគ្គ​គ្រប់​យ៉ា​ង​ ភាពក្រីក្រ និងអំ​ពើ​ហិង្សា​ក្នុង​គ្រួសារ បង្ហាញ​ភាព​ក្លាហ៊ាន​ធ្វើកា​រងារ​ជួយស​ង្គម ព្រមទាំងក្លាយជាមនុស្ស​ម្នាក់​មាន​គោ​លជំ​ហរជីវិតរឹងមាំ។

​សមាជិកគ្រួសារ​សុទ្ធ​សឹង​ជា​ស្ត្រី​ព្រមទាំង​មាន​ជីវភាព​ក្រីក្រ​ សិលា​និង​ក្រុម​គ្រួសារ​តែង​ទទួល​ពាក្យ​បង្អាប់​បន្តុះ​មើលងាយ​ពី​អ្នក​ជិត​ខាង​​ជា​និច្ច​។​ ការ​មិន​ផ្តល់​ត​តម្លៃ​ឱ្យ​នេះ​ បាន​កែប្រែ​ចិត្ត​របស់​នាង​ឱ្យ​ជម្នះ​ឧបសគ្គ​គ្រប់យ៉ាង​ រហូត​ដល់​រៀន​ចប់​ថ្នាក់​បរិញ្ញា​ប​ត្រ​​ផ្នែក​ចិត្ត​វិទ្យា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។​

«​ស្ត្រី​គ្រប់​រូប​ត្រូវ​ចៀស​ឱ្យ​ឆ្ងាយ​ពី​ពាក្យ​ថា​ ស្ត្រី​បង្វិល​ចង្ក្រាន​មិន​ជុំ​ ត្រូវ​តាំងចិត្ត​ខ្លួនឯង​ថា​ស្ត្រី​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ មិន​ដូច​ស្ត្រី​សម័យ​ចិតសិប​ប្រាំបួន​ទេ​ ត្រូវ​ក្រោកឈរ​ឡើង​ចៀង​ឱ្យ​ផុត​ពី​ការ​រំលោភ​បំពាន​ផ្សេងៗ​ពី​បុរស​…​ មាន​តែ​ស្ត្រី​ខ្លួនឯង​ប៉ុណ្ណោះ​ដែ​ល​អាច​ជួយ​ខ្លួនឯង​បាន​»​។​ នេះ​ជា​គោល​ជំហរ​របស់​យុវតី​ គោល​ សិលា​ ដែល​តែង​ទន្ទេញ​ជាប់​ក្នុង​ចិត្តជា​និច្ច​នៅ​ពេល​គិត​ដល់​​​អតី​ត​កាល​​របស់​ខ្លួន​។​

​សិលា​ និយាយ​ថា​ អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ​បង្ក​ឡើង​ដោយ​ឪពុក​និង​ភាព​ក្រីក្រ​ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ផ្លូវចិត្ត​របស់​នាង​យ៉ាង​ខ្លាំង​ ជា​អន្ទាក់​ធ្វើ​ឱ្យ​បងប្អូន​ស្រីៗ​ទាំង​ប្រាំ​របស់​នាង​ពុំ​មានឱកាស​សិក្សា​ពេញលេញ​ដូច​គេ​ ហើយ​បន្ទុកគ្រួសារ​ត្រូវ​ធ្លាក់​អៅ​លើ​ម្តាយ​ជា​ទម្ងន់​។​

ket seila-cover

យុវតី​មានស្រុក​កំណើត​នៅ​ខេត្តកំពត​រូប​នេះ​ បាន​រៀបរាប់​ពី​រឿងរ៉ាវ​របស់​ខ្លួន​បន្ត​ទៀត​ថា​ រដូវវស្សា​ម្តាយ​និង​បងប្អូន​ស្រី​ទាំង​អស់​​គ្នា​ តែង​ដើរ​ស៊ីឈ្នួល​ដក​ស្ទួ​ង​ឱ្យ​គេ​ជា​រៀងរាល់ថ្ងៃ​។​ ទោះ​ជីវភាព​គ្រួសារ​ក្រីក្រ​ ខ្វះខាត​គ្រប់យ៉ាង​ក៏​ពិតមែន​ ប៉ុន្តែ​ឆន្ទៈ​ចង់​រៀន​បាន​ខ្ពង់ខ្ពស់​ដូច​គេ​មិន​បានឱ្យ​សិលា​នៅ​ស្ងៀម​ ផ្តេកផ្តួល​លើ​ហេតុផល​នេះ​ឡើយ​។​

គ្រប់យ៉ាង​ត្រូវ​បាន​ផ្លាស់​ប្តូរ​ ស្រប​ពេល​ក្មេង​ស្រី​កម្សត់​ម្នាក់​នេះ​បាន​បន្ត​ការ​សិក្សា​នៅ​ថ្នាក​ មហាវិទ្យាល័យ​។​ សិលា​ បាន​ក្លាយ​ជា​​យុវតី​ម្នាក់​ក្នុង​ចំណោម​យុវជន​ច្រើន​នាក់​បាន​ចូលរួម​ធ្វើ​ ការងារ​ស្ម័គ្រចិត្ត​ជួយ​សង្គម​ជា​ច្រើន​ តាម​រយៈ​អង្គការ​យុវជន​មួយ​ចំនួន​។​

ការងារ​ស្ម័គ្រចិត្ត​ទាំងនោះ​មាន​ដូច​ជា​ជួយ​បង្រៀន​ពី​ច្បាប់​ សិទ្ធិ​និង​តួនាទី​ជា​ពលរដ្ឋ​ សម្របសម្រួល​កម្មវិធី​ប្រឹក្សា​យោ​ប​ល់​​ទៅ​ដល់​យុវជន​និង​ប្រជាពលរដ្ឋ​រស់នៅ​ តាម​បណ្តា​ខេត្ត​នា​ន​ ព្រមទាំង​នៅ​តាម​សហគមន៍​រង​គ្រោះ​ដោយសារ​បញ្ហា​ដីធ្លី​នៅ​កម្ពុ​ជា​មួយ​ចំនួន ​។​

​គំនិត​ចង់​ជួយ​សង្គម​កើត​មាន​ចំពោះ​ សិលា​ ខណៈ​នាង​មក​បន្ត​ការ​សិក្សា​នៅ​ក្រុងភ្នំពេញ​នៅ​ឆ្នាំ​ ២០១១​ ។​ «​ខ្ញុំ​មើលឃើញ​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​មក​ពី​តាម​បណ្តា​ខេត្ត​ នានា​។​ ពួក​គាត់​កំពុង​រង​ការ​រំលោភ​បំពាន​សិទ្ធិ​ សេរីភាព​ជា​រៀងរាល់ថ្ងៃ​ ហើយ​កំពុង​តែ​ទទួល​រង​អំពើ​អយុត្តិធម៌​ពី​អ្នកមាន​អំណាច​-​បុណ្យស័ក្តិ​ ខ្ពស់​ កំពុងដ​ង្ហើ​យ​ហៅ​ត្រូវការ​អ្នក​ជួយ​។​ មិនតែប៉ុណ្ណោះ​រឿង​នេះ​រដ្ឋាភិបាល​មិន​បាន​គិត​គួរ​ដោះស្រាយ​ឱ្យ​ពលរដ្ឋ​រង​ គ្រោះ​ទាំងនោះ​ឡើយ​ ឃើញ​បែប​នេះ​ទើប​ជំរុញ​ចិត្ត​ខ្ញុំ​ឱ្យ​ចាប់ផ្តើម​គិត​បញ្ហា​សង្គម​»​។​

ចាប់ផ្តើម​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​នៅ​ក្នុង​សង្គម​ មិនមែន​ជា​រឿង​ងាយស្រួល​ឡើយ​ចំពោះ​ស្ត្រី​។​ យុវតី​មាន​វ័យ​ ២២​ ឆ្នាំ​រូប​នេះ​ បានឱ្យ​ដឹង​បន្ថែម​ទៀត​ថា​៖​ «​ពេល​ខ្លះ​ខ្ញុំ​ត្រូវ​ទៅ​រៀន​ផង​ធ្វើ​ការងារ​ផ្សេងៗ​ក្នុង​សង្គម​ផង​ ហើយ​ម្តាយ​តែង​ជំទាស់​នឹង​កិច្ចការ​ដែល​នាង​ធ្វើ​ជា​និច្ច​ ព្រោះ​គាត់​មិន​ចង់ឱ្យ​ខ្ញុំ​ធ្វើ​កិច្ចការ​សង្គម​ទេ​…​និយាយ​ទៅ​គាត់​ ខ្លាច​មាន​គ្រោះថ្នាក់​ព្រោះ​ខ្លួន​ជា​មន​ស្ស​ស្រី​ តែ​ក្រោម​មក​​គាត់​ឃាត់​មិន​ស្តាប់​គាត់​ក៏​ឈប់​ហាមឃាត់​»​។​

​ជុំវិញ​រឿងរ៉ាវ​ខាងលើ​នេះ​អ្នកស្រី​ ស៊ុន​ សុខ​ហ៊ុយ​ អាយុ​ ៥២​ ឆ្នាំ​ ជា​ម្តាយ​របស់​សិលា​មាន​ប្រសាសន៍​ថា​៖​ «​ខ្ញុំ​មិន​ចង់ឱ្យ​កូនស្រី​ធ្វើ​ការងារ​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​សង្គម​ឡើយ​ …​ ដូច​ជា​ការ​ចូលរួម​ចេញ​តវ៉ា​បាតុកម្ម​ ព្រោះ​ចេះ​តែ​ខ្លាច​មាន​គ្រោះថ្នាក់​ផ្សេងៗ​កើត​ឡើង​​។​ ប៉ុន្តែ​នៅ​ពេល​ដែល​កូន​វា​ពន្យល់​ហេតុផល​ផ្សេងៗ​ខ្ញុំ​ក៏​មិន​អាច​ហាមឃាត់​ មាន​តែ​ឱ្យ​គេ​ធ្វើ​ទៅ​»​។​

​និយាយ​បណ្តើរ​ញញឹម​បណ្តើរ​ ភ្លាម​នោះ​សិលា​ព្រលយ​សម្ដី​ថា​៖​ «​ការងារ​សង្គម​បាន​ផ្តល់​ផល​តបស្នង​មក​ខ្ញុំ​វិញ​ជា​ច្រើន​ ដូច​ជា​​បា​ន​​ផ្តល់​ចំណេះដឹង​បន្ថែម​លើ​ជំនាញ​ដែល​សិក្សា​នៅ​មហាវិទ្យាល័យ​ ធ្វើ​ឱ្យ​ការ​គិត​របស់ខ្ញុំ​រឹង​មាំ​ ខ្ញុំ​ក្លាយ​ខ្លួន​ជា​ពលរដ្ឋ​ស​ក​ម្ម​ម្នាក់​យល់​ដឹង​ពី​រឿងរ៉ាវ​គ្រប់យ៉ាង​នៅ ​ក្នុង​សង្គម​»​។​

សិលា​ យល់​ថា​ សកម្មភាព​ការងារ​របស់​យុវជន​នៅ​ក្នុង​សង្គម​ បាន​ធ្វើ​ឱ្យ​រាជរដ្ឋាភិបាល​ចាប់ផ្តើម​ជុំរុញ​មន្ត្រី​របស់​ខ្លួន​ឱ្យ​ មក​និយាយ​ជាមួយ​យុវជន​ក្នុង​វេទិការ​សាធារណៈ​ផ្សេងៗ​ ដើម្បី​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ដែល​កំពុង​កើតឡើង​។​

យុវតី គោល សិលា ចូលរួមក្នុងវេទិការយុវជនបង្ហាញពីការព្រួយបារម្ភចំពោះសេចក្តីព្រាងច្បាប់ស្តីពី «ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍»
យុវតី គោល សិលា ចូល​រួម​សម្រប​សម្រួល​កម្ម​វិធី​ «លើក​ទឹក​ចិត្ត​មនុស្ស​វ័យ​ចំណាស់​ឆ្លង​កាត់​របប​ខ្មែរ​ក្រហម​» នៅ​​ខេត្ត​តាកែវ​

ក្នុង​នាម​ជា​ មន្ត្រី​សម្របសម្រួល​គម្រោង​ផ្នែក​តស៊ូ​មតិ​នៃ​បណ្តាញ​យុវជន​កម្ពុជា​ បច្ចុប្បន្ន​សិលា​កំពុង​ចូលរួម​សកម្មភាព​រៀបចំ​វេទិការ​សម្តែង​មតិយោបល់​ជា​ សាធារណៈ​ទៅ​កាន់​រដ្ឋាភិបាល​ ទាក់ទង​នឹង​សេចក្តីព្រាងច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិនមែន​ រដ្ឋាភិបាល​ ដែល​សង្គម​ស៊ី​វិល​ទាំងអស់​នៅ​ក្នុងស្រុក​ពុំ​គាំទ្រ​ឱ្យ​ច្បាប់​នេះ​។​

កន្លង​ទៅ​កញ្ញា​ គោល​ សិលា​ បាន​រៀបចំ​វេទិការ​យុវជន​ជា​ច្រើន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​របស់​យុវជន​ ចំពោះ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ ព័ត៌មាន​និង​គមនាគមន៍​។​ ការ​រៀបចំ​កម្មវិធី​យុវជន​នេះ​ ជា​គំនិត​មួយ​ដែល​រូបគេ​ធ្លាប់​ទទួ​ល​​បាន​បទ​ពិសោធន៍​ពី​ការ​សិក្សា​រយៈពេល​ ខ្លី​នៅ​ប្រទេស​អូស្ត្រាលី​ ដោយ​បង្កើត​ខិតប័ណ្ណ​ជាញ​តិ​ចែក​ជា​សាធារណៈ​ដល់​យុវ​ជន​សរសេរ​មតិយោបល់​ ផ្សេងៗ​ជុំវិញ​សេចក្តីព្រាងច្បាប់​នេះ​ដើម្បី​ដាក់​ជូន​រដ្ឋាភិបាល​៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

Bolivia៖អាមេរិកស្វាគមន៍ស្រ្ដីជើងខ្លាំងមកពីបក្សប្រឆាំងប្រកាសខ្លួនឯងជាប្រធានាធិបតីក្រោយរដ្ឋប្រហារ

ទីបំផុតភាពចម្រូងចម្រាស់ក្នុងការជ្រើសរើសប្រធាន[...]

លទ្ធផលបាក់ឌុបឆ្នាំនេះ៖ សិស្សស្រីប្រឡងជាប់ជាង ៧០% ច្រើនជាងបុរស

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងអប់រំ ប្រាប់វិទ្[...]

បទសម្ភាស៖ស្រ្តីអ្នកនិពន្ធខ្មែរមួយរូបទទួលពានរង្វាន់​អក្សរសិល្ប៍​នៅមីយ៉ាន់ម៉ា

លោកស្រីបណ្ឌិត ប៉ែន សេដ្ឋារិន ​បានទទួលជ័យលាភី​[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត