loader

គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ​ រំពឹង​ថា​ បុណ្យអុំទូក​ឆ្នាំ​នេះ​នឹង​មាន​ទូក​ចូលរួម​ប្រកួត​កើនឡើង​ជាង​ឆ្នាំ​មុន​

​ភ្នំពេញ​ ៖​ មន្ដ្រី​ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ​ និង​អន្ដរជាតិ​ រំពឹង​ថា​ នឹង​មាន​ទូក​ចូលរួម​អុំ​ប្រណាំង​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​នេះ​ មាន​ចំនួន​កើនឡើង​ជាង​ឆ្នាំ​មុនៗ​។​ ការ​អះអាង​បែប​នេះ​ គឺ​យោង​ទៅ​តាម​ចំនួន​ទូក​ដែល​ចូលរួម​បាន​កើន​ឡើងជា​លំដាប់​ក្នុង​អំឡុង​ពីរ​ឆ្នាំង​ចុង​ក្រោយ​នេះ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ នៅ​ឆ្នាំ​២០១៨​នេះ​ នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​២១​ ដល់​ ២៣​ ខែវិច្ឆិកា​ នេះ​បើ​យោង​តាម​ការ​ជូនដំណឹង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ​ និង​អន្ដរជាតិ​ ដែល​បាន​ផ្សព្វផ្សាយ​។​ រយៈពេល​បី​ថ្ងៃ​ នៃ​ពិធី​នេះ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ​ បាន​បង្ហាញ​ការ​រំពឹង​ថា​ ចំនួន​ទូក​ចូលរួម​ប្រកួត​អាច​នឹង​កើនឡើង​ជាង​ឆ្នាំ​មុនៗ​។​ នេះ​បើ់​លោក​ ប៊ូ​ ជុំ​សេរី​ អនុប្រធាន​អចិន្ត្រៃយ៍​ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ពិធីបុណ្យ​ជាតិ​និង​អន្ដរជាតិ​ ដែល​បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ នៅ​ថ្ងៃ​ទី​០៥​ ខែវិច្ឆិកា​នេះ​។​

​លោក​ប៉ូ​ ជុំ​ សេរី​ បាន​ប្រាប់​ទៀត​ថា​ កាលពី​ឆ្នាំ​២០១៦​ មាន​ទូក​ចូលរួម​ប្រកួត​ចំនួន​ ជាង​ ២៥០​គ្រឿង​ ហើយ​ចំណែក​ឆ្នាំ​២០១៧​ មាន​ទូក​ចូលរួម​ប្រកួត​កើន​ដល់​ជាង​ ២៧០​គ្រឿង​។​ តាម​ចំនួន​នៃ​កំណើន​ទូក​ពីរ​ឆ្នាំ​ជាប់ៗ​គ្នា​មកនេះ​ លោក​រំពឹង​ថា​ ឆ្នាំ​២០១៨​នេះ​ ទូក​ក៏​នឹង​មាន​ចំនួន​កើនឡើង​ទៀត​ ៖«​ជា​រៀង​រាល់​ឆ្នាំ​យើង​ឃើញ​កើន​កាលពី​ឆ្នាំ​២០១៦​ យើង​ឃើញ​មាន​តែ​ ២៥៣-២៥៤​ទូក​ទេ​ ដល់​ឆ្នាំ​២០១៧​ យើង​បាន​ទៅ​ដល់​ ២៧០-២៧១​ទូក​ឯណោះ​។​ អ​ញ្ចឹ​ង​ហើយ​យើង​សង្ឃឹមថា​ ឆ្នាំ​នេះ​មានការ​កើនឡើង​ពីព្រោះ​ទី​១​ លក្ខណៈ​ធម្មជាតិ​ទឹក​អី​បបូរ​ ស្រួល​ទម្លាក់​ទូក​ចុះ​មក​ តែបើ​ទឹក​តិច​លំបាក​វិញ​។​ ប៉ុន្ដែ​នេះ​ទឹកធំ​ គឺថា​ទឹក​ដល់​កន្លែង​ទីតាំង​ទូក​ស្រួល​»​។​

​គិត​មក​ដល់​ថ្ងៃនេះ​ មាន​ទូក​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​មក​ពី​តាម​បណ្ដា​ខេត្ដ​មួយ​ចំនួន​ជា​បណ្ដើរៗ​ហើយ​ ក៏​ប៉ុន្ដែ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ពិធីបុណ្យ​ជាតិ​ និង​អន្ដរជាតិ​ ពុំ​ទាន់​បូក​សរុប​ចំនួន​ទូក​នៅឡើយ​ទេ​ ដោយ​ត្រូវ​រង់ចាំ​ដល់​ថ្ងៃ​បិទ​បញ្ចប់​ការ​ចុះ​ឈ្មោះ​សិន​។​ ការ​ទទួល​ចុះ​ឈ្មោះ​ទូក​ ដើម្បី​ចូលរួម​ប្រកួត​ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នៅ​ឆ្នាំ​២០១៨​នេះ​ នឹង​ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​១០​ ខែវិច្ឆិកា​។​

​អនុប្រធាន​អចិន្ត្រៃយ៍​ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ពិធីបុណ្យ​ជាតិ​ និង​អន្ដរជាតិ​ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​ពិធី​នេះ​ឲ្យ​បាន​ច្រើន​ ដើម្បី​ចូលរួម​អបអរ​ពិធីបុណ្យ​ប្រពៃណី​ជាតិ​។​ ជាង​នេះ​លោក​ក៏​ស្នើ​ផង​ដែរ​ ដល់​អ្នកចូលរួម​ ត្រូវធ្វើ​យ៉ាងណា​រក្សា​សណ្ដាប់ធ្នាប់​ និង​អនាម័យ​ឲ្យ​បាន​ល្អ​។​

​កាលពី​ថ្ងៃ​ទី​៣១​ ខែតុលា​ ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​ កម្មការិនី​ រោងចក្រ​ សម្ដេច​ ហ៊ុន​ សែន​ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​ មាន​ប្រសាសន៍​ថា​ នៅ​ថ្ងៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ បណ្ដែតប្រទីប​ និង​សំពះ​ព្រះ​ខែ​ អកអំបុក​ កម្ពស់​ទឹក​អាច​មាន​ ប្រហែល​ ៥,២០​ម៉ែត្រ​ ឬ​ ៥,៣០​ម៉ែត្រ​ ដែល​អាច​ប្រារព្ធ​ពិធី​បាន​ លើកលែងតែ​ទឹក​ចុះ​ទាប​ជាង​នេះ​ ៖«​តាម​ការ​ព្យាករណ៍​ទឹក​នៅ​ថ្ងៃ​បុណ្យអុំទូក​ អាច​នៅ​ត្រឹមតែ​ ៥​ម៉ែត្រ​ ២០​ ទៅ​ ៥​ម៉ែត្រ​ ៣០​ តែ​ប៉ុណ្ណោះ​ គឺ​ទឹក​ទាប​។​ ប៉ុន្ដែ​វា​ប្រហាក់ ប្រហែល​ទៅ​និង​ឆ្នាំ​១៩៩៣​ ដែល​យើង​អាច​អុំ​បាន​។​ តែបើ​ធ្លាក់​លើស​ពី​ហ្នឹង​មក​នៅ​ត្រឹមតែ​ ៤​ម៉ែត្រ​ កន្លះ​អី​ អាហ្នឹង​អុំ​លែង​កើត​ហើយ​ អុំ​ចេះ​តែ​បាន​ ក៏​ប៉ុន្ដែ​វា​ដាច់ខ្យល់​អ្នក​អុំ​ វា​មក​មិន​ដល់ទី​ វា​ឆ្ងាយ​»​។​

​កាលពី​ឆ្នាំ​២០១៧​ ទូក​ចូលរួម​ប្រកួត​ជាង​ ២៧០​ទូក​ ហើយ​មាន​ទូក​នារី​ ចំនួន​ ០៦​ទូក​ គឺ​ដូច​គ្នា​ទៅ​នឹង​ឆ្នាំ​២០១៦​ដែរ​។​

​នៅ​ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ បណ្ដែតប្រទីប​ និង​សំពះ​ព្រះ​ខែ​ អកអំបុក​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ជូនដំណឹង​កាលពី​ថ្ងៃ​ទី​១៣​ ខែកញ្ញា​ ដោយ​ប្រាប់​ឲ្យ​ រដ្ឋបាល​គ្រប់​ខណ្ឌ​ មន្ទីរ​-​អង្គភាព​ជំនាញ​ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ត្រូវ​រៀបចំ​តុ​ប​តែ​លម្អ​ទង់ជាតិ​ ទង់សាសនា​ ទង់​ក្អែប​ បដា​ពាក្យស្លោក​ និង​បំភ្លឺ​ភ្លើងពណ៌​ តាម​មន្ទីរ​-​អង្គភាព​ សាលារៀន​ រោងចក្រ​ សហគ្រាស​ និង​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ ដើម្បី​អបអរសាទរ​ ក្នុង​ឱកាស​នេះ​។​ លើស​ពី​នេះ​រដ្ឋបាល​រាជធានី​ ណែនាំ​ឲ្យ​មន្ទីរ​ប្ប​ធម៌​ និង​វិចិត្រសិល្បៈ​រាជធានី​ភ្នំពេញ​ ត្រូវ​ចាត់តាំង​កម្មវិធី​សិល្បៈ​សម្ដែង​ជូន​ពលរដ្ឋ​ទស្សនា​នៅ​មុខ​វត្ដ​បទុម​វ​តី​ រមណីយដ្ឋាន​វត្ដ​ភ្នំ​ សួនច្បារ​សម្ដេច​ ហ៊ុន​ សែន​ ត្រើយម្ខាង​ជ្រោយចង្វារ​ ត្រង់​រូបសំណាក​ព្រះ​នាង​ប្រាជ្ញា​បារមី​ និង​មជ្ឈមណ្ឌល​សន្និបាត​ និង​ពិ​ព័ណ៌​កោះ​ពេជ្រ​។​

​ដោយឡែក​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ និង​រដ្ឋបាល​ខណ្ឌ​ទាំង​ ១២​ ត្រូវ​រៀបចំ​ផែនការ​ការពារ​ជាក់ស្ដែង​ សម្រាប់​បង្កើន​កិច្ច​ការពារ​សុវត្ថិភាព​ សន្ដិសុខ​ សណ្ដាប់ធ្នាប់​សាធារណៈ​ របៀបរៀបរយ​ និង​ចរាចរណ៍​ មុន​ក្នុង​ និង​ក្រោយ​ប្រារព្ធ​ព្រះរាជ​ពិធី​។​

​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ គឺជា​ពិធីបុណ្យ​ ប្រពៃណី​ទំនៀមទម្លាប់​របស់​ខ្មែរ​ តាំងពី​សម័យ​មុន​អង្គរ​ និង​ក្រោយ​អង្គរ​មក​ម្លេះ​។​ កម្ពុជា​តែងតែ​ប្រារព្ធ​ព្រះរាជ​ពិធី​នេះ​មិន​ដែល​អាក់ខាន​ឡើយ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​។​ ការ​ធ្វើ​ពិធីបុណ្យ​អុំទូក​នេះ​គឺ​ធ្វើ​ឡើង​ដើម្បី​ប្រកាស​រក​កងពល​ និង​កងទ័ពជើងទឹក​ដែល​មាន​សមត្ថភាព​ និង​មួយវិញទៀត​ ដើម្បី​រំ​ឮ​ក​ដល់​ជ័យជម្នះ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​០៧​ និង​ស្ដេច​អង្គ​មុនៗ​ ដែល​មាន​កងទ័ពជើងទឹក​ខ្លាំងពូកែ​។​

​កម្ពុជា​ ធ្លាប់​បាន​ផ្អាក​ការ​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ​ អស់​រយៈពេល​ ៣​ឆ្នាំ​ជាប់ៗ​គ្នា​ កាលពី​ឆ្នាំ​២០១១​ ដល់​ឆ្នាំ​២០១៣​។​ កាលពី​ឆ្នាំ​ ២០១១​ កម្ពុជា​បាន​ផ្អាក​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ ដោយសារ​តែ​ទឹកធំ​ ជន់​លិច​ស្ទើរ​គ្រប់​បណ្តា​ខេត្ត​ ចំណែក​ឆ្នាំ​២០១២​ គឺជា​ការ​យាង​សោយ​ទិវង្គត​ របស់​ព្រះ​បរម​តន​កោដ្ឋ​ សម្ដេច​ សីហ​នុ​ ព្រះ​មហា​វីរក្សត្រ​។​ ដោយឡែក​ក្នុង​ឆ្នាំ​២០១៣​ ការ​ផ្អាក​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ គឺ​ព្រោះតែ​ស្ថានភាព​នយោបាយ​ នៅ​មាន​ភាព​វឹកវរ​ ក្រោយ​ការ​បោះ​ឆ្នោត​៕​

ព័ត៌មានទាក់ទង

ប្រតិភូសភាបារាំងមកទស្សនៈកិច្ចកម្ពុជាដើម្បីពង្រឹងទំនាក់ទំនងស្ថាប័ននីតិប្បញ្ញតិប្រទេសទាំងពីរ

ភ្នំពេញ៖ ប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសាធារណៈរដ្ឋ[...]

សម្ដេច ស ខេង ចង់ឃើញកម្ពុជា និងវៀតណាមបន្តពង្រឹងកិច្ចសហប្រតិបត្តិការព្រំដែនជាមួយគា្ន

ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជា[...]

រកឃើញជ័យលាភីរត់ប្រណាំងកម្សាន្ត ១២នាក់ក្នុងពិធីបុណ្យសមុទ្រនៅខេត្តកោះកុង

កោះកុង៖ យ៉ាងហោចណាស់អ្នករត់ប្រណាំងកម្សាន្តចំងា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត