en     km
en     km

ខេត្តស្វាយរៀង៖គ្រាប់បែកគីមីសាយភាពពុលអ្នកភូមិជិត១០នាក់ព្យាបាលនៅមន្ទីរពេទ្យ

Share

ខេត្តស្វាយរៀង៖អ្នកជំនាញគ្រាប់បែកគីមីបានឲ្យដឹងនៅថ្ងៃសុក្រទី៦ ខែតុលានេះថា អ្នកភូមិចំនួន៨នាក់កំពុង​សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង បន្ទាប់ពីពុលគ្រាប់បែកគីមីសាយភាយធ្វើ​ឲ្យរលាកស្បែក ក្អួតចង្អោរនិងហើមភ្នែក។

ក្រុមគ្រូពេទ្យបង្អែកខេត្តស្វាយរៀងកំពុងពិនិត្យសេរ៉ូមដល់ពលរដ្ឋពុលសារធាតុគីមី។ រូបភាព៖ facebook

ក្រុមជំនាញ់គ្រាប់បែកគីមីរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC)បានឲ្យដឹងថាគ្រាប់បែក​គីមីមួយគ្រាប់ផ្សេងទៀតបានរកឃើញនៅក្នុងចំការដំឡូងមី បន្ទាប់ពីអ្នកភូមិមួយចំនួន​ពុលសារ​ធាតុ​គិមីនេះកាលពីរសៀលម្សិលមិញ។

លោក សេរី កុសល អនុប្រធានទី១អាជ្ញាធរមីនកម្ពុចា បានឲ្យដឹងថា ប្រជាពលចំនួន៨នាក់កំពុង សម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យខេត្តស្វាយរៀងដោយសារការសាយភាពសារធាតុគីមីពីគ្រាប់បែកគីមីនៅពេល ក្រុមប្រជាពលរដ្ឋទំាងនោះហែកមើលថងបំណែកនៃគ្រាប់បែកគីមីនោះ។

លោក សេរី កុសល អះអាងថា ក្រុមជំនាញ់អាជ្ញាធរមីនកម្ពុជាកំពុងស្វែងរកទីតំាងជាក់លាក់​គ្រាប់បែកគីមីនោះ។ លោកថា គ្រាប់បែកគីមីទើបរកឃើញថ្មីនេះ នៅចំងាយបីគីឡូម៉ែត្រពី​ទីតំាងគ្រាប់គីមីទី១ក្នុងវត្តគគីរស្ថិតនៅក្នុងស្រុករមាសហែក ខេត្តស្វាយរៀង។

ក្នុងចំណោមជនរងគ្រោះ៨នាក់នោះ មានកុមារប្រំានាក់ ស្រ្តីពីរនាក់ និងបុរស​ម្នាក់​។

យុវជន ម៉ិញ ធឿន ជនរងម្នាក់ក្នុងចំណោម៨នាក់ កំពុងដេកសម្រាកនៅមន្ទីពេទ្យបានឲ្យដឹងថា​លោកបានធូស្រាលបន្តិចហើយនៅរសៀលថ្ងៃសុក្រនេះ។ ប៉ុន្តែម៉ិន ធឿន មិនទាន់ដឹងថា​ លោក​គ្រូ​ពេទ្យឲ្យចេញពីទៅផ្ទះនៅពេលណានោះទេ។

ទោះបីយ៉ាងណា យុវជនអាយុ១៦ឆ្នំា ម៉ិញ ធឿន បញ្ជាក់ថា​ ជនរងគ្រោះម្នាក់ស្ថិតនៅ​ក្នុងបន្ទប់សម្រាក​ព្យាបាល​​ជាមួយប្អូនមានស្ថានភាពធ្ងន់ធ្ងរដោយរលាកស្បែក និងឈឺបំពងក។

គណនីហ្វេសប៊ុករបស់លោក ហេង រតនា ប្រធានមជ្ឈមណ្ឌលសកម្មភាពកំចាត់​មីនកម្ពុជាបានឲ្យដឹងថា សារធាតុគីមីអាចនឹងជះចំហាយតាមខ្យល់ នៅពេលណាកាយដីប៉ះចំ​គ្រាប់គីមីនោះ។ លោក ហេង រតនា បញ្ជាក់ថា ប្រតិកម្មគីមីនឹងអាចធ្វើឲ្យពុលបណ្តាល​ឲ្យ​ថប​ដង្ហើម ឈឺ​ក្បាល ក្អួតចង្អោរជាដើម។

សូមបញ្ជាក់ថា សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកមកលើទឹកដីកម្ពុជាប្រមាណ១លានគ្រាប់ ក្នុងសម័យសង្រ្គាមជាមួយវៀតណាម៕

Share

Image
Image
Image