loader

ខណ្ឌ​សែន​សុខ​ ខណ្ឌមានជ័យ​ និង​ខណ្ឌ​ច្បារ​អំពៅ​ ជា​តំបន់​ដែល​មានទឹក​លិច​ខ្លាំង​ជាងគេ​

​ភ្នំពេញ​ ៖​ ខណ្ឌ​ចំនួន​ ០៣​ ក្នុង​ចំណោម​ខណ្ឌ​ ១២​ នៅ​រាជធានី​ភ្នំពេញ​ តែងតែមាន​ទឹក​លិច​ខណៈ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ ក៏​ប៉ុន្ដែ​វា​មិន​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ឡើយ​។​ តែ​បែប​នេះ​ក្ដី​ អ្នកជំនាញ​ខាង​ជំងឺគ្រុនឈាម​ អំពាវនាវ​ដល់​ពលរដ្ឋ​ទូទៅ​ ពិសេស​ស្ដ្រី​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​កូន​តូចៗ​ ខណៈ​ទឹក​ស្រក​ព្រោះ​មូស​ខ្លា​នឹង​ពង​កូន​ ប្រសិនបើ​មានទឹក​ដក់​នៅ​កន្លែង​ណាមួយ​។​

​ចាប់តាំងពី​ចុងខែ​កញ្ញា​ មក​ ភ្លៀង​បាន​ធ្លាក់​យ៉ាងច្រើន​ស្ទើរ​រាល់ថ្ងៃ​នៅ​រាជធានី​ភ្នំពេញ​ ដែល​បង្ក​ឲ្យ​ខណ្ឌ​ចំនួន​ ៣​ ត្រូវ​ជន​លិច​ដោយ​ទឹកភ្លៀង​ ខណៈ​សាលា​រាជធានី​ភ្នំពេញ​កំពុង​ប្រញាប់ប្រញាល់​ជួសជុល​ប្រព័ន្ធ​លូ​ដែល​មាន​បញ្ហា​។​

​លោក​ មេ​ត​ មាស​ភក្ដី​ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ប្រាប់​វិទ្យុ​ស្ដ្រី​អេ​ហ្វ​អឹ​ម​១០២​ នៅ​ថ្ងៃ​ទី​០៣​ ខែតុលា​នេះ​ថា​ ភ្លៀង​បាន​បន្ដ​ធ្លាក់​នាំ​ឲ្យ​ខណ្ឌ​សែន​សុខ​ ខណ្ឌមានជ័យ​ និង​ខណ្ឌ​ច្បារ​អំពៅ​ ជា​តំបន់​ដែល​តែងតែ​ត្រូវ​បាន​ទឹក​លិច​ខ្លាំង​ជាងគេ​ ប៉ុន្ដែ​មិន​បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​នោះ​ទេ​។​ លោក​ មេ​ត​ មាស​ភក្ដី​៖«​មាន​ដូច​ជា​ផ្នែក​ខាង​ព្រ​លាន​យន្ដហោះ​ ចុះ​មក​ម្ដុំ​លូ​ប្រាំ​ នៅ​ខណ្ឌមានជ័យ​ ក៏​ដូច​ជា​នៅ​ខណ្ឌ​ច្បារ​អំពៅ​ គឺ​នៅ​មានការ​ជន់​លិច​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ម្ដងៗ​ ហើយ​ការងារ​នេះ​យើង​ខិតខំ​ធ្វើ​យ៉ាងណា​រក​វិធី​ដោះស្រាយ​»​។​

​លោក​បន្ដ​ថា​ ក្រៅ​តែ​ពី​ ខណ្ឌ​ទាំង​ ០៣​ខាងលើ​នេះ​ ក៏​មាន​ខណ្ឌ​ផ្សេងៗ​ទៀត​ដូច​ជា​ ខណ្ឌទួលគោក​ ខណ្ឌ​ ៧​មក​រា​ ខណ្ឌចំការមន​ និង​ខណ្ឌដូនពេញ​ ក៏​ត្រូវ​បាន​ជន​លិច​ដោយ​ទឹកភ្លៀង​ផង​ដែរ​ ខណៈ​ភ្លៀង​ធ្លាក់​ច្រើន​រហូត​ដល់​ជាង​ ១០០​មី​លី​លី​ត្រ​ក្នុង​មួយ​ម៉ោង​។​ លោក​ មេ​ត​ មាស​ភក្ដី​៖«​គឺ​នៅ​មាន​តែ​ ២​ចំណុច​ទេ​បើ​យើង​និយាយ​អំពី​ ៤​ខណ្ឌ​ក្នុង​ក្រុម​អម្បាញ់មិញ​ហ្នឹង​ គឺ​តំបន់​ម៉ុង​ឌី​យ៉ា​ល់​ ដែល​យើង​ឥឡូវនេះ​កំពុង​រៀបចំ​ដាក់​បណ្ដាញ​លូ​ដើម្បី​ទម្លាក់​ចូល​ក្នុង​ប្រឡាយ​ បើ​កន្លែង​ហ្នឹង​វា​លិច​មាន​ន័យ​ថា​ ផ្លូវ​កម្ពុជា​ក្រោម​ក៏​វា​ជន​វា​លិច​ដូច​គ្នា​ បើ​ពី​ដើម​ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​គឺ​មាន​ច្រើន​ប្រមាណ​ជា​ ៣៧​ទីតាំង​ ក៏​ប៉ុន្ដែ​បាន​ដោះស្រាយ​អស់ហើយ​នៅ​សល់​តែ​ ២​ទីតាំង​ដែល​ខ្ញុំ​បាន​ជម្រាប​ជួន​មុន​ហ្នឹង​»​។​

​ជាមួយ​គ្នា​នេះ​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ ក៏​បាន​ស្នើ​សុំ​ការ​យោគយល់​ពី​ប្រជាពលរដ្ឋ​បើ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ម្ដងៗ​ ហើយ​បណ្ដាល​ឲ្យ​ទឹក​ជន​លិច​នៅ​តំបន់​មួយ​ចំនួន​កណ្ដាល​រាជធានី​ ឬ​ខណ្ឌ​នៅ​ជាយ​រាជធានី​។​ លើស​ពី​នេះ​លោក​ក៏​ស្នើ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​រក្សា​ទុកដាក់​សំរាម​ ឲ្យ​បាន​ត្រឹមត្រូវ​កុំ​បោះចោល​ផ្ដេសផ្ដាស់​ ដែល​អាច​បង្ក​ឲ្យ​ជា​ការ​កកស្ទះ​មាត់​លូ​បង្ហូរទឹក​។​

​ខណៈ​មាន​ភ្លៀង​ញឹកញាប់​វេជ្ជបណ្ឌិត​ឯកទេស​ម្នាក់​បាន​ក្រើនរំលឹក​ដល់​ស្ដ្រី​មេផ្ទះ​ ត្រូវធ្វើ​យ៉ាងណា​ថែរក្សា​កូន​តូចៗ​ឲ្យ​បាន​ល្អ​ ដោយ​មិន​ត្រូវ​បណ្ដោយ​ឲ្យ​មូស​ខាំ​ឡើយ​ព្រោះ​វា​អាច​បង្ក​ជា​ទៅ​ជា​ជំងឺគ្រុនឈាម​។​

​លោក​វេជ្ជបណ្ឌិត​ ហ៊ុយ​ រ៉េ​កុ​ល​ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ ប៉ារ៉ាស៊ីត​សាស្ត្រ​ និង​បាណក​សាស្ត្រ​នៃ​ក្រសួងសុខាភិបាល​ មាន​ប្រសាសន៍​ថា​ នេះ​ជា​រដូវវស្សា​ដែល​មាន​ភ្លៀង​ធ្លាក់​ច្រើន​ជា​ប្រចាំ​ដូច្នេះ​គ្រប់​មាតាបិតា​ទាំងអស់​ត្រូវ​ប្រុង​ប្រយ័ត្ន​ការ​កើត​ជំងឺគ្រុនឈាម​។​ ប្រសិនបើ​ទឹក​លិច​គ្រប់​ទីកន្លែង​មិនមែន​ជា​ក្ដី​បារម្ភ​នៃ​កាក​កើត​ ពពួកសត្វ​មូស​នោះ​ទេ​ ប៉ុន្ដែ​ក្ដី​បារម្ភ​ គឺ​ក្រោយ​ពេល​ដែល​ទឹក​ស្រក​ទៅ​វិញ​មាន​ដក់​ទឹក​នាំ​ឲ្យ​មូស​អាច​ពង​កូន​បាន​។​ ករណី​នេះ​គឺ​ស្ដ្រី​មាន​តួនាទី​ចម្បង​ ដើម្បី​ត្រួតពិនិត្យ​ជុំវិញ​ផ្ទះ​ និង​ក្នុងផ្ទះ​ ធ្វើ​យ៉ាងណា​សម្អាត​កន្លែង​ដែល​មាន​ថ្លុក​តូចៗ​ មាន​ដប​ សំបក​កំប៉ុង​ និង​សំបក​កង់​ឡាន​ កុំ​ឲ្យ​ដក់​ទឹកបាន​។​ លោក​ ហ៊ុត​ រ៉េ​កុ​ល​ ៖«​ទាក់ទង​ជំងឺគ្រុនឈាម​ គឺជា​ជំងឺ​ដែល​កើតឡើង​ដោយ​មូស​ ដូច្នេះ​ស្ដ្រី​ និង​កុមារ​ គឺ​សំខាន់​ណាស់​គាត់​ ព្រោះ​គាត់​នៅផ្ទះ​ច្រើន​ឲ្យ​គាត់​ជួយ​អើត​មើល​ពាង​ មើល​អាង​ កន្លែង​ដក់​ទឹក​ ជុំវិញ​ផ្ទះ​គាត់​ លៃ​យ៉ាងណា​កុំ​ឲ្យ​មាន​ដក់​ទឹក​ ជា​ពិសេស​សំបក​កង់​ឡាន​ បើ​មាន​ធ្វើ​យ៉ាងម៉េច​គាត់​ត្រូវ​ដាក់​ដី​ ដាក់​អី​ ដាំ​ផ្ដា​ ឬ​ដាំ​អ្វី​ផ្សេងៗ​ ធ្វើ​យ៉ាងណា​កុំ​ឲ្យ​មានទឹក​ដក់​»​។​

​លោក​វេជ្ជបណ្ឌិត​ ហ៊ុយ​ រ៉េ​កុ​ល​ ក៏​សំណូមពរ​ដល់​មាតា​ បិតា​ ធ្វើ​យ៉ាងណា​បោសសម្អាត​ក្នុងផ្ទះ​ជា​ប្រចាំ​ ត្រូវ​ស្លៀកពាក់​ខោអាវ​វែង​ឲ្យ​ជិត​ខ្លួន​កូន​តូចៗ​ ដើម្បី​កុំ​ឲ្យ​មូស​ខាំ​បាន​។​

​កម្ពុជា​កំពុង​រង​ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធ​ទាប​ ចាប់ពី​ថ្ងៃ​ទី​០២​ ដល់​ថ្ងៃ​ទី​១០​ ខែតុលា​ ឆ្នាំ​២០១៧​។​ ភ្លៀង​នឹង​ធ្លាក់​ស្ទើរ​ពាសពេញ​ផ្ទៃ​ប្រទេស​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ច្រើន​ហើយ​ក៏​នឹង​បង្ក​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង​នៅ​តំបន់​ទំនាប​ និង​តំបន់​ ផ្លូវទឹក​នានា​ផង​ដែរ​។​ ក្នុង​រយៈពេល​នេះ​ក្រសួង​ធនធាន​ទឹកបាន​ព្រមាន​ដល់​ប្រជាពលរដ្ឋ​ដែល​មានដំណើរ​កំសាន្ដ​នានា​ គួរ​ផ្អាក​គម្រោង​ដើម្បី​រក្សា​សុវត្ថិភាព​៕​

បញ្ចេញមតិ

Be the First to Comment!

avatar
wpDiscuz

ព័ត៌មានទាក់ទង

​ក្រសួងសុខាភិបាល​៖​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​អំពី​ជំងឺផ្តាសាយបក្សី​H5N1

ក្រសួងសុខាភិបាល​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​មានការ[...]

ឯកអគ្គរដ្ឋទូតអឺរ៉ុបបង្ហាញទិដ្ឋភាពនយោបាយ និងជំហររវាងអឺរ៉ុប-កម្ពុជា

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី០៨ ធ្នូ ក្នុងសន្និសី[...]

តំណាងEU៖ EUចាត់ទុកសិទិ្ធស្ត្រីជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍របស់ខ្លួននៅកម្ពុជា

តំណាងសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានអះអាងថា ស[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត