loader

ក្រោយរងទណ្ឌកម្ម៖លោកហ៊ីង ប៊ុនហៀង ប្រកាសមិនជាន់ទឹកដីអាមេរិក

ភ្នំពេញ៖ ក្រោយរងការដាក់ទណ្ឌកម្មដោយបង្កកទ្រព្យសម្បត្តិ និងបិទទិដ្ឋាការមិនឱ្យចូលទឹកដីអាមេរិក នៅថ្ងៃនេះលោកហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស​របស់នាយករដ្ឋមន្ត្រី បានប្រតិកម្ម វាយបកអាមេរិកវិញ។

    លោកហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្សរបស់នាយករដ្ឋមន្ត្រី។

 

លោកបាន បញ្ចេញ សេចក្តីថ្លែងការណ៍នៅថ្ងៃទី១៤ មិថុនានេះដែលថា លោកមិនដែលមានចិត្តចង់ទៅអាមេរិកឡើយ។ លោកឌឺដងឱ្យអាមេរិកដែលបង្កកទ្រព្យសម្បត្តិរបស់លោក។

ក្នុងសេចក្តីថ្លែងការណ៍ដែលមាន ៦ ចំណុចលោកហ៊ីង ប៊ុនហៀង បានបង្ហាញអារម្មណ៍ចង់ធ្វើជាមិត្តជាមួយអាមេរិក តែលោកប្រកាសប្រឆាំងជនអាមេរិកណាដែលមានមហិច្ឆតាឈ្លានពានកម្ពុជា និងពួកប្រឆាំងដែលចង់ធ្វើបដិវត្តពណ៌នៅកម្ពុជា។

ក្នុងសេចក្តីថ្លែងការណ៍ដដែលនេះ នាយឧត្តមសេនីយ៍ផ្កាយមាស៤រូបនេះ បានសម្តែងក្តីឈឺចាប់ចំពោះទង្វើអាមរិកដែលបានទម្លាក់គ្រាប់បែងសម្លាប់ជនជាតិខ្មែរក្នុងទសវត្សឆ្នាំ ១៩៧០។

ការឆ្លើយតបពីមេកងអង្គរក្សសម្តេចហ៊ុន សែននេះ គឺបន្ទាប់ពីសហរដ្ឋអាមេរិកបានរកឃើញថា លោក ហ៊ីង ប៊ុនហៀង មានជាប់ព័ន្ធនឹងការវាយប្រហារកាលពីឆ្នំា ២០១៣ និងការវាយដំអតីតអ្នកតំណាងរាស្រ្តគណបក្សប្រឆំាងពីររូបកាលពីឆ្នំា ២០១៥ ព្រមជាមួយករណីជាប់ព័ន្ធនឹងការបោកគ្រាប់បែកមុខរដ្ឋសភាចាស់កាលពីឆ្នំា ១៩៩៧ផងដែរ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរតនាគារអាមេរិកចេញកាលពីថ្ងៃអង្គារ៍ទី១២ មិថុនា លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក៏ត្រូវបានរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និងការប្រព្រឹត្តអំពើពុករលួយផងដែរ។

ជុំវិញការបង្កកទ្រព្យសម្បត្តិលើមន្រ្តីជាន់ខ្ពស់កម្ពុជាជាលើកដំបូងនេះ ស្ថាប័នធំៗមួយចំនួនរួមមាន ក្រសួង​ការពារ​ជាតិ​កម្ពុជា មេបញ្ជាការ នាយទាហាន ពលទាហាន ក្រសួង​ការបរទេស និង​ខុទ្ទកាល័យ​របស់​លោក​នាយករដ្ឋមន្ត្រី​ បានចេញមុខថ្កោលទោស​អាមេរិក​ព្រមៗ​គ្នា ​ដោយ​ចាត់​ទុក​ការសម្រេច​របស់​ប្រទេស​មហាអំណាច​មួយ​នេះ​ជា​ទង្វើ​រំលោភ​បំពាន​យ៉ាង​គឃ្លើន និង​ល្ងង់ខ្លៅ​មក​លើ​អធិបតេយ្យភាព​កម្ពុជា​។

ជាការកត់សម្គាល់ ការដាក់ទណ្ឌកម្មលើកដំបូងមកលើមន្រ្តីយោធាកម្ពុជានេះ គឺជាការប្រើប្រាស់ច្បាប់ថ្មី Global Magnitsky បន្ទាប់ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិកបានចុះហត្ថលេខាបន្ថែមលើផ្នែកនៃការបង្កកទ្រព្យសម្បត្តិកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧។

ក្រសួងរតនាគារសហរដ្ឋអាមេរិកក៏បានប្រើច្បាប់នេះដាក់ទណ្ឌកម្មលើលោក Felix Ramon Bautista Rosario សមាជិកព្រឹទ្ធ សភាមួយរូបទៀតនៃសាធារណរដ្ឋដូមីនិកផងដែរ។

ជាលទ្ធផលនៃការដាក់ទណ្ឌកម្មនេះ រាល់ទ្រព្យសម្បត្តិឬផលប្រយោជន៍ពីទ្រព្យសម្បត្តិរបស់ជនទាំងនេះនៅក្នុងទឹកដីសហរដ្ឋ អាមេរិក នឹងត្រូវហាមឃាត់ចរាចរចាប់ពីថ្ងៃដាក់ទណ្ឌកម្ម។ ជាងនេះទៀតទណ្ឌកម្មនេះ ក៏មានអាជ្ញាបញ្ជាហាមឃាត់ពលរដ្ឋអាមេរិកាំងធ្វើការប្រាស្រ័យទាក់ទងការងារ និងជំនួញជាមួយនឹងជនទាំងនោះផងដែរ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

UNទទូច​ឱ្យកម្ពុជាបញ្ឈប់ការគំរាមកំហែងអ្នកមិនទៅបោះឆ្នោតតែមន្ត្រីកម្ពុជាថាមន្ត្រីUNធ្វើជាមេធាវីឱ្យក្រុមប្រឆាំង

ជាថ្មីម្ដងទៀតអ្នករាយការណ៍ពិសេសអង្គការសហរដ្ឋប្[...]

អគ្គិភ័យឆាបឆេះរោងចក្រមួយកន្លែងនៅក្រុងតាខ្មៅ(មានសំឡេង)

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨នេ[...]

សម្ដេច ហ៊ុន សែន ៖គណបក្សប្រជាជនធានាមិនអោយប្រទេសវិលទៅរកសង្រ្គាមឡើយ

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត