loader

ក្រុម​ផលិតភាព​យន្ដ​ខ្នាត​ខ្លី​ ស្ដី​ពី​ កន្លែង​ដោះស្រាយ​វិវាទ​ការងារ​ សង្ឃឹមថា​ កម្មករ​ និយោជិត​ និង​ថៅកែ​ និយោជក​ នឹង​ផ្លាស់​ប្ដូរ​ផ្នត់គំនិត​ ដោះស្រាយ​វិវាទ​តាម​វិធី​ចាស់​

​ភ្នំពេញ​ ៖​ ក្រុម​ផលិត​ខ្សែភាពយន្ដ​អប់រំ​ខ្នាត​ខ្លី​ ស្ដី​ពី​ កន្លែង​ផ្ដល់​សេវា​ដោះស្រាយ​វិវាទ​ការងារ​ ដោយ​សន្ដិវិធី​ និង​ឥត​បង់ថ្លៃ​ បង្ហាញ​ក្ដី​សង្ឃឹម​ដូចៗ​គ្នា​ថា​ កម្មករ​ និយោជិត​ និង​ថៅកែ​ និយោជក​ នឹង​ផ្លាស់​ប្ដូរ​ផ្នត់គំនិត​ចាស់​ ដែល​ពួក​គេ​ធ្លាប់តែ​ប្រើ​ ដើម្បី​ដោះស្រាយ​វិវាទ​ការងារ​កន្លង​មក​។​ ចង់​ដឹង​ថា​ ខ្សែភាពយន្ដ​អប់រំ​ខ្នាត​ខ្លី​ ដែល​ផលិត​ឡើង​ដើម្បី​ចូលរួម​លើកទឹកចិត្ដ​កម្មករ​ កម្មការិនី​ និយោជិត​ និង​ ថៅកែ​ និយោជក​ ឲ្យ​ស្វែងរក​ដំណោះស្រាយ​តាម​សន្ដិវិធី​ យ៉ាងណា​ខ្លះ​នោះ​ សូម​អ​ញ្ញើ​ស្ដាប់​ លោក​ លៀ​ ស៊ី​ណា​ ៖


​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ គឺជា​ស្ថាប័ន​ឯករាជ្យ​ត្រីភាគី​មួយ​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៣​ ដើម្បី​ដោះស្រាយ​វិវាទ​ការងារ​រួម​។​ ស្ថាប័ន​មួយ​នេះ​បាន​រៀបចំ​ ការ​ប្រកួត​ផលិត​ខ្សែភាពយន្ដ​អប់រំ​ខ្នាត​ខ្លី​ ស្ដី​ពី​ កន្លែង​ផ្ដល់​សេវា​ដោះស្រាយ​វិវាទ​ការងារ​រួម​ ជួន​កម្មករ​ កម្មការិនី​ និយោជិត​ និង​ ថៅកែ​ និយោជក​។​

​ការ​ប្រកួតប្រជែង​ភាពយន្ដ​ខ្នាត​ខ្លី​ឆ្នាំ​២០១៧​ គឺជា​ឆ្នាំ​ដំបូង​ ដែល​រៀបចំ​ឡើង​ដោយ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ ក្នុង​គោលបំណង​ ពង្រឹង​ការ​យល់​ដឹង​ជា​សាធារណៈ​ អំពី​យន្ដការ​ដោះស្រាយ​វិវាទ​ការងារ​រួម​ដោយ​សន្ដិវិធី​ និង​ចូលរួម​ចំណែក​ធ្វើ​ឲ្យ​មានការ​រីក​ចម្រើន​ ដល់​សេដ្ឋកិច្ចជាតិ​។​ ការ​ប្រកួតប្រជែង​ភាពយន្ដ​ខ្នាត​ខ្លី​នេះ​ ក្រោម​ប្រធានបទ​៖​ “​តួនាទី​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​រវាង​កម្មករ​ និយោជិត​ និង​ ថៅកែ​ និយោជក​”​។​

​ក្រុម​ផលិតភាព​យន្ដ​ ដែល​បាន​ចូលរួម​ប្រកួតប្រជែង​ មាន​ចំនួន​ ០៨​ក្រុម​ ប៉ុន្ដែ​មាន​តែ​ ០៤​ក្រុម​ប៉ុណ្ណោះ​ ដែល​បាន​ជាប់​ក្នុង​ការ​ជ្រើសរើស​ដើម្បី​ប្រកួត​វគ្គ​ចុង​ក្រោយ​។​ ការ​ជ្រើស​យក​ក្រុម​ផលិតភាព​យន្ដ​ ប្រកួត​វគ្គ​ចុង​ក្រោយ​ ចំនួន​ ០៤​នេះ​ គឺ​ផ្អែក​ទៅ​លើ​ខ្លឹមសារ​ បច្ចេកទេស​ថត​ និង​ការ​គាំទ្រ​ពី​ទស្សនិកជន​។​
​ខ្សែភាពយន្ដ​អប់រំ​ខ្នាត​ខ្លី​ទាំង​ ០៤​នេះ​ រួម​មាន​ រឿង​ “​គ្រូ​អាគម​”​ “​ដំណោះស្រាយ​រួម​មួយ​”​ “​កតញ្ញូ​”​ និង​រឿង​ “​លោក​ប្រធាន​”​។​ ក្នុង​ចំណោម​ភាពយន្ដ​អប់រំ​ខ្នាត​ខ្លី​ទាំង​បួន​នេះ​ រឿង​ “​គ្រូ​អាគម​”​ ទទួល​បានការ​គាំទ្រ​ច្រើន​ជាងគេ​ ដែល​នាំ​ឲ្យ​ភាពយន្ដ​នេះ​ ទទួល​បាន​ជ័យ​លា​ភី​លេខ​ ១​ រីឯ​ជ័យ​លា​ភី​លេខ​ ២​ បាន​ទៅ​លើ​រឿង​ “​ដំណោះស្រាយ​រួម​មួយ​”​ លេខ​ ៣​ បាន​ទៅ​លើ​រឿង​ “​កតញ្ញូ​”​ និង​លេខ​ ៤​ បាន​ទៅ​លើ​រឿង​ “​លោក​ប្រធាន​”​ ។​

​ភាពយន្ដ​ខ្នាត​ខ្លី​នេះ​ និយាយ​រៀបរាប់​អំពី​ជម្រើស​ចម្បង​ របស់​កម្មករ​ និយោជិត​ ដែល​នាំ​គ្នា​ធ្វើ​ កាលណា​ពួក​គេ​មាន​វិវាទ​ការងារ​រួម​នៅ​ក្នុង​ស្ថាប័ន​ ឬ​អង្គភាព​របស់​ពួក​គេ​។​ វី​ដេ​អូ​នេះ​ បាន​ឆ្លុះ​បញ្ចាំង​ពី​ជំនឿ​តាម​ផ្លូវ​អារម្មណ៍​ ទាំង​ដែល​មិន​បានឃើញ​ពី​ដំណោះស្រាយ​នោះ​ជាក់ស្ដែង​ផ្ទាល់​នឹង​ភ្នែក​ក្ដី​។

​យុវជន​ វណ្ណ​ ស៊ី​ដា​រ៉ូ​ មានស្រុក​កំណើត​នៅ​ខេត្ដកំពង់ឆ្នាំង​ ជា​ប្រធាន​ក្រុម​ផលិតភាព​យន្ដ​ខ្នាត​ខ្លី​រឿង​ “​គ្រូ​អាគម​”​ បាន​ឲ្យ​ដឹង​ថា​ ការ​ដែល​លោក​ចូលរួម​ប្រកួត​ផលិតភាព​យន្ដ​ខ្នាត​ខ្លី​នេះ​ ព្រោះតែ​លោក​ចង់​ចូលរួម​ផ្សព្វផ្សាយ​ព័ត៌មាន​ឲ្យ​ពលរដ្ឋ​ខ្មែរ​ ពិសេស​កម្មករ​ និយោជិត​ និង​ ថៅកែ​ និយោជក​ បានដឹង​ និង​ស្គាល់​កាន់តែ​ទូលំទូលាយ​ អំពី​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ ដែល​មាន​ភារៈ​ផ្ដល់​ប្រឹក្សា​ និង​ដោះស្រាយ​វិវាទ​ការងារ​ជូន​ពួក​គេ​ដោយ​ឥត​បង់ថ្លៃ​។​ វណ្ណ​ ស៊ី​ដា​រ៉ូ​ ៖«​ជា​ពិសេស​ទាក់ទង​នឹង​ការ​ដោះស្រាយ​វិវាទ​ការងារ​រួម​នេះ​ គឺ​ខ្ញុំ​គិត​ថា​ យើង​គួរតែ​រួមចំណែក​ជួយ​សង្គម​ជាតិ​យើង​ ក៏​ដូច​ជា​ការ​ទប់ស្កាត់​រវាង​និយោជក​ ក៏​ដូច​ជា​និយោជិត​ ហើយ​តាម​រយៈ​ជំនាញ​ដែល​យើង​ស្រឡាញ់​ គឺ​ការ​ផលិតភាព​យន្ដ​ហ្នឹង​តែ​ម្ដង​ អ​ញ្ចឹ​ង​គិត​ថា​ ជា​ជម្រើស​ដែល​ត្រូវ​បំផុត​ក្នុង​ការ​ចូលរួម​ប្រកួត​នៅ​ក្នុង​ភាពយន្ដ​ខ្នាត​ខ្លី​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​»​។​

​តាម​រយៈ​ខ្សែភាពយន្ដ​ខ្លី​នេះ​ លោក​ វណ្ណ​ ស៊ី​ដា​រ៉ូ​ រំពឹង​ថា​ កម្មករ​ និយោជិត​ និង​ ថៅកែ​ និយោជក​ នឹង​បាន​ស្គាល់​កាន់តែ​ច្បាស់​ ពី​ស្ថាប័ន​ដែល​មាន​សមត្ថកិច្ច​រង់ចាំ​ជួយ​ពួក​គាត់​ ជុំវិញ​ការ​ដោះស្រាយ​វិវាទ​ការងារ​ ដែល​មិន​អាច​សះជា​រវាង​ថៅកែ​ និង​កម្មករ​។​ លោក​ វណ្ណ​ ស៊ី​ដា​រ៉ូ​ ៖«​អ្វី​ដែល​យើង​ចង់​បង្ហាញ​ទៅ​អ្នក​មើល​គឺ​ផែនទី​ មាន​ន័យ​ថា​ អ្នកខ្លះ​គាត់​ដឹង​ហើយ​ថា​ ដំណោះស្រាយ​គឺ​មិន​អាច​ធ្វើ​ឡើង​ដោយ​ការ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូ​អាគម​បាន​ទេ​ ប៉ុន្ដែ​យើង​បាន​ឲ្យ​ដំណោះស្រាយ​ដ៏​សម​ស្រប​មួយ​ទៅ​កាន់​គាត់​ ជា​ពិសេស​គឺ​ដំណោះស្រាយ​ផ្នែក​ច្បាប់​ គឺ​ការ​ទៅ​រក​ក្រសួង​ការងារ​ ហើយនឹង​ចុង​ក្រោយ​ទៅ​រក​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​»​។​

​មិន​ខុស​គ្នា​ដែរ​ ប្រធាន​ក្រុម​ផលិតភាព​យន្ដ​មក​ពី​ខេត្ដសៀមរាប​ឯង​ណោះ​វិញ​លោក​ ឯក​ សា​ម៉ឺ​ឌី​ ជា​ម្ចាស់​ពានរង្វាន់​លេខ​ ៣​ ដែល​ភាពយន្ដ​របស់​លោក​មាន​ចំណងជើង​ថា​ “​កត្ដញ្ញូ​”​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ថា​ កន្លង​មក​លោក​មិន​ដែល​ស្គាល់​ស្ថាប័ន​ ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ និង​ តួនាទី​របស់​ស្ថាប័ន​មួយ​នេះ​ឡើយ​។​ ព្រោះតែ​ដូច្នេះ​លោក​គិត​ថា​ នៅ​មាន​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​តាម​ទី​ជនបទ​ជា​ច្រើន​ទៀត​ ដែល​មិន​ទាន់​បាន​ស្គាល់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ និង​តួនាទី​របស់​ស្ថាប័ន​មួយ​នេះ​។​ សា​ម៉ឺ​ឌី​ សង្ឃឹមថា​ លោក​នឹង​បាន​ទទួល​ចំណេះដឹង​ថ្មីៗ​ ពី​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ និង​ផ្ដល់​បន្ត​ជូន​ដល់​ពលរដ្ឋ​ខ្មែរ​ដទៃ​ទៀត​ ពិសេស​កម្មករ​ កម្មការិនី​ និយោជិត​ និង​ ថៅកែ​ និយោជក​ ឲ្យ​បានដឹង​ដូច​លោក​ដែរ​។​ លោក​ ឯក​ សា​ម៉ឺ​ឌី​ ៖«​ខ្ញុំ​ចង់​បង្ហាញ​ពី​ស្នាដៃ​ខ្លួនឯង​ផង​ នឹង​ទទួល​បាន​អ្វី​ដែល​ថ្មី​ផង​ ព្រោះ​ខ្ញុំ​កន្លង​មក​មិន​បានដឹង​ថា​ អង្គភាព​ហ្នឹង​គេ​ដោះស្រាយ​របៀប​ម៉េច​ ហើយ​មុន​ទៅ​ដល់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​គឺ​ត្រូវ​ឆ្លងកាត់​ក្រសួង​ការងារ​អី​អ​ញ្ចឹ​ង​គឺ​ខ្ញុំ​អត់​ដឹង​ទាល់តែ​សោះ​ បាទ​នេះ​ជា​ចំណាប់អារម្មណ៍​។​ ខ្ញុំ​គិត​ថា​ ក្រោយ​ខ្ញុំ​បាន​ចូល​រៀន​ខ្ញុំ​បាន​ចំណេះដឹង​ថ្មី​មួយទៀត​ ហើយ​ទី​២​គឺ​ខ្ញុំ​បាន​ចែកចាយ​ព័ត៌មាន​ពី​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ហ្នឹង​ ហើយ​ទី​៣​ ខ្ញុំ​អាច​មានឱកាស​»​។​

​ភាពយន្ដ​រឿង​ “​កតញ្ញូ​”​ នេះ​ បង្ហាញ​ពី​ការ​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅប្រទេស​ របស់​នារី​ម្នាក់​ ទាំង​ប្រថុយប្រថាន​ ដោយ​ពុំ​មាន​លិខិត​ស្នាម​អ្វី​ទាំងអស់​ ហើយ​ក៏​ត្រូវ​វិល​មក​ស្រុក​កំណើត​វិញ​ ខណៈ​ប្រទេស​ដែល​នាង​បម្រុង​ទៅ​ធ្វើការ​ រឹត​បន្ដឹង​ការ​អនុ​វ​ច្បាប់​ជន​អន្ដោ​ប្រវេ​ស​។​ បន្ទាប់​មក​នាង​បាន​ដាក់​ពាក្យ​ទៅ​ធ្វើ​ការងារ​នៅ​សណ្ឋាគា​មួយ​នា​ខេត្ដសៀមរាប​។​ មិនយូរ​ប៉ុន្មាន​ដោយសារ​ឪពុក​ឈឺ​ នាង​ប្រញាប់​ទៅ​ផ្ទះ​មើល​ឪពុក​ ដោយ​មិន​បាន​សុំ​ច្បាប់​ថៅកែ​។​ ជា​លទ្ធផល​ នាង​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ក្រោយ​ម​ហេតុផល​ ឈប់​ដោយ​មិន​បាន​សុំ​ច្បាប់​។​ នាង​មិនដឹង​ថា​ តើ​នឹង​មាន​ស្ថាប័ន​ណា​ដែល​អាច​ជួយ​ដល់​រូប​នាង​ខណៈ​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ ដោយសារ​កំហុស​ជា​លើក​ដំបូង​ដូច្នេះ​។​

​តាម​រយៈ​ភាពយន្ដ​រឿង​ “​កតញ្ញូ​”​ នេះ​ ប្រធាន​ក្រុម​ដឹកនាំ​រឿង​ យុវជន​ ឯក​ សា​ម៉ឺ​ឌី​ រំពឹង​ថា​ ក្រោយ​ពី​ពលរដ្ឋ​ខ្មែរ​ បាន​ទស្សនា​ភាពយន្ដ​របស់​លោក​ហើយ​ ពួក​គេ​នឹង​ប្រុង​ប្រយ័ត្ន​មុន​សម្រេចចិត្ដ​ធ្វើ​ចំណាកស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រៅប្រទេស​។​ លើស​ពី​នេះ​ ពលរដ្ឋ​ខ្មែរ​ នឹង​មានគំនិត​ថ្មី​ក្នុង​ការ​ស្វែងរក​វិធី​ដោះស្រាយ​ និង​ទីកន្លែង​ផ្ដល់​សេវា​ដោះស្រាយ​វិវាទ​ការងារ​ដែល​ល្អ​ប្រសើរ​សម្រាប់​ពួក​គេ​។​

​រីឯ​ភាពយន្ដ​ដែល​មាន​ចំណងជើង​ថា​ “​លោក​ប្រធាន​”​ ទទួល​បាន​រង្វាន់​លើកទឹកចិត្ដ​ ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​ ០៤​។​ យុវជន​ ជុំ​ ចេស្ដា​ មានស្រុក​កំណើត​នៅ​ខេត្ដកណ្ដាល​ ជា​ប្រធាន​ដឹកនាំ​ក្រុម​នេះ​។​ ចេស្ដា​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ មូលហេតុ​ដែល​លោក​ចូលរួម​ប្រកួត​ផលិត​ខ្សែភាពយន្ដ​ខ្នាត​ខ្លី​នេះ​ ពីព្រោះ​លោក​ផ្ទាល់​ធ្លាប់​ឆ្លងកាត់​វិវាទ​នៅ​កន្លែង​ការងារ​ ហើយ​ក៏​មាន​បុគ្គលិក​នៅ​ស្ថាប័ន​ផ្សេងៗ​ទៀត​ មាន​វិវាទ​ដូច​លោក​ដែរ​ ប៉ុន្ដែ​មិនដឹង​ថា​ រក​ស្ថាប័ន​ណា​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​បាន​។​
​ខ្សែភាពយន្ដ​រឿង​ “​លោក​ប្រធាន​”​ បង្ហាញ​អំពី​វិវាទ​ការងារ​រួម​ ការ​អនុវត្ដ​ច្បាប់​ការងារ​ ទាក់ទិន​នឹង​ការ​សុំ​ច្បាប់​និង​ ប្រាក់ខែ​របស់​បុគ្គលិក​។​ បុគ្គលិក​មានធុរៈ​ស្នើ​សុំ​ច្បាប់​ ប៉ុន្ដែ​មិន​ត្រូវ​បាន​អនុញ្ញាត​ ដោយ​ប្រធាន​ក្រុមហ៊ុន​ ដោយ​បាន​លើក​ហេតុ​ជា​ច្រើន​ជា​លេស​មិន​អនុញ្ញាត​ច្បាប់​ទ្បើ​យ​។​

​ជុំ​ ចេស្ដា​ បញ្ជាក់​ថា​ ការ​ផលិត​ខ្សែភាពយន្ដ​នេះ​ឡើង​ ក្នុង​គោលបំណង​បង្ហាញ​អំពី​ទិដ្ឋភាព​ការងារ​ ដែល​ថៅកែ​ចង់បាន​ប្រយោជន៍​ខ្លួន​ ដោយ​មិន​គិត​ពី​ប្រយោជន៍​បុគ្គលិក​។​ លើស​ពី​នេះ​ ចេស្ដា​ មាន​បំណង​ លើកទឹកចិត្ដ​ដល់​កម្មករ​ និយោជិត​ ឲ្យ​បញ្ឈប់​សកម្មភាព​ដែល​តែង​ប្រមូលផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម​ កូដកម្ម​ ដោយ​ងាក​មក​រក​តុ​ចរចា​ និង​ស្វែងរក​អន្ដ​ រាគ​មន៍​ពី​ក្រសួង​ការងារ​ ស្ថាប័ន​ដែល​មាន​សមត្ថកិច្ច​ជួយ​ដោះស្រាយ​វិវាទ​ការងារ​វិញ​ជា​ការ​ប្រសើរ​។​ លោក​ ជុំ​ ចេស្ដា​ ៖«​ អ​ញ្ចឹ​ង​គោលដៅ​ចម្បង​បំផុត​គឺ​ខ្ញុំ​ចង់​បង្ហាញ​ពី​ ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​នេះឯង​ ចង់​ឲ្យ​ពួក​គាត់​បាន​មើល​ហើយ​ស្គាល់​កាន់តែ​ច្បាស់​ថា​ ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ហ្នឹង​មាន​តួនាទី​ធ្វើ​អ្វី​ អ​ញ្ចឹ​ង​ខ្ញុំ​គិត​ថា​ ក្រោយ​ពួក​គាត់​បាន​មើលទៅ​គាត់​នឹង​ផ្លាស់​ប្ដូរ​ផ្នត់គំនិត​ចាស់​ ដែល​ពី​មុន​ភ្លាម​ឡើង​គាត់​ចង់​ធ្វើ​បាតុក​ ឬ​ធ្វើ​អ្វីមួយ​នោះ​ ខ្ញុំ​គិត​ថា​ គាត់​ច្បាស់​ជា​ផ្លាស់​ប្ដូរ​អារម្មណ៍​របស់​គាត់​មក​សាកល្បង​ពិភាក្សា​ជាមួយ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​»​។​

​ជា​និច្ចកាល​បាតុកម្ម​បាន​ផ្ទុះ​ឡើង​ ខណៈ​ដំណោះស្រាយ​វិវាទ​ការងារ​ រវាង​កម្មករ​ និយោជិត​ និង​ ថៅកែ​ និយោជក​ មិន​អាច​រក​ចំណុចរួម​បាន​។​ ចេស្ដា​ មើលឃើញ​ថា​ កាលណា​មាន​បាតុកម្ម​ នឹង​បង្ក​រការ​លំបាក​ជា​ច្រើន​ដល់​កម្មករ​ និយោជិត​។​
​ទាក់ទិន​នឹង​ការ​រៀបចំ​ការ​ប្រកួត​ផលិត​ខ្សែភាពយន្ដ​ខ្នាត​ខ្លី​នេះ​ គណៈកម្មការ​មួយ​រូប​ ដែល​បាន​ចូលរួម​វាយតម្លៃ​អំពី​គុណភាព​ និង​បច្ចេកទេស​ នៃ​ការ​ផលិត​ យល់​ឃើញ​ថា​ ការ​ប្រកួត​នេះ​គឺជា​សកម្មភាព​ដ៏​ប្រសើរ​មួយ​ ព្រោះ​អាច​ធ្វើ​ឲ្យ​យុវជន​មានការ​រីក​ចម្រើន​ បង្ហាញ​ពី​ស្នាដៃ​របស់​ពួក​គេ​ ហើយ​ស្វែង​យល់​កាន់តែ​ច្បាស់​ ពី​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ ព្រមទាំង​បញ្ជូន​ព័ត៌មាន​ទាំង​អស់នោះ​ ទៅ​ប្រជាពលរដ្ឋ​ខ្មែរ​ផ្សេងៗ​ទៀត​។​

​អ្នក​នាង​ អាត​ សុធា​វី​ ជា​ ទីប្រឹក្សា​វី​ដេ​អូ​ នៃ​ Development​ Innovation​ របស់​ USAID​ ហើយ​ក៏​ជា​គណៈកម្មការ​វាយតម្លៃ​បច្ចេកទេស​មួយ​រូប​ផង​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ថា​ មុន​ឈាន​ដល់​ការ​សម្រេច​ជ្រើសរើស​យក​ខ្សែភាពយន្ដ​ណាមួយ​ ដែល​បាន​ចូលរួម​ប្រកួតប្រជែង​ ទៅ​ដាក់​នៅ​លើ​គេហទំព័រ​ ដើម្បី​ឲ្យ​ទស្សនិកជន​បោះ​ឆ្នោត​ផ្តល់​ពិន្ទុ​ស​ម្រ​ច​នោះ​ ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ បាន​ធ្វើការ​ត្រួតពិនិត្យ​លើ​ខ្លឹមសារ​ គុណភាព​ និង​បច្ចេកទេស​ក្នុង​ការ​ថត​ និង​ ផ្តល់​ពិន្ទុ​មួយ​វគ្គ​រួច​ហើយ​ រីឯ​វគ្គ​ចុង​ក្រោយ​គឺ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ជា​អ្នក​សម្រេច​។​ លទ្ធផល​ពិន្ទុ​វគ្គ​ទី​១​ និង​ វគ្គ​ចុង​ក្រោយ​បូក​បញ្ចូល​គ្នា​ នឹង​ឃើញ​លទ្ធផល​អ្នក​ទទួល​បាន​ជ័យ​លា​ភី​។​

​អ្នក​នាង​ អាត​ សុធា​វី​ មើលឃើញ​ថា​ នេះ​ជា​កម្មវិធី​ដ៏​ល្អ​មួយ​ ដែល​អាច​ផ្សព្វផ្សាយ​ព័ត៌មាន​ដល់​ពលរដ្ឋ​ខ្មែរ​ ជា​ពិសេស​កម្មករ​ កម្មការិនី​ឲ្យ​យល់​ និង​ដឹង​កាន់តែ​ច្បាស់​ ពី​កន្លែង​ផ្ដល់​សេវា​ដោះស្រាយ​វិវាទ​ការងារ​រួម​ ជួន​ពួក​គេ​ ស្រប​តាម​ច្បាប់​ ជា​ពិសេស​ នេះ​ជា​សារ​ តាម​រយៈ​វី​ដេ​អូ​ដែល​ងាយ​យល់​សម្រាប់​ កម្មករ​ កម្មការិនី​ និយោជិត​ និង​និយោជក​។​ អ្នក​នាង​ អាត​ សុធា​វី​ ៖«​ដូច​ខ្ញុំ​ថា​អ​ញ្ចឹ​ង​ វី​ដេ​អូ​ជា​វិធីសាស្ដ្រ​មួយ​ជួយ​ឲ្យ​អ្នក​ដែល​បាន​មើល​ពី​អត្ថន័យ​ខ្លឹមសារ​ហ្នឹង​គឺ​ងាយ​ឆាប់​យល់​ ពីព្រោះ​អី​វា​មាន​រយៈពេល​ខ្លី​ ៣​ ឬ​ក៏​៤​នាទី​ អី​អ​ញ្ចឹ​ង​គឺ​គាត់​អាច​ស្វែង​យល់​នីតិវិធី​មួយ​ចំនួន​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​។​ បើ​យើង​គិត​ពី​នីតិវិធី​ផ្លូវច្បាប់​ទាំង​ខ្ញុំ​ផ្ទាល់​ និង​អ្នក​ដែល​ធ្វើការ​មួយ​ចំនួន​ ជា​ពិសេស​បងប្អូន​កម្មករ​ កាត់ដេរ​ហ្នឹង​ ពេល​ខ្លះ​យើង​អត់​សូវ​បាន​ស្វែង​យល់​អំពី​បញ្ហា​ផ្លូវច្បាប់​ទេ​ ក៏​ប៉ុន្ដែ​តាម​រយៈ​វី​ដេ​អូ​ខ្លីៗ​នេះ​គឺ​យើង​អាច​មើល​ដឹង​ថា​ អូ​ខេ​ ក្នុង​ករណី​ដែល​យើង​មាន​បញ្ហា​ ទំនាស់​អី​អ​ញ្ចឹ​ង​តើ​យើង​ធ្វើ​យ៉ាងម៉េច​ អ​ញ្ចឹ​ង​ខ្ញុំ​គិត​ថា​ វិ​ដេ​អូ​ហ្នឹង​ជា​គន្លឹះ​មួយ​ប្រាប់​ទៅ​គាត់​ថា​ ពេល​មាន​បញ្ហា​តើ​គាត់​គួរ​ទៅ​កន្លែង​ណា​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​របស់​គាត់​»​។​

​វិវាទ​ការងារ​រួម​ គឺជា​សមត្ថកិច្ច​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ ដែល​នឹង​ដោះស្រាយ​ជូន​កម្មករ​ កម្មការិនី​ និយោជិត​ និង​និយោជក​ បន្ទាប់​ពី​ពួក​គេ​មិន​ព្រម​ស្រុះស្រួល​គ្នា​ ត្រឹម​ដំណាក់កាល​ដោះស្រាយ​វិវាទ​ការងារ​ នៅ​ក្រសួង​ការងារ​។​

​កម្មវិធី​ ផលិត​ខ្សែភាពយន្ត​អប់រំ​ខ្នាត​ខ្លី​ ដែល​ផ្ដួចផ្ដើម​ដោយ​ស្ថាប័ន​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ឆ្នាំ​២០១៧​នេះ​ គឺជា​លើក​ដំបូង​។​ មូលហេតុ​ដែល​ស្ថាប័ន​ដោះស្រាយ​វិវាទ​ការងារ​រួម​មួយ​នេះ​ បង្កើត​កម្មវិធី​ប្រកួតប្រជែង​ផលិត​ខ្សែ​ភាព​ យន្ដ​ខ្នាត​ខ្លី​នេះ​ឡើង​ គឺ​ក្នុង​គោលបំណង​ពង្រឹង​ការ​យល់​ដឹង​ជា​សាធារណៈ​ អំពី​យន្ដការ​ដោះស្រាយ​វិវាទ​ការងារ​ដោយ​សន្ដិវិធី​ និង​ ចូលរួម​ចំណែក​ធ្វើ​ឲ្យ​មានការ​រីក​ចម្រើន​ ដល់​សេដ្ឋកិច្ចជាតិ​។​ ប្រធានបទ​សម្រាប់​ការ​ប្រកួតប្រជែង​ឆ្នាំ​ទី​០១​ នេះ​គឺ​ “​តួនាទី​របស់​ក្រុមប្រឹក្សា​អា​ជ្ជា​កណ្ដាល​ ក្នុង​ធ្វើ​ឲ្យ​ប្រសើ​ឡើង​នូវ​ទំនាក់ទំនង​រវាង​កម្មករ​ និយោជិត​ និង​និយោជក“​។​

​លោក​ ម៉ែ​ន​ និម្មិត​ នាយក​ប្រតិបត្ដិ​ នៃ​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ថា​ មូលហេតុ​ដែល​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​រៀបចំ​កម្មវិធី​នេះ​ឡើង​ ពីព្រោះ​តែ​ នេះ​ជា​ការ​ផលិត​វី​ដេ​អូ​ខ្លី​ អាច​បង្ហោះ​លើ​បណ្ដាញ​សង្គម​ ហ្វេ​ស​ ប៊ុ​ក​ ឬ​ក៏​លើ​ YouTube​ ដើម្បី​ផ្សាយ​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​ទី​ជនបទ​ឆ្ងាយៗ​ ពិសេស​សម្រាប់​ក្មេងៗ​ យុវជន​ជំនាន់​ក្រោយ​ ដែល​មិន​ធ្លាប់​ឮ​ និង​ស្គាល់​ទាល់តែ​សោះ​ពី​តួនាទី​របស់​ ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​។​

​លោក​ ម៉ែ​ន​ និម្មិត​ សង្ឃឹមថា​ ក្រោយ​ពី​ពលរដ្ឋ​ ពិសេស​ កម្មករ​ កម្មការិនី​ បាន​ទស្សនា​វី​ដេ​អូ​នេះ​ហើយ​ ពួក​គេ​នឹង​ចេះ​ស្វែងរក​ជំនួយ​ពី​សហជីព​ អ្នក​ច្បាប់​ ពិសេស​ពី​ស្ថាប័ន​ដែល​ជួយ​គាត់​ ករណី​ជម្លោះ​មិន​អាច​​បញ្ចប់​ត្រឹម​ក្រសួង​ការងារ​។​ ​លោក​ ម៉ែ​ន​ និម្មិត​ ៖«​សម្រាប់​កម្មការិនី​ គាត់​នឹង​ចេះ​ពឹងពាក់​ទៅ​ខាង​សហជីព​ អ្នក​ច្បាប់​ ឲ្យ​តែ​គាត់​បានដឹង​ថា​ ពេល​ណា​គាត់​មាន​វិវាទ​ គឺ​មាន​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ និង​ក្រសួង​ ដែល​ជួយ​គាត់​ អ​ញ្ចឹ​ង​កាលណា​គាត់​បានដឹង​ពី​យន្ដការ​ដោះស្រាយ​វិវាទ​ហើយ​គាត់​នឹង​ស្វែងរក​ដំណោះស្រាយ​នោះ​ហើយ​បាទ​»​។​

​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដា​ គឺជា​ស្ថាប័ន​ឯករាជ្យ​ត្រីភាគី​មួយ​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៣​ ដើម្បី​ដោះស្រាយ​វិវាទ​ការងារ​រួម​។​ ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ គឺជា​ស្ថាប័ន​តែ​មួយ​ដំបូង​គេ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ផ្ដល់​សេវា​ដោះស្រាយ​វិវាទ​ការងារ​រួម​ដោយ​ឥត​គិតថ្លៃ​។​ កម្មករ​ និយោជិត​ និង​ ថៅកែ​ និយោជក​ ទទួល​បាន​ជំនួយ​ដោយ​ផ្ទាល់​ពី​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​។​ ការ​ដោះស្រាយ​វិវាទ​ការងារ​ ការ​សម្របសម្រួល​ និង​ការ​ធ្វើ​អាជ្ញាកណ្ដាល​ ជា​កិច្ចការ​របស់​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ ដើម្បី​ធានា​នូវ​សុ​ខុ​ដុម​នី​យ​កម្ម​ និង​ទំនាក់ទំនង​ល្អ​នៅ​កន្លែងធ្វើការ​រវាង​កម្មករ​ និយោជិត​ និង​ថៅកែ​ និយោជក​៕

បញ្ចេញមតិ

Be the First to Comment!

avatar
wpDiscuz

ព័ត៌មានទាក់ទង

ព្រះ​វិហារ​បុរាណ​អាយុកាល​ជាង​១៣០​ឆ្នាំ​មួយ​នៅ​ភ្នំពេញ​ជួសជុល​ឡើង​វិញ​

ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ដំណើរការ​គម្[...]

ប្រវតិ្តសាស្ត្រ៖មហាក្សត្រីអង្គម៉ីជាស្ដេចខ្មែរក្រោមឥទិ្ធពលរបស់ស្ដេចយួនច្រើនជាងស្ដេច  ផ្សេងៗទៀត

នៅឆ្នាំបន្ទាប់ពេលដែលព្រះរាជាអង្គច័ន្ទសុគតទៅប្[...]

រំលឹកបណ្ដាំព្រះករុណាព្រះបាទនរោត្តម សីហនុឱ្យអ្នកនយោបាយចេះសាមគី្គគ្នា

នៅថ្ងៃ១៥ តុលា ឆ្នាំ ២០១៧នេះ ជា ខួប៥ឆ្នាំ នៃកា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត