en     km
en     km

ក្រុមអង្គការក្រៅរដ្ឋាភិបាល​សម្តែងក្តីបារម្ភអំពីច្បាប់ស្តីពីគណបក្សនយោបាយថ្មី

Share

ភ្នំពេញ៖អង្គការក្រៅរដ្ឋាភិបាលចំនួនបានធ្វើការវិភាគយ៉ាងពិស្តារលើច្បាប់ស្តីពីគណបក្សនយោបាយដែលទើបនឹងធ្វើវិសោធនកម្មជាលើកទី២រួចរាល់ក្នុងសប្តាហ៍នេះដោយគិតថាច្បាប់នេះប៉ះពាល់សិទ្ធិនយោបាយរបស់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។ប៉ុន្តែមន្ត្រីរដ្ឋាភិបាលបានបកស្រាយផ្ទុយពីនេះ។

គណបក្សប្រជាជនកម្ពុជានឹងដង្ហែរក្បួនឃោសនារកសំឡេងឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី ០២ មិថុនា ជាទ្រង់ទ្រាយធំ ដោយមានវត្តមានសម្តេច ហ៊ុន សែន ផងដែរ។
គណបក្សប្រជាជនកម្ពុជានឹងដង្ហែរក្បួនឃោសនារកសំឡេងឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី ០២ មិថុនា ជាទ្រង់ទ្រាយធំ ដោយមានវត្តមានសម្តេច ហ៊ុន សែន ផងដែរ។

 

ច្បាប់ស្តីពីគណបក្សនយោបាយថ្មី«រឹតត្បិតសេរីភាពសម្តែងមតិ និងសិទ្ធិស្របច្បាប់ធ្វើនយោបាយរបស់ប្រជាពលរដ្ឋ»។

នេះគឺជាការវាយតម្លៃជារួមរបស់ក្រុមអង្គការក្រៅរដ្ឋាភិបាលចំនួន១៩ បន្ទាប់ពីបានធ្វើការវិភាគយ៉ាងពិស្តារលើសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មស្តីពីគណបក្សនយោបាយដែលទើបនឹងត្រូវអនុម័តដោយសមាជិកព្រឹទ្ធសភាកាលពីថ្ងៃទី១៨ខែកក្កដានេះ ដែលជាការធ្វើវិសោធកម្មលើកទី២ក្នុងរយៈពេលប្រាំមួយខែ។

ក្រុមអង្គការសង្គមទាំងនេះកត់សម្គាល់ថាមាត្រា៦ថ្មី(ពីរ) មាត្រា១១ មាត្រា ៤៥ និង មាត្រ៤៨នៃច្បាប់ដែលមាន១១ជំពូក បានរឹតបណ្តឹងយ៉ាងខ្លាំងលើការសម្តែងមតិនិងសិទ្ធិធ្វើនយោបាយ។

ក្នុងសេចក្តីបកស្រាយដែលផ្ញើចេញដល់បណ្តាញផ្សព្វផ្សាយកាលពីល្ងាចថ្ងៃពុធម្សិលមិញនេះក្រុមអង្គការទំាងនោះបានលើកថា កាលពីធ្វើវិសោធនកម្មលើកទី១ច្បាប់ស្តីគណបក្សនយោបាយរងការរិះគន់ខ្លំាងចំពោះខ្លឹមសារមិនច្បាស់លាស់ និងស្រពេចស្រពិលនៅកថាកថាខណ្ឌទី១ដល់៥ នៃមាត្រា៦ថ្មី«ពីរ»ចែងហាមឃាត់សកម្មភាពមួយចំនួន ដែលអាចនំាឲ្យអន្តរាយដល់«ឯកភាពជាតិ និងសន្តិសុខនៃរដ្ឋ» ហាក់បីដូចជាបើកទូលាយនំាឲ្យមានការបកស្រាយបែបអន្តោម័ត និងបែបនយោបាយ។

ដោយឡែកនៅត្រង់កថាខណ្ឌទី៦ ដល់ទី៨ បានផ្តល់វិសាលភាពកាន់តែខ្លំាងឡើងទៅបទបញ្ញត្តិ ដើម្បីរឹត ត្បិតពុំសមហេតុផលបន្ថែមទៅលើសេរីភាពខាងសមាគម និងការបញ្ចេញមតិ។ ហើយក្រសួងមហាផ្ទៃនឹង ផ្អាកសកម្មភាព បើសមាគមបំពានចំណុចណាមួយនៃមាត្រានេះ។

ក្រុមអង្គការសង្គមស៊ីវិលទំាង១៩ស្ថាបន័ក៏បានវែកញែកលើច្បាប់ករដ្ឋធម្មនុញ្ញត្រង់ចំណុចលទ្ធិប្រជាធិ បតេយ្យ សេរីពហុបក្សការទទួលស្គាល់ និងគោរពសិទ្ធិមនុស្សដូចមានចែងក្នុង រដ្ឋធម្មនុញ្ញនៃអង្កការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា  និងអនុសញ្ញាទាក់ទងទៅនិងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ។

លោកសុខ ឥសាន្ត តំណាងរាស្ត្រនិងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាមិនអាចទាក់ទងបានទេនៅថ្ងៃនេះ។

លោក គឹម សន្ដិភាព អ្នកនាំពាក្យក្រសួងយុត្ដិធម៌បានថ្លែងក្នុងវេទិកាតុមូលដែលរៀបចំដោយរាជបណ្ឌិតសភាកាលពីថ្ងៃពុធថាការធ្វើវិសោធនកម្មច្បាប់នេះគឺដើម្បីធ្វើឲ្យគ្រប់គណបក្សនយោបាយមានភាពស្អាតស្អំ និងកំណត់ពីភាពស្អាតស្អំរបស់បុគ្គលដែលជាមេដឹកនាំរបស់គណបក្សនយោបាយនោះ។

«ដូច្នេះហើយជាលក្ខខណចាំបាច់គឺការពង្រឹងនូវភាពស្អាតស្អំរបស់គណបក្សនយោបាយការពង្រឹងនូវភាពស្អាតស្អំរបស់មេដឹកនាំគណបក្សនយោបាយ គឺជាការពង្រឹងប្រជាធិបតេយ្យនៅកម្ពុជាដោយធ្វើដំណើរទៅលើផ្លូវប្រកបដោយសិរភាព និងសន្ដិភាព»។

អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះពន្យល់ថាច្បាប់នេះមិនមែនសំដៅដល់គណបក្សប្រឆាំងណាមួយនោះទេ។ ប៉ុន្ដែច្បាប់នេះនឹងត្រូវអនុវត្ដន៍សម្រាប់គ្រប់គណបក្សនយោបាយ។

ច្បាប់ស្តីពីគណបក្សនយោបាយដែលទើបនឹងធ្វើវិសោធនកម្មនេះមាន ១១ជំពូក និង៥០មាត្រា។ ច្បាប់នេះកំពង់រង់ចាំព្រះមហាក្សត្រឡាយព្រហស្ថលេខាដើម្បីផ្តល់សុពលភាពសម្រាប់ការអនុវត្ត៕

Share

Image
Image
Image