loader

ក្រសួង​ការងារ ​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ ទៅ​លើ​រោងចក្រ​ដែល​បណ្ដោយ​ឲ្យ​កម្មករ​ កម្មការិនី​ សន្លប់​

​ភ្នំពេញ​ ៖​ រដ្ឋមន្ដ្រីក្រសួង​ការងារ​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ ទៅ​លើ​រោងចក្រ​ដែល​កម្មករ​ កម្មការិនី​ ដួល​សន្លប់​។ ​ការ​ព្រមាន​នេះ​ បន្ទាប់​ពីមាន​ករណី​កម្មករ​ កម្មការិនី​ ដួល​សន្លប់​ជា​បន្តបន្ទាប់​ នៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ ជា​ពិសេស​ ករណី​រោងចក្រ​មួយ​នៅ​ខេត្តតាកែវ​ ដែល​កម្មការិនី​ជា​ច្រើន​នាក់​បាន​ដួល​សន្លប់​កាលពីដើម​ខែធ្នូ​នេះ​។​ ជុំវិញ​រឿង​នេះ​ សហជីព​មួយ​ចំនួន​ គាំទ្រ​ ដោយ​សង្ឃឹមថា​ ក្រសួង​ការងារ​នឹង​ធ្វើ​សកម្មភាព​ម៉ឺងម៉ាត់​ និង​ ជាក់ស្ដែង​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖

រដ្ឋមន្ដ្រីក្រសួង​ការងារ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៧​ ធ្នូ​នេះ​ បាន​ដាក់​កំរិត​ធ្ងន់ៗ​ទៅ​លើ​រោងចក្រ​ដែល​អាច​ប្រឈម​នឹង​ការ​ផាកពិន័យ​ ឬ​ចាត់វិធានការ​ទៅ​តាម​ផ្លូវច្បាប់​ បើ​មាន​ករណី​កម្មករ​ កម្មការិនី​ សន្លប់​ច្រើន​ក្នុង​រោងចក្រ​នោះ​។​ ការ​ព្រមាន​នេះ​គឺ​បន្ទាប់​ពី​មាន​ករណី​កម្មករ​ កម្មការិនី​ ដួល​សន្លប់​ប្រមាណ​ជិត​ ២០០​នាក់​ នៅ​ស្រុក​បាទី​ ខេត្ដតាកែវ​កាលពី​ថ្ងៃ​ទី​០៦​ ខែធ្នូ​ ។​

​លោក​ អ៊ិ​ត​ សំ​ហេង​ រដ្ឋមន្ដ្រីក្រសួង​ការងារ​ មាន​ប្រសាសន៍​ដូចនេះ​ ខណៈ​លោក​ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ក្នុង​កម្មវិធី​ សិក្ខាសាលា​ប្រកាស​សៀវភៅ​គោលការណ៍​ណែនាំ​ ស្ដី​អំពី​ ការ​រៀបចំ​ គិលានដ្ឋាន​ សហគ្រាស់​ គ្រឹះស្ថាន​ នៅ​ទន្លេ​បាក់​២​ រាជធានី​ភ្នំពេញ​។​

​លោក​រដ្ឋមន្ដ្រី​មាន​ប្រសាសន៍​ថា​ លោក​មានការ​សោកស្ដាយ​ករណី​ ដែល​មាន​កម្មករ​ ដួល​សន្លប់​នៅ​ស្រុក​បាទី​ ខេត្ដតាកែវ​ កាលពី​ថ្ងៃ​ម្សិលមិញ​ ហើយ​លោក​នឹង​មិន​បណ្ដោយ​ឲ្យ​មាន​ករណី​នេះ​កើតឡើង​បន្ដ​ទៀត​ឡើយ​។​ ជុំវិញ​រឿង​នេះ​ លោក​នឹង​រៀបចំ​ឲ្យ​មាន​ក្រុម​អធិការកិច្ច​មួយ​ ដើម្បី​ត្រួតពិនិត្យ​បច្ចេកទេស​ និង​អនាម័យ​ តាម​រោងចក្រ​ ធ្វើការ​អង្កេត​មុន​ពេល​ដែល​អនុញ្ញាតិ​ឲ្យ​ក្រុម​កម្មករ​ កម្មការិនី​ ចូល​ធ្វើការ​។​

​លោក​សង្កត់ធ្ងន់​ថា​ ប្រសិនបើ​មាន​ក្រុមការងារ​ត្រួតពិនិត្យ​បច្ចេកទេស​ពិនិត្យ​ហើយ​ នៅ​តែ​មាន​កម្មករ​ ដួល​សន្លប់​ទៀត​ ម្ចាស់​រោងចក្រ​ និង​ក្រុម​ត្រួតពិនិត្យ​បច្ចេកទេស​ នឹង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​។​ លោក​ អ៊ិ​ត​ សំ​ហេង​ ៖«​ក្រសួង​នឹង​ចាត់ការ​ម៉ឺងម៉ាត់​តាម​ច្បាប់​ ចំពោះ​កន្លែង​ណា​ដែល​បណ្ដោយ​ឲ្យ​មា​នក​បញ្ហា​សន្លប់​ ហើយ​សហគ្រាស​ រោងចក្រ​ នឹង​ទទួលខុសត្រូវ​ ហើយ​បន្ទាប់​ពី​នោះ​ក្រុម​អធិការ​រ​កិច្ច​ក៏​នឹង​ត្រូវ​ទទួលខុសត្រូវ​រឿង​នេះ​ដែរ​ នៅ​កន្លែង​ណា​ដែល​មានរឿង​កើតឡើង​»​។​

​បន្ថែម​លើ​នេះ​រដ្ឋមន្ដ្រីក្រសួង​ការងារ​ បាន​បញ្ជាក់​ថា​ ក្រសួង​នឹង​រៀបចំ​ច្បាប់​ដាច់​ដោយឡែក​មួយ​ ស្ដី​អំពី​អនាម័យ​ និង​សុវត្ថិភាព​ការងារ​ នៅ​គ្រប់​គ្រឹះស្ថាន​ការងារ​ទាំងអស់​ ដើម្បី​ការពារ​កម្មករ​ កុំ​ឲ្យ​ពួក​គេ​ជួប​បញ្ហា​ដូចនេះ​បន្ដ​ទៀត​។​

​ទាក់ទិន​ប្រសាសន៍​របស់​រដ្ឋមន្ដ្រីក្រសួង​ការងារ​ដូចនេះ​ ប្រធាន​សភាព​ការងារ​កម្ពុជា​ លោក​ អាត់​ ធន់​ សាទរ​ដែល​ក្រសួង​មាន​គម្រោង​ពង្រឹង​ការ​អនុវត្ដ​ច្បាប់​ដើម្បី​ការពារ​សុខភាព​កម្មករ​ កម្មការិនី​។​ តែ​យ៉ាងណា​លោក​បញ្ជាក់​ថា​ កម្មករ​ កម្មការិនី​ នឹង​បាន​ផលប្រយោជន៍​ប្រ​សិន​ក្រសួង​ នឹង​ធ្វើ​ការងារ​នេះ​ប្រកបដោយ​ឆន្ទៈ​ពិតប្រាកដ​។​

​លោក​ អាត់​ ធន់​ ៖«​ប្រសិនជា​ធ្វើការ​បាន​ម៉ឺងម៉ាត់​កម្មករ​ អាច​បាន​រួច​ផុត​ ហើយ​ផា​សុភាព​ក៏​ល្អ​ដែរ​ ប៉ុន្ដែ​បើ​មាន​មន្ដ្រី​មួយ​ចំនួន​ធ្វើ​ឲ្យ​តែ​បាន​ ឬ​ក៏​ទៅ​ទៅ​ខ្លាច​មិន​ហ៊ាន​ចូល​រោងចក្រ​មាន​អ្នកធំ​កាង​ ឬ​ក៏​មន្ដ្រី​ហ្នឹង​ជាប់​ទីប្រឹក្សា​ក្រុមហ៊ុន​អី​មិន​ហ៊ាន​ធ្វើ​របាយការណ៍​ គឺ​វា​អត់​ចេញ​ទេ​ តែបើ​ធ្វើ​ម៉ឺងម៉ាត់​ខ្ញុំ​គិត​ថា​ វា​នឹង​អាច​ចេញ​ »​។​

​គួរ​ជម្រាប​ថា​ កាលពី​ថ្ងៃ​ទី​០៦​ ខែធ្នូ​ កម្មករ​ កម្មការិនី​ រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ “​ជេ​ឌី​ អេ​ន​ តូ​យូ​ស៊ី​មា​ ខូ​អិ​ល​ធី​ឌី​”​ ស្ថិត​ក្នុង​ឃុំ​ ពត់​ស​ ស្រុក​បាទី​ ខេត្ដតាកែវ​ ប្រមាណ​ជិត​ ២០០​នាក់​ បាន​ដួល​សន្លប់​។​ តាម​ការ​សន្និដ្ឋាន​ជាបឋម​របស់​អធិការ​ស្រុក​ គឺ​បណ្ដាល​មក​ពី​ក្លិន​ថ្នាំ​ជ្រលក់​ក្រណាត់​ និង​ថ្នាំ​កសិកម្ម​ ដែល​កសិករ​បាញ់​ស្មៅ​នៅ​ក្បែរ​រោងចក្រ​នោះ​។​
​មក​ដល់​ថ្ងៃ​ទី​០៧​ ខែធ្នូ​ នេះ​ កម្មករ​ កម្មការិនី​ ទាំងនោះ​បាន​ចេញពី​មន្ទី​ពេទ្យ​មួយ​ចំនួន​ធំ​ហើយ​ និង​នៅ​មួយ​ចំនួន​ទៀត​សម្រាក​បន្ដ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ដ​។​

​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ “​ជេ​ឌី​ អេ​ន​ តូ​យូ​ស៊ី​មា​ ខូ​អិ​ល​ធី​ឌី​”​ មាន​កម្មករ​សរុប​ប្រមាណ​ ៣២៧១​នាក់​ ក្នុង​ចំណោម​កម្មករ​ទាំង​អស់នេះ​ មាន​ស្ដ្រី​ចំនួន​ ៣១២០​នាក់​។​ លោក​អធិការ​ស្រុក​បាទី​ បញ្ជាក់​ថា​ ភាគី​ក្រុមហ៊ុន​ អនុញ្ញាតិ​ឲ្យ​ពួក​គេ​សម្រាក​រហូត​ដល់​ថ្ងៃ​ចន្ទ​ ស​ប្ដា​ហ៍​ក្រោយ​ទើប​ចូល​ធ្វើការ​វិញ​៕

ព័ត៌មានទាក់ទង

សៀវភៅកំណាព្យ⁣ចំណងជើង “ការវិវត្តផ្នត់គំនិតក្នុងសម័យឌីជីថល”⁣ ដាក់សម្ពោធនៅថ្ងៃនេះ

ភ្នំពេញ៖ សៀវភៅកំណាព្យ⁣ចំណងជើង “ការវិវត្តផ្នត់[...]

គ.ជ.ប៖ អំពាវនាវឲ្យពលរដ្ឋទៅពិនិត្យមើលឈ្មោះ និងផ្ទៀងផ្ទាត់ទិន្នន័យមុនថ្ងៃផុតកំណត់

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប[...]

ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិ ពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្ត លើកទី ២២

សៀមរាម៖ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិ ពាក់[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត