loader

ក្រសួងសុខាភិបាល​ ប្រាប់​ឲ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ការ​ឆ្លង​ជំងឺផ្ដាសាយបក្សី​ H5N1

​ភ្នំពេញ​ ៖​ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ នៃ​ក្រសួងសុខាភិបាល​ បាន​ចេញ​សេចក្ដី​ប្រកាស​ ប្រាប់​ដល់​ពលរដ្ឋ​ ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ ពី​ការ​ឆ្លង​ជំងឺផ្ដាសាយបក្សី​ H5N1​ ដែល​ទើបតែ​ផ្ទុះ​ឡើង​នៅ​ខេត្តកំពង់ចាម​ និង​ខេត្ដកំពង់ធំ​ កាលពី​ពេល​ថ្មីៗ​នេះ​។​ ជុំវិញ​រឿង​នេះ​ អាជ្ញាធរ​ខេត្ដកំពង់ចាម​ បញ្ជាក់​ថា​ អ្នកជំនាញ​បាន​ចុះ​ត្រួតពិនិត្យ​តាម​កសិដ្ឋាន​ចិញ្ចឹម​មាន់​ និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​ នៅ​កន្លែង​ដែល​មាន​ផ្ទុះ​ ជំងឺផ្ដាសាយបក្សី​នេះ​រួចរាល់​ហើយ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖

កាលពី​ស​ប្ដា​ហ៍​មុន​ មាន​ករណី​ឆ្លង​ជំងឺផ្ដាសាយបក្សី​ H5N1​ ទៅ​លើ​សត្វ​មាន់​ចំនួន​ ៣០​ក្បាល​ ស្ថិត​ក្នុងភូមិ​ត្រ​ពាំ​ឬ​ស្សី​ ឃុំ​ជយោ​ ស្រុក​ចំការលើ​ ខេត្ដកំពង់ចាម​ បង្ក​ឲ្យ​ពលរដ្ឋ​មានការ​បារម្ភ​ជា​ខ្លាំង​ពី​ការ​ឆ្លង​ជំងឺ​កាច​សាហាវ​មួយ​នេះ​ មក​លើ​មនុស្ស​។​

​លោក​ គឹ​ម​ សា​វឿ​ន​ ប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខ​ប្រមាញ់​ និង​នេសាទ​ ខេត្ដកំពង់ចាម​ បាន​ផ្ដល់​បទ​សម្ភាសន៍​ឲ្យ​វិទ្យុ​ស្ដ្រី​ដឹង​ថា​ លទ្ធផល​ពី​មន្ទីរពិសោធន៍​បាន​បញ្ជាក់​ថា​ សត្វ​មាន់​ទាំង​ ៣០​ក្បាល​នោះ​ គឺ​ពិតជា​បាន​ឆ្លង​ជំងឺផ្ដាសាយបក្សី​ H5N1​ ពិតមែន​។​ ក៏​ប៉ុន្ដែ​មិន​បាន​ឆ្លង​ដល់​មនុស្ស​ឡើយ​។​ លោក​បន្ដ​ថា​ ពេល​នេះ​អាជ្ញាធរ​ បាន​ចុះ​ទៅ​ផ្សព្វផ្សាយ​ប្រាប់​ពលរដ្ឋ​ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ និង​ប្រាប់​ពី​វិធី​ការពារ​ ក៏​ដូច​ជា​បាញ់ថ្នាំ​សម្លាប់​មេរោគ​ នៅ​កន្លែង​ដែល​មាន​សត្វ​មាន់​ឆ្លង​វីរុស​នេះ​។​ លោក​បន្ត​ថា​ អាជ្ញាធរ​ក៏​បាន​បាន​ចុះ​ទៅ​ដល់​កសិដ្ឋាន​ផ្សេង​ទៀត​ដែល​នៅ​ក្បែរៗ​នោះ​ ដើម្បី​ចាក់​ថ្នាំ​ការពារ​ដល់​សត្វ​មាន់​ និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​ផង​ដែរ​។​

​លោក​ គឹ​ម​ សា​វឿ​ន​៖«​យើង​បាន​លទ្ធផល​ហើយ​ គឺ​មាន​ផ្ទុក​ជំងឺផ្ដាសាយបក្សី​ ហើយ​យើង​បាន​ចាត់វិធានការ​ចុះ​ទៅ​ដល់​គោលដៅ​នោះ​រួច​អស់ហើយ​។​ យើង​មានការ​ផ្សព្វផ្សាយ​ បាញ់ថ្នាំ​ការពារ​ ហើយនឹង​ចាត់វិធានការ​បន្ដ​ ហើយ​បាន​សហការ​ជាមួយ​ព្រះរាជអាជ្ញា​ អាជ្ញាធរ​ខេត្ដ​ ស្រុក​ ហើយ​ឃុំ​ រួម​ជាមួយ​ជំនាញ​ សុខាភិបាល​ដែរ​ យើង​បាន​ចុះ​ធ្វើការ​ពីរ​ថ្ងៃ​ បី​ថ្ងៃ​ហើយ​»​។​

​ទាក់ទិន​ករណី​នេះ​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ដកំពង់ចាម​ លោក​ គឹ​ម​ សួរ​ភិ​រុណ​ មាន​ប្រសាសន៍​ថា​ មន្ដ្រី​ជំនាញ​របស់​មន្ទីរ​សុខាភិបាល​ខេត្ដ​ បាន​ចុះ​ទៅ​ដល់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​តាម​ភូមិ​ និង​សាលារៀន​ ដើម្បី​ពន្យល់​ អំពី​រោគ​សញ្ញា​ នៃ​ការ​ឆ្លង​ជំងឺផ្ដាសាយបក្សី​មក​មនុស្ស​ ដើម្បី​ឲ្យ​ពួក​គាត់​មាន​វិធានការ​ទប់ទល់​ កុំ​ឲ្យ​មានការ​ឆ្លង​វីរុស​ផ្ដាសាយ​បក្សី​ មក​មនុស្ស​។​

​លោក​ គឹ​ម​ សួរ​ភិ​រុណ​៖«​មន្ដ្រី​ជំនាញ​របស់​មន្ទីរ​សុខាភិបាល​ ជាមួយនឹង​មណ្ឌល​សុខភាព​ បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​ ជួន​ប្រជាពលរដ្ឋ​អំពី​រោគ​សញ្ញា​ និង​ការ​ឆ្លង​ជំងឺផ្ដាសាយបក្សី​មក​មនុស្ស​ហ្នឹង​ដើម្បី​គាត់​មាន​វិធានការ​ទប់ទល់​កុំ​ឲ្យ​ឆ្លង​។​ អ​ញ្ចឹ​ង​គឺ​ខាង​សុខាភិបាល​ គឺ​ខ្ញុំ​បាន​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​ចុះ​តាម​ភូមិ​ តាម​សាលារៀន​ ហើយ​រហូត​មក​ដល់​ពេល​នេះ​ យើង​អត់​មាន​មនុស្ស​ណា​ម្នាក់​ឆ្លង​ជំងឺផ្ដាសាយបក្សី​ទេ​»​។​

​សូម​រម្លឹក​ថា​ ជំងឺផ្ដាសាយបក្សី​ H5N1​ បាន​កើត​ឡើងជា​បន្ដបន្ទាប់​ និង​បាន​វាយប្រហារ​ទៅ​លើ​សត្វ​មាន់​ ក្នុង​ខេត្ដ​ចំនួន​ពីរ​ ដែល​មាន​ដូច​ជា​ ខេត្ដកំពង់ចាម​ និង​ខេត្ដកំពង់ធំ​ ក៏​ប៉ុន្ដែ​វីរុស​នេះ​ មិន​ទាន់​មាន​ករណី​ឆ្លង​មក​មនុស្ស​នៅឡើយ​ទេ​។​ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ នៃ​ក្រសួងសុខាភិបាល​ បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា​ ជំងឺផ្ដាសាយបក្សី​បាន​កើតឡើង​ទៅ​លើ​សត្វ​ នៅ​ក្នុងស្រុក​ព្រៃឈរ​ និង​ស្រុក​ចំការលើ​ ខេត្ដកំពង់ចាម​ និង​ស្រុក​ស្ទោង​ ខេត្ដកំពង់ធំ​។​

​ដោយសារ​ករណី​នេះ​ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ នៃ​ក្រសួងសុខាភិបាល​ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ប្រុង​ប្រយ័ត្ន​ខ្ពស់​អំពី​ការ​ឆ្លង​ជំងឺ​នេះ​ ជា​ពិសេស​ក្នុង​ពិធីបុណ្យ​ផ្សេងៗ​ ដែល​នឹង​ឈាន​ចូល​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​នេះ​ ដោយ​មិន​ត្រូវ​យក​សត្វ​មាន់​ ទា​ ឬ​សត្វ​បក្សី​ឈឺ​ ឬ​ងាប់​ មក​ធ្វើ​ជា​ម្ហូបអាហារ​ ឬ​លក់​បន្ដ​នោះ​ទេ​ ហើយ​ត្រូវ​រាយការណ៍​ជា​បន្ទាន់​ទៅ​កាន់​មន្ដ្រី​ជំនាញ​ នៅ​ក្នុង​ករណី​មាន​សត្វ​មាន់​ សត្វ​ទា​ ឈឺ​ ងាប់​ជា​បន្ដបន្ទាប់​។​

​តាម​ក្រសួងសុខាភិបាល​ អ្នក​ដែល​មាន​រោគ​សញ្ញា​គ្រុនក្ដៅ​ លើស​ពី​ ៣៨.៥​អង្សារ​សេ​ និង​មាន​រោគ​សញ្ញា​ ក្អក​ ឬ​ឈឺ​ក​ ឬ​ក៏​ដកដង្ហើម​ហត់​ ហើយ​មាន​ប្រវត្ដិ​ប៉ះពាល់​ជាមួយ​បក្សី​ឈឺ​ ឬ​ងាប់​ ក្នុងអំឡុងពេល​ ៧​ថ្ងៃមុន​ពេល​ចេញ​រោគ​សញ្ញា​ ចាត់​ទុក​ថា​ ជា​ករណី​សង្ស័យ​ ត្រូវ​ប​ញ្ចូ​ន​អ្នកជំងឺ​ ទៅ​មណ្ឌល​សុខភាព​ ឬ​មន្ទីរពេទ្យ​ ដែល​នៅ​ជិត​បំផុត​ដើម្បី​ធ្វើការ​ព្យាបាល​ ឬ​ទាក់ទង​ទៅ​កាន់​ទួ​រ​ស័ព្ទ​លេខ​ ១១៥​។​

​គួរ​ជម្រាប​ថា​ ចាប់តាំងពី​ឆ្នាំ​២០០៥​ ដល់​ឆ្នាំ​ ២០១៤​ ក្នុង​ប្រទេស​កម្ពុជា​ ជំងឺផ្ដាសាយបក្សី​បាន​ឆ្លង​ពី​សត្វ​បក្សី​មក​មនុស្ស​ចំនួន​ ៥៦​ករណី​ ដែល​ក្នុង​នោះ​មាន​ ៣៧​ករណី​បាន​ស្លាប់​ នេះ​បើ​យោង​តាម​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​។​ នៅ​ក្នុង​ឆ្នាំ​ ២០១៣​ មាន​ករណី​មនុស្ស​ឆ្លង​ជំងឺផ្ដាសាយបក្សី​ចំនួន​ ២៦​ករណី​ ហើយ​បង្ក​ឲ្យ​ស្លាប់​ ១៤​ករណី​ និង​នៅ​ក្នុង​ឆ្នាំ​២០១៤​ មាន​ករណី​មនុស្ស​ឆ្លង​ជំងឺផ្ដាសាយបក្សី​ចំនួន​ ៩​ករណី​ និង​បាន​បង្ក​ឲ្យ​ស្លាប់​ចំនួន​ ៤​ករណី​៕

ព័ត៌មានទាក់ទង

សមាគមកម្ពុជាការពារអ្នកកាសែត៖ សេរីភាពសារព័ត៌មានកម្ពុជាមានភាពល្អប្រសើរ

សមាគមកម្ពុជាការពារអ្នកកាសែត អះអាងថា សេរីភាពសា[...]

លោក ជា សុផារ៉ា ប្តេជ្ញាចិត្តដោះស្រាយវិវាទដីធ្លីលើដំណាំអំពៅឱ្យបានចប់ជាស្ថាពរ

រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង[...]

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកជាផ្លូវការនៅឆ្នំា២០១៩

សភាជាតិនៃប្រទេសកម្ពុជា បានទទួលធ្វើជាប្រធានវេទ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត