loader

ក្រសួងមួយចំនួនប្រកាសម្ដងទៀតពីការចាប់លោកសម រង្ស៊ីខណៈឱសានវាទការភ្នាល់ជិតឈានចូលមកដល់

ភ្នំពេញ៖ មន្ត្រីក្រសួងការពារជាតិ និងក្រសួងយុត្តិធម៌បានប្រកាសអំពីការត្រៀមចាប់ខ្លួនលោក សម រង្ស៊ី ខណៈឱសាន្តវាទនៃការភ្នាល់គ្នារវាងសម្ដេច ហ៊ុន សែន និងលោក សម រង្ស៊ី ជិតឈានចូលមកដល់ ។ តែអ្នកវិភាគព្រមានពីការបែកបាក់ជាតិកាន់តែធ្ងន់ធ្ងរ។

លោក សោម លាភ រាយការណ៍៖

 

ការប្រកាសថាចូលកម្ពុជាវិញពីលោក សម រង្ស៊ី ធ្វើឱ្យមន្ត្រីជាន់ខ្ពស់ក្រសួងពាក់ព័ន្ធនៃកម្ពុជា បានបង្ហាញពីភាពស្មោះស្ម័គ្រចំពោះរាជរដ្ឋាភិបាល ដោយកំចាត់ឱ្យខានតែបាន នៅពេលប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិមានវត្តមាននៅកម្ពុជា  ។

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាធ្លាប់ប្រកាសដោយឱ្យកងទ័ពទាំងអស់កម្ចាត់ក្រុមណាដែលប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា ។

សម្ដេចទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួននៅព្រឹកថ្ងៃទី ៧ កុម្ភៈនេះ ក្នុងន័យសម្ដៅដល់ការបញ្ជាឱ្យកងយោធពលខេមរភូមិន្ទទាំងអស់ ត្រូវបន្តហ្វឹកហាត់ឱ្យបានល្អជាប្រចាំ ដើម្បីត្រៀមខ្លួនឱ្យបាន ក្នុងការការពារជាតិមាតុភូមិកម្ពុជា ។

សម្ដេចទៀ បាញ់បន្ថែមការធ្វើបែបនេះ បើទោះបីជា កម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញរួចហើយក្តី ។

លោក កឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏បានសរសេរលើទំព័រហ្វេសបុកខ្លួនថា «ទណ្ឌិត គឺជាបុគ្គលដែលមានទោស ហើយត្រូវផ្តន្ទាទោស តាមអំណាចនៃសេចក្តីសម្រេចស្ថាពររបស់តុលាការ»

លោកបន្ថែមថា នៅពេលតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារដល់ទណ្ឌិតណាម្នាក់ហើយ  អាជ្ញាធរសាធារណៈមានកាតព្វកិច្ចអនុវត្តតាមសេចក្ដីសម្រេចរបស់តុលាការ ចាប់ខ្លួនទណ្ឌិតនោះគ្រប់ពេលវេលានៅពេលទណ្ឌិតបង្ហាញវត្តមាន ។ 

អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ រំលឹកទៀតថា ” ជង់មិនដែលភ្លេចកុក តែកុកច្រើនតែភ្លេចជង់”

បើយោងតាមការចុះផ្សាយរបស់ទំព័រហ្វេសបុកមួយឈ្មោះថា សង្គម និងយុត្តិធម៌ បានសរសេរថា លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានបញ្ជាឱ្យមន្ត្រីនៅតាមច្រកទា្វរអាកាសយានដ្ឋានអន្តរជាតិ និងច្រកទ្វារព្រំដែនអន្តរជាតិ ត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធចាប់លោក សម រង្ស៊ី ពេលណាដែលលោកវិលត្រឡប់មកកម្ពុជាវិញ ។

វិទ្យុស្ត្រីនៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ព្យាយាមទាក់ទងទៅលោក គៀត ច័ន្ធថារិទ្ធ នៅថ្ងៃនេះ តែហៅទូរស័ព្ទមិនចូល ។

ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីថ្លែងការនៅថ្ងៃទី ៧ កុម្ភៈនេះ ដោយបង្ហាញអំណរគុណ និងសេចក្ដីគោរពយ៉ាងខ្លាំងចំពោះកងសមត្ថកិច្ច ដែលបានប្ដេជ្ញាចិត្តជាឱឡារឹកក្នុងកិច្ចអនុវត្តកាតព្វកិច្ចរបស់ខ្លួន ក្នុងការការពារប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់វាសនានៃប្រទេសជាតិ  ។

ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ទៀតថា សន្តិភាព ស្ថិរភាពនយោបាយ នីត្យានុកូលភាព ប្រក្រតីភាព សណ្ដាប់ធ្នាប់ សន្តិសុខសាធារណៈ ជាកាតព្វកិច្ច ក្នុងការការពារ និងធានា ពីរាជរដ្ឋាភិបាល ដែលមិនអនុញ្ញាតឱ្យបុគ្គល ឬក្រុមណាមួយបៀតបៀនបានឡើយ ។

លោក បណ្ឌិតមាស នី អ្នកតាមដានការអភិវឌ្ឍសង្គមប្រាប់វិទ្យុស្ត្រីកម្ពុជាថា ថ្នាក់ដឹកនាំកម្ពុជាកំពុងព្រួយបារម្ភចំពោះប្រជាប្រិយភាពរបស់លោក សម រង្ស៊ី ប្រសិនបើមានវត្តមាននៅកម្ពុជា ។

លោកព្រមានពីការបែកបាក់ជាតិកាន់តែធ្ងន់បើលោកចូលប្រទេសវិញ ហើយមានការចាប់ខ្លួន។ លោកថា​កម្ពុជាក៏ត្រូវសហគមន៍អន្តរជាតិគាបសង្កត់កាន់តែខ្លាំង។

មន្ត្រីជាន់ខ្ពស់នៃកម្ពុជា ជាពិសេសគឺសម្ដេច ហ៊ុន សែន តែងតែអះអាងថា កម្ពុជាមានការអភិវឌ្ឍជឿនលឿន និងសន្ដិភាពពេញលេញពេញផ្ទៃប្រទេស ។

លោក ឯម សុវណ្ណារ៉ា អ្នកវិភាគបញ្ហានយោបាយឯករាជ្យនៅកម្ពុជាប្រាប់វិទ្យុស្ត្រីនៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ដោយលោកទទួលស្គាល់ថា កម្ពុជាមានសន្តិភាពផ្លូវការ តែចំពោះសន្តិភាពផ្លូវចិត្តសម្រាប់ពលរដ្ឋកម្ពុជាគឺមិនទាន់មានពេញលេញនោះទេ ។

ដោយឡែក អង្គការឃ្លាំមើលសេរីភាពពិភពលោក Freedom House បាន​ចេញ​របាយការណ៍​ស្តី​ពី​សេរីភាព​លើ​ពិភពលោក​ឆ្នាំ ២០១៩​ ដែលបញ្ជាក់ថា កម្ពុជាជាប្រទេសដែលគ្មានសេរីភាពនោះទេ ​។

ការបង្ហាញថាកម្ពុជាគ្មានសេរីភាពគឺអង្គការនេះ យោង​​តាមដំណើរការនៃការវិវត្តន៍​នយោបាយកម្ពុជាក្នុងរយៈពេលជិត ​២ឆ្នាំ​ចុងក្រោយនេះ ៕

អត្តបទដោយ៖ សោម លាភ

ព័ត៌មានទាក់ទង

ក្រសួងមហាផ្ទៃ ណែនាំការស្នើសុំសិទ្ធិធ្វើនយោបាយ ខណៈអ្នកវិភាគថារឹតតែបង្ហាញចរិតបំបែកបំបាក់

ក្រសួងមហាផ្ទៃ បានចេញសេចក្ដីណែនាំសម្រាប់អ្នកដ[...]

កម្លាំងសមត្ថកិច្ច ឃាត់ខ្លួនមនុស្ស១៣នាក់ក្នុងឆ្នាំ២០១៨ធ្វើសកម្មភាពផ្ដួលរំលំរដ្ឋាភិបាល

អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា កងកម្លាំងន[...]

នាយករដ្ឋមន្រ្ដី៖ ២០២៥ជាអាណត្តិកំណត់កម្ពុជាគ្មានមីន

នាយករដ្ឋមន្រ្ដី៖ ២០២៥ជាអាណត្តិកំណត់កម្ពុជាគ្មានមីន

ថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៩

សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនប្រកាសថា កម្ពុជាន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត