en     km
en     km

កសិករលក់បន្លែធម្មជាតិ សប្បាយចិត្តនឹងទៅលក់ទីផ្សារបន្លែធម្មជាតិនៅពោធិ៍សាត់

Share

ផ្សារបន្លែធម្មជាតិដ៏ធំមួយនៅខេត្តពោធិ៍សាត់ នឹងលេចរូបរាងឡើង ក្នុងពេលឆាប់ៗខាងមុខនេះ ។ខណៈផ្សារបន្លែធម្មជាតិមួយនេះ កំពុងដំណើរការសាងសង់ និងត្រៀមឱ្យដាក់លក់ កសិករកំពុងលក់បន្លែនៅលើចិញ្ចើមផ្លូវ សប្បាយចិត្តជាខ្លាំង។ ពួកចង់ឱ្យផ្សារនេះ ឆាប់បានដំណើរការ។

កញ្ញា ឆេង ណាតា ដែលជួបកសិករកំពុងលក់បន្លែទាំងនោះ រៀបចំបទយកការណ៍ជូនលោកអ្នកស្តាប់ដូចតទៅ៖

អ្នកស្រីចន្ថាកំពុងលក់បន្លែនៅក្បែររបងវត្តពាលញែក
អ្នកស្រីចន្ថាកំពុងលក់បន្លែនៅក្បែររបងវត្តពាលញែក

នៅលើចញ្ចើមផ្លូវ តាមរបងវត្តពាលញែក ក្បែរផ្សារធំថ្មីខេត្តពោធិ៍សាត់ គឺជាកន្លែងលក់បន្លែប្រចាំថ្ងៃរបស់កសិករខ្នាតតូច។ បន្លែដែលពួកគេយកមកលក់ភាគច្រើន គឺជាបន្លែធម្មជាតិ ដែលដាំដោយខ្លួនឯង។

នៅពេលដឹងថា ផ្សារបន្លែធម្មជាតិដ៏ធំមួយ នឹងលេចរូបរាងនៅពេលខាងមុខនេះ ក្រុមកសិករដែលកំពុងលក់នៅលើចិញ្ចើមផ្លូវរីករាយសាទរនឹងដំណឹងនេះ ដោយរំពឹងថា ពួកគេនឹងមានកន្លែងលក់ល្អជាងរាល់ថ្ងៃនេះ ហើយបន្លែពួកគេក៏មានទីផ្សារជាងមុនដែលធ្វើឱ្យពួកគាត់ ខិតខំ ដាំបន្លែធម្មជាតិ សមទៅតាម តម្រូវការរបស់ អ្នកទទូលទាន។

ស្ថិតក្នុងវ័យ៣៧ឆ្នាំ អ្នកស្រី ចន្ថា ដែលកំពុងលក់បន្លែនៅក្បែររបងវត្តពាលញែក បានដឹងពី គម្រោងនៃការបង្កើតផ្សារបន្លែធម្មជាតិនេះ។ អ្នកស្រីបានដឹងពីគម្រោងនេះបន្ទាប់ពីអ្នកស្រីបាន ចូលរួមប្រជុំ ជាមួយតំណាងផ្សារ។

ក្រោយបានដឹងពីគម្រោងផ្សារបន្លែធម្មជាតិនេះ អ្នកស្រីសប្បាយចិត្តយ៉ាងខ្លាំង។ អ្នកស្រីរំពឹងនឹងបានកន្លែងលក់ល្អជាងរាល់ថ្ងៃហើយបន្លែរបស់អ្នកស្រីកាន់តែមានអនាម័យល្អ។

និយាយដោយទឹកមុខរីករាយ ដោយចាប់យកបន្លែមកថ្លឹងឱ្យអ្នកទិញ ស្រី្តវ័យកណ្តាលរូបនេះ បាននិយាយទាំងញញឹមញញែមថា អ្វីដែលធ្វើអ្នកស្រីសប្បាយចិត្តជាងនេះទៅទៀត ក្នុងរយៈពេល៥ឆ្នាំដំបូងនេះ អ្នកលក់ទាំងអស់ នឹងលក់ដូរដោយមិនចំណាយទៅលើថ្លៃតូបឡើយ។

អ្នកលក់បន្លែមកពីភូមិសាឡុង ឃុំស្វាយលួង ស្រុកកណ្តៀងរូបនេះ បានរៀបរាប់បន្តថា បន្លែដែលអ្នកស្រីយកមកលក់សព្វថ្ងៃនេះ គឺដាំខ្លួនឯងផ្ទាល់ និងទិញពីអ្នកភូមិយកមកលក់បន្ត។ អ្នកស្រីបានឱ្យដឹងបន្ថែមថា នៅពេលដែលផ្សារនេះចាប់ផ្តើមបើកដំណើរការ អ្នកស្រីគ្រោងនឹងពង្រីកដើមទុនបន្ថែមទៀត ដើម្បីពង្រីកការដាំខ្លួនផង និងបង្កើនការទិញពីអ្នកភូមជិតខាងផង។

ប្រមកបដោយ ទឹកមុខញញឹម អ្នកស្រី ថូ រឿន ដែលលក់នៅជាប់នឹងអ្នកស្រី ចន្ថា ប្រាប់ទាំងអារម្មណ៍រំភើបថា អ្នកស្រីបានត្រៀមខ្លួន និងបង្កើនដើមទុនរួចហើយ ដើម្បីទៅជួលតូបលក់បន្លែនៅផ្សារបន្លែថ្មីនោះ។

ស្រ្តីវ័យ៥៤ ឆ្នាំ មកពីសង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់រូបនេះ សង្ឃឹមថា ការលក់បន្លែរបស់អ្នកស្រីនឹងល្អប្រសើរជាងមុន បន្ទាប់ពីទៅលក់នៅផ្សារនោះ ដែលធ្វើឱ្យជីវភាពល្អជាងរាល់ថ្ងៃ។

ដោយឡែកអ្នកលក់បន្លែវ័យចំណាស់ពីរនាក់ប្តីប្រពន្ធនេះវិញ លក់បន្លែនៅមិនឆ្ងាយពីអ្នកស្រីចន្ថា ហាក់មិនសូវដឹងច្បាស់ពីគម្រោងបើកផ្សារបន្លែធម្មជាតិនេះច្បាស់ទេ ព្រោះតែមិនត្រូវបានតំណាងផ្សារហៅទៅប្រជុំ។ បែបនេះ ពួកទាំងពីរនាក់បាន ត្រៀមរួចហើយក្នុងការទៅជួលតូបលក់បន្លែនឹងគេ។

ពួកគាត់ ចង់ឱ្យពន្លឿនការសាង់សង់ផ្សារនេះឱ្យបានឆាប់ ខណៈដែលការលក់ដូសព្វថ្ងៃនេះ មិនបង្កភាពងាយស្រួលដល់ពួកគាត់។

បុរសជាប្តីឈ្មោះ ញឹក ស៊ីថា អាយុ៥៥ឆ្នាំ មកពីភូមិអន្លង់ហាត ស្រុកកណ្តៀង បានរៀបរាប់ថា ក្រៅតែពីការលក់មិនសូវដាច់ វាក៏ប្រឈមមុនគ្រោះថ្នាក់ផងដែរ ដោយសារលក់លើចិញ្ចើមផ្លូវ ឡាន ម៉ូតូ បើកទៅមកលឿនងាយគ្រោះថ្នាក់។ សំលេង

បច្ចុប្បន្ននេះ ទីផ្សារបន្លែងពីវៀតណាម កំពុងវាយលុកទីផ្សារបន្លែនៅកម្ពុជា។ បន្លែនៅមកពីវៀតណាម ច្រើនតែជាបន្លែគីមី។ បន្លែប្រភេទនេះ អាចធ្វើឱ្យប៉ះពាល់ អ្នកទទួលទាន។

ងាកមកអ្នកលក់បន្លែវ័យ២៨ឆ្នាំរូបនេះវិញ ទឹកមុខហាក់មិនរីករាយ ជាមួយនឹងដំណឹងផ្សារបន្លែធម្មជាតិថ្មីនេះនោះទេ។ មិនរីករាយដោយសារ តែបន្លែដែលកញ្ញាកំពុងលក់ មានដូចជាខ្ទឹមបារាំង ម្ទេសប្លោក ការ៉ុត ជាដើម មិនមែនជាបន្លែធម្មជាតិ។ កញ្ញាស្រី ពៅ បានប្រាប់ថា បន្លែដែលនាងយកមកលក់រាល់ថ្ងៃ គឺយកមកពីភ្នំពេញ ដែលវាជាបន្លែនាំចូលមកពីវៀតណាម។

បែបនេះក្តី កញ្ញាបានត្រៀមខ្លួន ដើម្បីទៅលក់នៅផ្សារបន្លែធម្មជាតិគ្មានជាតិគីមីនេះដែរ។ ហើយប្រសិនបើគេមិនអនុញ្ញាតឱ្យលក់ កញ្ញា នឹងចេញមកលក់កន្លែងដើមវិញ។

pursart3

ផ្សារបន្លែធម្មជាតិ គ្មានជាតិគីមី នៅខេត្តពោធិ៍សាត់ គឺជាគម្រោងទី២ បន្ទាប់ពីខេត្តបាត់ដំបង។ប៉ុន្តែគម្រោងសាងសង់នៅលើទឹកដីខេត្តពៅធិ៍សាត់នេះ មានទំហំធំជាងខេត្តបាត់ដំបង។

ផ្សារបន្លែធម្មជាតិគ្មានជាតិគីមីនេះ នឹងលេចរូបរាងឡើងក្នុងទំហំដី៥០ហិចតា ព្រមជាមួយផ្ទះល្វែងជាច្រើនរយខ្នង ដែលជាគម្រោងរបស់លោក ឧកញ៉ា ភូ ពុយ។

គម្រោងនេះ ស្ថិតក្នុងភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នៅខាងលិចស្ពានថ្មបត់ឆ្វេងប្រមាណតែចម្ងាយ៥០ម៉ែត្រប៉ុណ្ណោះ។

តាមគម្រោងប្រជាកសិករនៅខេត្តពោធិ៍សាត់អាចលក់បន្លែ ដោយសេរី និងមិនចំណាយថវិការយៈពេលប្រាំឆ្នាំ។

គម្រោងផ្សារបន្លែធម្មជាតិ កំពុងសាសង់នៅខេត្តពោធិ៍សាត់
គម្រោងផ្សារបន្លែធម្មជាតិ កំពុងសាសង់នៅខេត្តពោធិ៍សាត់

គោលបំណងនៃផ្សារបន្លែនេះ គឺជួយរកទីផ្សារអោយប្រជាកសិករលក់បន្លែដែលពួកគាត់ដាំដុះបានដោយមិនប្រើជាតិគីមី ដើម្បីចែកចាយក្នុងខេត្ត ក៏ដូចជានាំចេញមកលក់នៅភ្នំពេញ។ មួយវិញទៀតគម្រោងនេះគឺចូលរួមកាត់បន្ថយការនាំបន្លែចូលពីប្រទេសជិតខាង។

អ្នកស្រីចន្ថា ដែលបានត្រៀមខ្លួនមកលក់នៅផ្សារបន្លែធម្មជាតិដែលមានស្តង់ដារនេះ បានបញ្ជាក់ថាបន្លែដែលគាត់បានដាំ និងទទួលពីភូមិយកមកលក់បន្តនេះ គឺជាបន្លែធម្មជាតិពិតប្រាកដដោយមិនប្រើថ្នាំគីមីនោះទេ។ ការណ៍ដែលអ្នកស្រីប្រកដដូចនេះ ដោយសារភូមិភាគច្រើន គឺពួកគេដាំបន្លែជាលក្ខណៈគ្រួសារ បន្តិចបន្តួច  និងប្រើជីធម្មជាតិដូចជាទឹកនោមនិង ជីលាមកសត្វគោ ក្របីជាដើម៕

Share

Image
Image
Image