loader

ករណី​សត្វ​មាន់​មាន​ផ្ទុក​ជំងឺផ្ដាសាយបក្សី​ត្រូវ​បាន​រក​ឃើញ​ នៅ​ក្នុងភូមិ​ភ្នំពេញ​ថ្មី​ រាជធានី​ភ្នំពេញ​

ភ្នំពេញ​ ៖​ សត្វ​មាន់​ចំនួន​ ០៣​ក្បាល​ ត្រូ​បាន​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​សុខភាព​សត្វ​ បង្ហាញ​លទ្ធផល​ថា​ មាន​ផ្ទុក​ជំងឺផ្ដាសាយបក្សី​ ក្នុង​អនុ​ក្រុម​ A1​ (H5N1)​ កាលពី​ថ្ងៃ​ទី​០៩​ ខែមករា​។​ តែ​យ៉ាងណា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​អះអាង​ថា​ មក​ដល់​ថ្ងៃ​ទី​១៣​ មក​រា​នេះ​ អាជ្ញាធរ​មិន​ទាន់​រក​ឃើញ​មាន​មនុស្ស​ណា​ម្នាក់​ឆ្លង​វីរុស​នេះ​នៅឡើយ​ទេ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖​

លទ្ធផល​វិភាគ​របស់​វិទ្យាស្ថាន​ជាតិ​ ស្រាវជ្រាវ​សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វ​ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វ​ ដែល​បាន​ធ្វើ​វិភាគ​មេរោគ​ផ្ដាសាយ​បក្សី​ លើ​សំណាក​សត្វ​មាន់​ចំនួន​ ០៣​ក្បាល​ ពី​ភូមិ​ភ្នំពេញ​ថ្មី​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ត្រូវ​បាន​រក​ឃើញ​ថា​ សត្វ​មាន់​នោះ​មាន​ផ្ទុក​ជំងឺផ្ដាសាយបក្សី​ដែល​បង្ក​ដោយ​វីរុស​ក្នុង​អនុ​ក្រុម​ A1​ (H5N1)​។​

​តាម​ប្រសាសន៍​របស់​លោក​វេជ្ជបណ្ឌិត​ លី​ សូ​វណ្ណ​ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ ដែល​បាន​ផ្ដល់​បទ​សម្ភាសន៍​ឲ្យ​វិទ្យុ​ស្ដ្រី​អេ​ហ្វ​អឹ​ម​១០២​ នៅ​ថ្ងៃ​ទី​១៣​ មក​រា​ នេះ​ ឲ្យ​ដឹង​ថា​ ពិតជា​មាន​ករណី​មាន់​ផ្ទុក​ជំងឺផ្ដាសាយបក្សី​ កើតឡើង​នៅ​រាជធានី​ភ្នំពេញ​ពិតមែន​។​ តែ​យ៉ាងណា​លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា​ ក្រោយ​ទទួលលទ្ធផល​ពិសោធន៍​ភ្លាម​ ក្រុម​គ្រួ​ពេ​ទ​ជំនាញ​ទាំង​ខាង​ព្យាបាល​សត្វ​ និង​មនុស្ស​ បាន​ចុះ​ទៅ​ដល់​កន្លែង​ភ្លាមៗ​ ដើម្បី​ធ្វើការ​បាញ់ថ្នាំ​សម្លាប់​មេរោគ​ និង​ពិនិត្យ​តាមដាន​សុខភាព​មនុស្ស​ ថា​ តើ​មាន​ឆ្លង​ជំងឺ​ផ្ដាសាយ​ប​ក្ដី​ឬ​យ៉ាងណា​។​ លោក​វេជ្ជបណ្ឌិត​ លី​ សូ​វណ្ណ​ បន្ដ​ថា​ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១៣​ មក​រា​នេះ​ មិន​ទាន់​មាន​លទ្ធផល​ណាមួយ​បង្ហាញ​ថា​ មាន​មនុស្ស​ឆ្លង​ជំងឺផ្ដាសាយបក្សី​នៅឡើយ​ទេ​។​

​លោក​វេជ្ជបណ្ឌិត​ លី​ សូ​វណ្ណ​ ៖«​បាទ​ខាង​ពេទ្យសត្វ​ បាន​ធ្វើ​បំផ្លាញ​ និង​សម្អាត​ទីង​តាំង​ហើយ​ ហើយ​ខាង​ពេទ្យ​មនុស្ស​ក៏​បាន​តាមដាន​សុខភាព​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ រហូត​ដល់​ម៉ោង​ខ្ញុំ​និយាយ​នេះ​ (​ម៉ោង​ ១៤៖៤០​នាទី​)​ ពុំ​ទាន់​រក​ឃើញ​ថា​ មាន​ឆ្លង​ទៅ​លើ​មនុស្ស​នៅឡើយ​ទេ​។​ តែ​យ៉ាងណា​យើង​នៅ​តែ​បន្ដ​តាមដាន​សុខភាព​របស់​គាត់​រយៈ​២​អាទិត្យ​ទៀត​ ក្រោយ​ពី​សម្អាត​នោះ​»​។​

​សត្វ​មាន់​ដែល​ឆ្លង​ជំងឺផ្ដាសាយបក្សី​នា​ពេល​នេះ​ ត្រូវ​បាន​សង្ស័យ​ថា​ ទំនង​ឆ្លង​ពី​មាន់​នាំ​ចូល​ពី​តំបន់​ដែល​ធ្លាប់​មាន​ផ្ទុះ​ជំងឺផ្ដាសាយបក្សី​។​ យ៉ាងណា​ការ​រក​ឃើញ​សត្វ​មាន់​ឆ្លង​ជំងឺផ្ដាសាយបក្សី​នៅ​ភូមិ​ភ្នំពេញ​ថ្មី​ រាជធានី​ភ្នំពេញ​នា​ពេល​នេះ​ គឺ​ជាទី​តាំងទី​០៤​ ហើយ​ ដែល​សត្វ​មាន់បាន​កើត​ជំងឺផ្ដាសាយបក្សី​ពីរ​ ទីតាំង​ ស្ថិត​នៅ​ខេត្ដកំពង់ចាម​ និង​១​ ទីតាំង​ទៀត​ស្ថិត​នៅ​ខេត្ដកំពង់ធំ​។​

​ជាមួយ​គ្នា​នេះ​ លោក​វេជ្ជបណ្ឌិត​ លី​ សូ​វណ្ណ​ សំណូមពរ​ដល់​ប្រជាពលរដ្ឋ​គ្រប់​រូប​ ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ ដើម្បី​កុំ​ឲ្យ​ឆ្លង​ជំងឺផ្ដាសាយបក្សី​។​ លោក​បន្ដ​ថា​ នេះ​គឺជា​រដូវ​កាល​អាកាសធាតុ​ចុះ​ត្រជាក់​ និង​ជា​រដូវ​ដែល​សម្បូរ​ពិធីបុណ្យ​ ដូច្នេះ​គឺ​នឹង​មានការ​ដឹក​ន​ជញ្ជូន​សត្វ​មាន់​ ទា​ ច្រើន​ ដែល​ងាយ​នឹង​បង្ក​ឲ្យ​ឆ្លង​ជំងឺផ្ដាសាយបក្សី​។​ លោក​សំណូមពរ​ដល់​ពលរដ្ឋ​ នៅ​ពេល​ដែល​ឃើញ​សត្វ​មាន់​ ឬ​ទា​ ឈឺ​ងាប់​ជា​បន្ដបន្ទាប់​ សូមកុំ​យក​មក​បរិភោគ​ ឬ​លក់​បន្ដ​ ហើយ​ត្រូវ​ផ្ដល់​ព័ត៌មាន​ទៅ​កាន់​អាជ្ញាធរ​ដែល​នៅ​ជិត​បំផុត​ ឬ​ហៅ​ទូរស័ព្ទ​ទៅ​កាន់​លេខ​ ១១៥​ ដើម្បី​រាយការណ៍​ករណី​ជំងឺ​រា​ត្បា​ត​។​

​លោក​ វេជ្ជបណ្ឌិត​ លី​ សូ​វណ្ណ​ ៖«​ទោះជា​យ៉ាងណា​ក៏​ដោយ​ ប្រជាពលរដ្ឋ​ត្រូវ​ប្រុង​ប្រយ័ត្ន​បន្ដ​ទៀត​ ព្រោះ​រដូវ​នេះ​ជា​រដូវ​ត្រជាក់​ ហើយនឹង​ជា​រដូវ​ដែល​មាន​ពិធី​ច្រើន​ដូច្នេះ​ការ​ដឹក​ជញ្ជូន​មាន់​ ទា​ ច្រើន​។​ ដូច្នេះ​ឱកាស​នៃ​ការ​ឆ្លង​គឺ​អាច​កើត​មាន​ ដូច្នេះ​សូម​បងប្អូន​ បើ​ឃើញ​មាន់​ ទា​ ឈឺ​ងាប់​ក្នុងភូមិ​ សូមកុំ​យក​មក​បរិភោគ​ ឬ​មួយ​លក់​បន្ដ​ ដើម្បី​កុំ​ឲ្យ​ជំងឺ​ហ្នឹង​ដែល​កើត​មាន​ហើយ​ ហើយ​រាលដាល​ដល់​តំបន់​ដទៃ​ទៀត​»​។​

​អ្នក​ដែល​មាន​រោគ​សញ្ញា​គ្រុនក្ដៅ​ លើស​ពី​ ៣៨.៥​អង្សារ​សេ​ និង​មាន​រោគ​សញ្ញា​ ក្អក​ ឬ​ឈឺ​ក​ ឬ​ក៏​ដកដង្ហើម​ហត់​ ហើយ​មាន​ប្រវត្ដិ​ ធ្លាប់​ប៉ះពាល់​ជាមួយ​សត្វ​បក្សី​ ឈឺ​ ឬ​ងាប់​ ក្នុងអំឡុងពេល​ ៧​ថ្ងៃ​ មុន​ពេល​ចេញ​រោគ​សញ្ញា​ គឺ​ចាត់​ទុក​ថា​ ជា​ករណី​សង្ស័យ​ឆ្លង​ជំងឺផ្ដាសាយបក្សី​។​ ពលរដ្ឋ​ត្រូវ​រួត​រះ​ បញ្ជូន​អ្នកជំងឺ​ ទៅ​កាន់​មណ្ឌល​សុខភាព​ ឬ​មន្ទីរពេទ្យ​ ដែល​នៅ​ជិត​បំផុត​ដើម្បី​ធ្វើការ​តាមដាន​ និង​ព្យាបាល​ ។​

​គួរ​ជម្រាប​ថា​ ចាប់តាំងពី​ឆ្នាំ​២០០៥​ ដល់​ឆ្នាំ​ ២០១៤​ ក្នុង​ប្រទេស​កម្ពុជា​ ជំងឺផ្ដាសាយបក្សី​បាន​ឆ្លង​ពី​សត្វ​បក្សី​មក​មនុស្ស​ចំនួន​ ៥៦​ករណី​ ដែល​ក្នុង​នោះ​មាន​ ៣៧​ករណី​បាន​ស្លាប់​ នេះ​បើ​យោង​តាម​របាយការណ៍​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​។​ នៅ​ក្នុង​ឆ្នាំ​ ២០១៣​ មាន​ករណី​មនុស្ស​ឆ្លង​ជំងឺផ្ដាសាយបក្សី​ចំនួន​ ២៦​ករណី​ ហើយ​បង្ក​ឲ្យ​ស្លាប់​ ១៤​ករណី​ និង​នៅ​ក្នុង​ឆ្នាំ​២០១៤​ មាន​ករណី​មនុស្ស​ឆ្លង​ជំងឺផ្ដាសាយបក្សី​ចំនួន​ ៩​ករណី​ និង​បាន​បង្ក​ឲ្យ​ស្លាប់​ចំនួន​ ៤​ករណី​៕

ព័ត៌មានទាក់ទង

ព្រះមហាក្សត្រតែងតាំង សម្ដេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រីអាណត្តិថ្មី

ភ្នំពេញ៖ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេ[...]

ការអបអរជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជាបានបន្តធ្លាក់មកបណ្ដើរៗ

សហជីពចំនួន៦ កាលពីថ្ងៃទី ១៦សីហា បានចេញសេចក្តីថ[...]

អ្នកវិភាគគឹម សុខ ត្រូវបានដោះលែងបន្ទាប់ពីអនុវត្តទោសគ្រប់ចំនួន

ភ្នំពេញ ៖ អ្នកវិភាគនយោបាយ និងសង្គម លោក​ គឹម ស[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត