loader

ករណី​រំលោភ​ផ្លូវភេទ​លើ​ស្ដ្រី​ រយៈពេល​ ៦​ខែ​ ឆ្នាំ​២០១៨​ មានការ​កើនឡើង​

​ភ្នំពេញ​ ៖​ ករណី​រំលោភ​ផ្លូវភេទ​លើ​ស្ដ្រី​ បាន​កើនឡើង​ក្នុង​រយៈពេល​ ៦​ខែ​ ឆ្នាំ​២០១៨​។​ មន្ដ្រី​ សមាគម​អា​ដ​ហុ​ក​ ទទួល​បន្ទុក​ផ្នែក​ស្ដ្រី​ និង​កុមារ​ មើលឃើញ​ថា​ មូលហេតុ​ដែល​នាំ​ឲ្យ​អំពើ​រំលោភ​លើ​ស្ដ្រី​ នៅ​តែ​បន្ដ​កើត​មាន​ កត្ដា​ចម្បង​គឺ​បណ្ដាល​មក​ពី​ភាព​សម្បូរ​បែប​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា​។​

លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

​លោកស្រី​ ឆ​ន​ សុ​គ​ន្ធា​ ប្រធាន​ផ្នែក​ស្ដ្រី​ និង​កុមារ​ របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ អា​ដ​ហុ​ក​ មាន​ប្រសាសន៍​ថា​ រយៈពេល​ ៦​ខែ​ ក្នុង​ឆ្នាំ​២០១៨​នេះ​ បើ​យោ​តាម​របាយការណ៍​ ករណី​រំលោភ​សេពសន្ថវៈ​ របស់​ក្រសួងមហាផ្ទៃ​ បង្ហាញ​ថា​ មាន​ករណី​រំលោភ​រហូត​ដល់​ជិត​ ៥០០​ករណី​ បាន​កើតឡើង​ ៖«​ចំពោះ​ករណី​រំលោភ​យើង​ឃើញ​ថា​ តាម​របាយការណ៍​ក្រសួងមហាផ្ទៃ​មានការ​កើនឡើង​ នៅ​ក្នុង​ ៦​ខែ​ ដើមឆ្នាំ​នេះ​ មាន​រហូត​ដល់​ជិត​ ៥០០​ករណី​ ហើយ​ខ្ញុំ​មើលឃើញ​ថា​ ករណី​រំលោភ​មានការ​កើនឡើង​ច្រើន​បើ​ប្រៀបធៀប​ ជាមួយ​ឆ្នាំ​២០១៧​កន្លង​មក​»​។​

​លោកស្រី​ បន្ដ​ថា​ តាម​អ្វី​ដែ​លោកស្រី​ ដែល​ជា​អ្នក​ធ្វើ​កិច្ចការ​ដោយ​ផ្ទាល់​លើ​ការ​ទប់ស្កាត់​ករណី​ហិង្សា​លើ​ស្ដ្រី​ និង​កុមារ​ លោកស្រី​មើល​ថា​ ការ​ហូរ​ចូល​ ភាព​សម្បូរ​បែប​ នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា​ និង​ប្រភេទ​ទូរស័ព្ទ​ទំនើប​ បាន​ធ្វើ​ឲ្យ​ក្រុម​បុរស​ និង​កុមារ​ដែល​មិន​ទាន់​គ្រប់​អាយុ​ មួយ​ចំនួន​ ងាយស្រួល​ដើម្បី​ស្វែងរក​ រឿង​អាសអាភាស​ មក​មើល​ នាំ​ឲ្យ​មាន​ចំណង់​ផ្លូវភេទ​ ៖«​នេះ​គឺជា​បញ្ហា​ចម្បង​ដែល​បណ្ដាល​ឲ្យ​មាន​បញ្ហា​ការ​រំលោភ​ហ្នឹង​កើតឡើង​ រហូត​ដល់​យើង​ឃើញ​ហើយ​ ថ្មីៗ​នេះ​នៅ​ខេត្ដបាត់ដំបង​ រហូត​ដល់​ឪពុក​ខ្លួនឯង​នៅ​ពេល​គាត់​មើល​វិ​ដេ​អូ​នេះ​ហើយ​ គាត់​ចាប់រំលោភ​កូន​ខ្លួនឯង​រហូត​ដល់​ ២​នាក់​»​។​

​លោកស្រី​ សុ​គ​ន្ធា​ បន្ដ​ទៀត​ថា​ បញ្ហា​ នៃ​ការ​រំលោភ​សេពសន្ថវៈ​លើ​ស្ដ្រី​ និង​កុមារី​នេះ​ គឺជា​រឿង​ដែល​រាជរដ្ឋាភិបាល​ត្រូវ​តែ​យកចិត្ដទុកដាក់​ និង​ស្វែ​ករក​វិធីសាស្ដ្រ​យ៉ាង​ ទប់ស្កាត់​អ្វី​ ដែល​ជាដើម​ហេតុ​នាំ​ឲ្យ​ ករណី​រំលោភ​នៅ​តែ​កើត​មាន​។​ ជាង​នេះ​លោកស្រី​ បារម្ភ​ថា​ ស្ដ្រី​ និង​កុមារី​ ត្រូវ​បាន​បាត់បង់​ឱកាស​ដើម្បី​បន្ដ​ការ​សិក្សា​ និង​ការ​ចេញ​ទៅ​ខាងក្រៅ​ដើម្បី​ប្រកប​របរ​ចិញ្ចឹមជីវិត​ផ្សេងៗ​ ព្រោះតែ​ភូមិ​ ឃុំ​ របស់​ពួក​គេ​ គ្មាន​សុវត្ថិភាព​ ៖«​បញ្ហា​ដែល​វា​កើតឡើង​ភាគច្រើន​នៅ​តំបន់​ដាច់​ស្រយាល​ អ​ញ្ចឹ​ង​ធ្វើ​ឲ្យ​អ្នក​នៅ​ជនបទ​ដាច់​ស្រយាល​ ពិបាក​ឲ្យ​កូន​ទៅ​រៀន​ ពិបាក​ឲ្យ​កូន​ទៅ​ប្រកប​មុខរបរ​ ដូច​ជា​ឃ្វាលគោ​ ឬ​ក៏​ទៅ​ច្រូតកាត់​អី​ជាដើម​»​។​

​ករណី​រំលោភ​នេះ​ មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ​ ពោល​គឺ​វា​បាន​កើតឡើង​ស្ទើរ​ជា​រៀប​រាល់ថ្ងៃ​ ប្រសិនបើ​យើង​ងាក​ទៅ​មើល​លើ​បណ្ដាញ​សង្គម​ និង​ការ​សែត​ដែល​បាន​បោះពុម្ពផ្សាយ​ប្រចាំ​ថ្ងៃ​។​ បញ្ហា​ នៃ​ការ​រំលោភ​នេះ​ គឺជា​ក្ដី​កង្វល់​របស់​រាជរដ្ឋាភិបាល​ ក៏​ដូ​ជា​ សង្គម​ស៊ី​វិល​ និង​ពិសេស​ក្រុម​គ្រួសារ​ និង​ស្ដ្រី​ខ្លួនឯង​ផ្ទាល់​។​

​រាជរដ្ឋាភិបាល​ នា​ពេល​កន្លង​មក​បាន​ដាក់​បញ្ជា​ឲ្យ​មន្ដ្រី​ក្រោម​ឱវាទ​ នៅ​មូលដ្ឋាន​ទាំងអស់​ចុះ​អប់រំ​ពី​ករណី​រំលោភ​ផ្លូវភេទ​នេះ​ ដើម្បី​ធ្វើ​យ៉ាងណា​ទប់ស្កាត់​ និង​លុប​បំបាត់​ឲ្យ​បាន​ បំណង​ធានា​ឲ្យ​បាន​ភាព​សុខសាន្ដ​ និង​សុវត្ថិភាព​ស្ដ្រី​នៅ​តាម​ភូមិ​ ឃុំ​។​ ក៏​ប៉ុន្ដែ​ករណី​រំលោភ​នៅ​តែ​កើត​មាន​ ពី​មួយ​ថ្ងៃ​ ទៅ​មួយ​ថ្ងៃ​ ជា​អន្លើ​។​

​កាលពីដើម​ខែកក្កដា​ ឆ្នាំ​២០១៨​ កន្លង​ទៅ​នេះ​ របាយការណ៍​បឋម​មួយ​ ស្ដី​អំពី​ “​ហិង្សា​ផ្លូវភេទ​លើ​ស្ដ្រី​ និង​កុមារី​”​ របស់​សម្ព័ន្ធ​បងប្អូន​ស្រី​ ដែល​ជា​បណ្ដុំ​អង្គការ​សង្គម​ស៊ី​វិល​ចំនួន​៤​ ធ្វើការ​ងារ​លើក​ស្ទួយ​សិទ្ធិ​ស្ដ្រី​ បាន​បង្ហាញ​ថា​ ក្នុង​មួយ​ថ្ងៃ​មាន​ករណី​ហិង្សា​ផ្លូវភេទ​កើតឡើង​យ៉ាងតិច​ ១​ករណី​ ហើយ​វា​បាន​កើតឡើង​ទៅ​លើ​អ​និ​តិ​ជន​ភាគច្រើន​ ក្រោម​អាយុ​ ១៥​ឆ្នាំ​។​ បន្ថែម​ពី​នេះ​ជនល្មើស​ សុទ្ធតែ​ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​ជន​រង​គ្រោះ​ ដែល​ពួក​គេ​ ជា​ សាច់ញាតិ​ មិត្ដភក្ដិ​ ឬ​ក៏​ជា​គូសង្សា​ជាដើម​។​ ស្ដ្រី​ និង​កុមារី​ ត្រូវ​បាន​រង​ហិង្សា​ផ្លូវភេទ​រហូត​ដល់​ ១៩៩​ករណី​ ក្នុង​រយៈពេល​ ៦​ខែ​ ចាប់ពី​ខែតុលា​ ឆ្នាំ​២០១៧​ រហូត​ដល់​ខែមីនា​ ឆ្នាំ​២០១៨​ ។​

​សម្ព័ន្ធ​បងប្អូន​ស្រី​ បង្ហាញ​ក្ដី​ព្រួយបារម្ភ​ថា​ ករណី​រំលោភ​ផ្លូវភេទ​នេះ​ នឹង​ក្លាយជា​រឿង​មិនល្អ​ ហើយ​ក៏​នឹង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​អនាគត​ នឹង​ការ​ចង​ចាំ​របស់​ក្មេង​ស្រី​ផង​ដែរ​។​

​ទាក់ទិន​រឿង​នេះ​ លោកស្រី​ ធីតា​ ឃឹះ​ នាយិកា​អង្គការ​សីល​ការ​ ផ្ដល់​ជា​អនុសាសន៍​ថា​ ដើម្បី​លុប​បំបាត់​ និង​ទប់ស្កាត់​ ករណី​រំលោភ​សេពសន្ថវៈ​នេះ​ រដ្ឋាភិបាល​គួរតែ​អប់រំ​សង្គម​ ឲ្យ​ផ្ដល់​ការ​គោរព​សិទ្ធិ​ស្ដ្រី​ និង​ដឹង​ថា​ អំពើ​រំលោភ​នេះ​ គឺ​ខុស​នឹង​ច្បាប់​ ហើយ​ជន​ប្រព្រឹត្ដ​ត្រូវ​តែ​មានទោស​ ៖«​ត្រូវ​អប់រំ​ទៅ​ដល់​សង្គម​ ដើម្បី​ឲ្យ​មានការ​គោរព​ទៅ​ដល់​ស្ដ្រី​ ហើយ​ដឹង​ថា​ នៅ​ពេល​ដែល​មានការ​រំលោភ​ វា​មានការ​ប៉ះពាល់​ខ្លាំង​ទៅ​ដល់​ស្ថិត​អារម្មណ៍​របស់​ក្មេង​ស្រី​ ហើយ​វា​ប៉ះពាល់​សតិអារម្មណ៍​នេះ​ពេញ​មួយ​ជីវិត​របស់​ស្ដ្រី​»​។​

​ក្រៅ​តែ​ពី​ការ​ចង់​ឃើញ​យន្ដការ​អប់រំ​សង្គម​ ពី​ការ​លើកកម្ពស់​សិទ្ធិ​ស្ដ្រី​ លោកស្រី​ នៅ​ចង់​ឃើញ​ការ​រឹត​បន្ដឹង​ការ​អនុវត្ដ​ច្បាប់​ ក្នុង​ការ​ផ្ដន្ទាទោស​ជនល្មើស​ ឲ្យ​បាន​ធ្ងន់ធ្ងរ​ថែម​ទៀត​។​ ជាង​នេះ​លោកស្រី​ សំណូមពរ​ ដល់​ជន​រង​គ្រោះ​ ឬ​ក៏​ក្រុម​គ្រួសារ​ ត្រូវ​តែ​ផ្ដល់​ព័ត៌មាន​ដល់​អាជ្ញាធរ​ បើ​មាន​ករណី​រំលោភ​ផ្លូវភេទ​កើតឡើង​ គឺ​មិន​ត្រូវ​លាក់បាំង​ព័ត៌មាន​នោះ​ទេ​។​

​សូម​ជម្រាប​ថា​ អំពើ​រំលោភ​ផ្លូវភេទ​ គឺជា​អំពើ​ដែល​ខុស​នឹង​ច្បាប់​។​ យោង​តាម​ច្បាប់​ស្ដី​ពី​ការ​រំលោភ​បំពាន​ផ្លូវភេទ​ ត្រង់​មាត្រា​ ៣៩​ បាន​ចែង​ថា​ ជន​ដែល​ប្រព្រឹត្ដ​ការ​ចាប់​ ឬ​ បង្ខំ​រំលោភ​ផ្លូវភេទ​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ ពី​ ៥​ឆ្នាំ​ ទៅ​ដល់​ ១០​ឆ្នាំ​។​ លើស​ពី​នេះ​ ជន​ប្រព្រឹត្ដ​ ការ​ចាប់រំលោភ​ ហើយ​សម្លាប់​ ដោយ​គ្មាន​ចេតនា​ នៅ​ក្នុង​ច្បាប់​ ត្រង់​មាត្រា​ ២៤៤​ បាន​ចែង​ថា​ ត្រូវ​ផ​ន្ទា​ទោស​ជន​នោះ​ដាក់​ពន្ធនាគារ​ ពី​ ១៥​ ទៅ​ ៣០​ឆ្នាំ​ តែ​ចំពោះ​ករណី​រំលោភ​សម្លាប់​ដោយ​ចេតនា​ ជន​ប្រព្រឹត្ដ​ត្រូវ​ផ្ដន្ទាទោស​ ដាក់គុក​អស់​មួយ​ជីវិត​ ស្រប​ទៅ​តាម​មាត្រា​ ២០៥​ ។​ ដោយឡែក​ចំពោះ​ករណី​បៀតបៀន​កេ​រិ៍្ដ​ភេទ​ ច្បាប់​បាន​ចែង​ថា​ ត្រូវ​ផ្ដន្ទាទោស​ពី​ ១​ឆ្នាំ​ ទៅ​ ៣​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​ ២​ ទៅ​ ៦​លាន​រៀល​ ដែល​មាន​ចែង​ក្នុង​មាត្រា​ ២៤៦៕

ព័ត៌មានទាក់ទង

ប្រវត្តិសាស្ត្រ៖ស្ដេចខ្មែរអង្គម៉ីត្រូវបានអាណ្ណាមចាប់ធ្វើជាចំណាប់ខ្មាំងតែព្រះអង្គជាសេ្ដចហ៊ានបោះបង់ការគ្រងរាជ្យ

នៅឆ្នាំបន្ទាប់ពេលដែលព្រះរាជាអង្គច័ន្ទសុគតទៅ  [...]

​កីឡាការិនី​ស្នូកឃ័រ​ ស្រួ​ង​ ភា​វី​ ត្រៀម​ប្រកួត​ផ្ដាច់ព្រ័ត្រ​បន្ទាប់​ពី​ប្រកួត​ឈ្នះ​ជប៉ុន​និង​អា​ល្លឺ​ម៉​ង់​

ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ប៊ី​យ៉ា​ ឬ​ស្[...]

ដើមទុន ១ពាន់ដុល្លារ បានធ្វើឱ្យស្ត្រីម្នាក់នៅខេត្តកំពតក្លាយជាថៅកែលក់សំភារៈបង្គន់!

ជីវៈព័ត៌មាន ៖ មានមនុស្សប៉ុន្មាននាក់ ដែលគិតថា [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត