en     km
en     km

កម្មករ​ កម្មការិនី​ នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​អប្បបរមា​ ១៧០​ដុល្លារ​ក្នុង​មួយ​ខែ​ចាប់ពី​ឆ្នាំ​២០១៨

Share

​ភ្នំពេញ​ ៖​ កិច្ចប្រជុំ​ត្រីភាគី​រវាង​ក្រសួង​ការងារ​ និយោជក​ និង​សហជីព​បាន​បញ្ចប់​នៅ​ថ្ងៃ​ទី​០៥​ ខែតុលា​ ឆ្នាំ​២០១៧​ ដោយ​សម្រេច​ផ្ដល់​ប្រាក់​ឈ្នួល​អប្បបរមា​ សម្រាប់​កម្មករ​ ១៧០​ដុល្លារ​ក្នុង​មួយ​ខែៗ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ចាប់ពី​ឆ្នាំ​២០១៨​តទៅ​។

​កិច្ចប្រជុំ​នេះ​មាន​ភាគី​ចូលរួម​ពី​ក្រសួង​ការងារ​ ១៦​រូប​ ភាគី​និយោជក​ ១៦​រូប​ និង​ភាគី​សហជីព​ ១៦​រូប​។​ មុន​ឈាន​ដល់​ការ​សម្រេច​រួម​ នៃ​ការ​ផ្ដល់​ប្រាក់​ឈ្នួល​អប្បបរមា​ សម្រាប់​កម្មករ​នា​ឆ្នាំ​២០១៨​នេះ​ ទាំង​និយោជក​ និង​សហជីព​ គឺ​មាន​តួលេខ​នៃ​ប្រាក់​ឈ្នួល​ដែល​ពួក​គេ​ចង់បាន​រៀងៗ​ខ្លួន​។​ ក៏​ប៉ុន្ដែ​ទាំង​សហជីព​ និង​និយោជក​ បាន​យល់​ស្រប​តាម​ការ​ស្នើ​របស់​ក្រសួង​ការងារ​ដែល​ជា​តួលេខ​នៃ​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​ចំនួន​ ១៦៥​ដុល្លារ​។​ តែ​ដោយសារ​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ លោក​បាន​សន្យា​ថា​នឹង​ផ្ដល់​ ៥​ដុល្លារ​ពីលើ​បន្ថែម​ទៀត​ក្រោយ​ពេល​ដែល​ភាគី​និយោជក​ និង​សហជីព​ ចរចា​តម្លៃ​ប្រាក់​ឈ្នួល​កម្មករ​ឯកភាព​គ្នា​ ទើប​នាំ​ឲ្យ​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​ឆ្នាំ​២០១៨​ កើន​ដល់​ ១៧០​ដុល្លារ​ក្នុង​មួយ​ខែៗ​។​
​រដ្ឋមន្ដ្រីក្រសួង​ការងារ​លោក​ អ៊ិ​ត​ សំ​ហេង​ បាន​សម្ដែង​ក្ដី​រីករាយ​ ខណៈ​ការ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​ នៅ​ឆ្នាំ​២០១៨​ ទាំង​និយោជក​ និង​សហជីព​ បាន​យល់​ស្រប​ដោយ​គ្មាន​ការ​ជំទាស់​ ដូច​កាលពី​លើក​មុនៗ​។​

លោក​រដ្ឋមន្ដ្រីក្រសួង​ការងារ​ អ៊ិ​ត​ សំ​ហេង​

​ជាមួយ​គ្នា​នេះ​តំណាង​សហជីព​ក៏​សម្ដែង​សាទរ​ដូច​គ្នា​ដែរ​ ចំពោះ​ការ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​ សម្រាប់​កម្មករ​នៅ​ឆ្នាំ​២០១៨​ សម្រេច​ដោយ​រលូន​នៅ​ថ្ងៃនេះ​។​

​លោក​ អាត់​ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​មាន​ប្រសាសន៍​ថា​ ការ​សម្រេច​ព្រម​ទទួលយក​តួលេខ​នៃ​ប្រាក់​ឈ្នួល​ ១៧០​ដុល្លារ​នេះ​ គឺ​ដោយសារ​ក្រុម​សហជីព​មិន​ចង់​ចំណាយពេល​កាន់តែ​ច្រើន​ និង​ស្មុ​ក​ស្មាញ​ក្នុង​ការ​ចរចា​ យូរ​តទៅ​ទៀត​ ខណៈ​តួលេខ​នៃ​ប្រាក់​ឈ្នួល​នេះ​គឺ​សមរម្យ​សម្រាប់​ឆ្នាំ​២០១៨​។​

​លោក​ អាត់​ ធន់​ បន្ដ​ទៀត​ថា​ ប្រាក់​ឈ្នួល​ ១៧០​ដុល្លារ​នេះ​ លោក​គិត​ថា​ មិន​ច្រើន​ពេក​រហូត​ដល់​ធ្វើ​ឲ្យ​ក្រុម​និយោជក​មិន​អាច​បន្ដសកម្មភាព​ការងារ​របស់​ពួក​គេ​បាន​ទៀត​នោះ​ទេ​។​ តែ​យ៉ាងណា​លោក​ អាត់​ ធន​ បញ្ជាក់​ថា​ សហជីព​នឹង​នៅ​តែ​បន្ដ​តវ៉ា​ប្រាក់​ឈ្នួល​កម្មករ​នៅ​ឆ្នាំ​ក្រោយៗ​ទៀត​ បើ​ទោះបីជា​អាច​នឹង​ពិបាក​ជាង​ពេល​នេះ​ក៏​ដោយ​។​

លោក អាត់ ធន់ ប្រធានសភាពការងារកម្ពុជា

​វិស័យ​វាយ​ន​ភណ្ឌ​ គឺជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច​ដ៏​ធំ​មួយ​របស់​កម្ពុជា​ក្នុង​ចំណោម​វិស័យ​អាទិភាព​ជា​ច្រើន​ទៀត​ដែល​មាន​ដូច​ជា​ វិស័យ​ទេសចរណ៍​ និង​វិស័យ​ស្រូវ​ អង្ករ​។​ វិស័យ​វាយ​ន​ភណ្ឌ​បាន​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង​ ៧០​ម៉ឺន​នាក់​ ខណៈ​មាន​ជាង​ ៨០​ភាគរយ​គឺជា​ស្ដ្រី​៕​

Share

Image
Image
Image