loader

កម្ពុជាស្នើសុំការអនុគ្រោះពន្ធនាំចេញផលិតផលស្បែកជើងទៅអាមេរិក

ភ្នំពេញ៖ កម្ពុជាតាមរយៈក្រសួងពាណិជ្ជកម្ម និងសមាគមរោងចក្រកាត់ដេរកម្ពុជា បាន ស្នើសុំឱ្យសហរដ្ឋអាមេរិក អនុគ្រោះពន្ធលើការនាំចូលផលិតផលស្បែកជើងទៅកាន់ប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកមួយនេះ។

តាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជាបានប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី១២ សីហា នេះថា សហរដ្ឋអាមេរិកក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ នឹងបើកកិច្ចប្រជុំសភារបស់ខ្លួនដើម្បីពិភាក្សាលើការអនុគ្រោះពន្ធពីប្រទេសមានការអភិវឌ្ឍន៍តិចតួច រួមមានកម្ពុជាផងនៅពេលខាងមុខ។

 

ហាងលក់ស្បែងជើងនារីមយយកន្លែងនៅទីក្រុងភ្នំពេញ។

 ក្រសួងពាណិជ្ជកម្ម តាមរយៈសមាគមរោងចក្រកាត់ដេរកម្ពុជា កំពុងរៀបចំសំណើសុំពន្ធសេរី-កូតាសេរី ពីសហរដ្ឋអាមេរិក លើផលិតផលស្បែកជើង គឺសុំការនាំចេញស្បែកជើងកម្ពុជាទៅកាន់សហរដ្ឋអាមេរិកគឺមិនត្រូវបង់ពន្ធនោះឡើយ។ នេះបើយោងតាមរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មលោកឱក ប៊ុង បញ្ជាក់ក្នុងកិច្ចប្រជុំជាមួយតំណាងអន្តរក្រសួងពាក់ព័ន្ធ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និងបណ្តារោងចក្រផលិតស្បែកជើងជាច្រើននៅកម្ពុជាកាលពីពេលថ្មីនេះ។

លោកពន្យល់ថា សារៈប្រយោជន៍ដែលអាមេរិកនឹងទទួលបានពីការផ្តល់ពន្ធសេរី-កូតាសេរីឬការអនុគ្រោះពន្ធដល់កម្ពុជានេះ  សហរដ្ឋអាមេរិកនឹងទទួលបានផលិតផលមានគុណភាពខ្ពស់ និងមានតម្លៃថោកសម្រាប់អ្នកប្រើប្រាស់នៅអាមេរិក ដែលកើតចេញពីការមិនយកពន្ធនាំចូល និងការចំណាយថ្លៃដើមផលិតទាបពីប្រទេសកម្ពុជា។

កាលពីថ្ងៃទី២៥ ឧសភា ឆ្នាំ២០១៧ ថ្មីនេះ ក្រសួងពាណិជ្ជកម្មបានដាក់សំណើសុំការអនុគ្រោះពន្ធនាំចូលស្បែកជើងទៅកាន់សភាអាមេរិក។ សហរដ្ឋអាមេរិកនឹងត្រូវអនុម័តសំណើនេះដោយសភារបស់ខ្លួននាពេលខាងមុខ បន្ទាប់ពីទទួលបានសំណើពីប្រទេសកំពុងអភិវឌ្ឍដែលពាក់ព័ន្ធផ្សេងៗទៀត។

យ៉ាងណាក្រសួងពាណិជ្ជកម្មកម្ពុជា បាននឹងកំពុងបន្តទាមទារឲ្យអាមេរិកពន្លឿនការអនុវត្តកាតព្វកិច្ចរបស់ខ្លួនក្នុងក្របខ័ណ្ឌ WTO ក្នុងការផ្តល់ពន្ធសេរី-​កូតាសេរី ឲ្យបានយ៉ាងតិច ៩៧% ដល់ប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDCs) រួមមានកម្ពុជា ដូចដែលអាមេរិកសន្យានៅក្នុងសន្និសីទរដ្ឋមន្ត្រីនៅទីក្រុងហុងកុង កាលពីឆ្នាំ២០០៥។ ដោយឡែកចំពោះកម្ពុជា សហរដ្ឋ អាមេរិកបានអនុវត្តកិច្ចសន្យាផ្តល់នូវការអនុគ្រោះពន្ធត្រឹមតែ ៨២.៦%តែប៉ុណ្ណោះ។

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មលោកឱក ប៊ុង ក្នុងកិច្ចប្រជុំជាមួយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា កាលពីថ្ងៃទិ០៨ កញ្ញា ២០១៧។

បើតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកញ្ញា សឹង សុផារី បញ្ជាក់ប្រាប់វិទ្យុស្រ្តីនៅថ្ងៃនេះថា មូលហេតុដែលសហរដ្ឋអាមរិក មិនបានអនុវត្តតាមកាតព្វកិច្ចតាមការសន្យារបស់ខ្លួនក៏ព្រោះអាមេរិកចង់បានចំណូលរដ្ឋពីការនាំចូលទំនិញចូលប្រទេសរបស់គេគឺមិនមែនហេតុផលនយោបាយនោះទេ។

កញ្ញា សឹង សុផារី ៖«អញ្ចឹងអ្នកនាំចេញចង់តែបានចំណេញ ចង់បានរួចពន្ធ ព្រោះប្រទេសអ្នកទទួលទំនិញនាំចូល គឺចង់ តែយកពន្ធអ្បកនាំចូលស្រុកទេ ព្រោះអាហ្នឹងជាចំណូល បើគេអនុគ្រោះឱ្យយើងអស់គេហ្នឹងបាត់លុយចំណូលគេ ។ យើងអត់យល់ យើងចេះតែបកស្រាយទាញទៅនេះទៅនោះ»។

មួយទៀតដែល ក្រសួងពាណិជ្ជកម្មក៏ជំរុញឱ្យបណ្តារោងចក្រផលិតស្បែកជើងទាំងអស់នៅកម្ពុជា តាមរយៈសមាគមរោចក្រកាត់ដេរនៅកម្ពុជា (GMAC) រៀបចំធ្វើសំណើរដោយឡែកសម្រាប់ផលិតផលស្បែក ជើងសុំការអនុគ្រោះពីអាមេរិកផងដែរ។

ក្រសួងបញ្ជាក់ថា ប្រសិនបើសំណើនេះទទួលជោគជ័យ កម្ពុជានឹងទទួលបានផលប្រយោជន៍ជាច្រើន ក្នុងការបង្កើនសង្វាក់ផលិតកម្មលើផលិតផលស្បែកជើង សម្រាប់នាំចេញទៅទីផ្សារអាមេរិក ដែលជាទីផ្សារធំជាងគេទី២ បន្ទាប់ពីទីផ្សារអឺរ៉ុប ក្នុងអាត្រាពន្ធសូន្យ និងមិនមានកំណត់កូតា។

 ជាលទ្ធផល សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានសម្តែងការគាំទ្រ និងសន្យាថានឹងចាប់ផ្តើមរៀបចំសំណើរនេះ ដោយមានការចូលរួមគាំទ្រពីក្រសួងពាណិជ្ជកម្ម និងបណ្តារោងចក្រដែលពាក់ព័ន្ធទាំងអស់។

         ​ស្បែកជើងជ័រដែលមានលក់ក្នុងប្រទេសកម្ពុជា។

កាលពីចុងខែសីហាឆ្នាំ២០១៧នេះ ក្រសួងពាណិជ្ជកម្មកម្ពុជាបានស្នើឱ្យលោកស្រី Marta Prado នាយកកិច្ចការអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ពិនិត្យឡើងវិញនូវការអនុវត្តន៍កាតព្វកិច្ចអនុគ្រោះពន្ធនាំចូលទៅកាន់ទីផ្សារអាមេរិកឱ្យបាន៩៧% នៃល័ក្ខខ័ណ្ឌពន្ធគយសេរី-កូតាសេរី (GSP-DFQF) របស់អង្គការពាណិជ្ជកម្មពិភព​លោក។

ជាការឆ្លើយតបលោកស្រី Marta Prado បានស្នើឲ្យភាគីកម្ពុជាពិនិត្យឡើងវិញនូវមុខទំនិញដែលកម្ពុជាទទួលបានការអនុគ្រោះពន្ធពីសហរដ្ឋ​អាមេរិក ស្របពេលដែលអាមេរិកបាននិងកំពុងប្រកាសឲ្យបណ្តាប្រទេសដែលនឹងត្រូវទទួលផលក្រោមច្បាប់របស់ខ្លួន ពិនិត្យឡើងវិញនូវប្រព័ន្ធអនុគ្រោះពន្ធ (GSP) សម្រាប់ឆ្នាំ២០១៧។

គួររំលឹកផងដែរថា មកទល់ពេលនេះ សហរដ្ឋអាមេរិកមិនទាន់បានបំពេញកាតព្វកិច្ចពេញលេញ ដូច ដែលខ្លួនបានសន្យានៅក្នុងសន្និសីទរដ្ឋមន្ត្រីនៅទីក្រុងហុងកុង ឆ្នាំ២០០៥ នៅឡើយទេ ខណៈដែលប្រទេសអូស្ត្រាលី ណូវែលសេឡង់ ណរវ៉េ និងស្វីស បានផ្តល់ ១០០% សហគមន៍អឺរ៉ុប ៩៩% កាណាដា ៩៨.៦% ជប៉ុន ៩៧.៩% និងចិន ៩៧%។

កម្ពុជាជាប្រទេសដែលមានការអភិវឌ្ឍតិចតួច បានទទួលលក្ខខណ្ឌអនុគ្រោះពន្ធនេះ ដែលប្រទេសមានការអភិវឌ្ឍន៍ខ្ពស់ដូចអាមេរិក មានកាតព្វកិច្ចក្នុងការផ្តល់ឲ្យ និងអនុលោមទៅតាមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក។

មកទល់ពេលនេះ សហរដ្ឋអាមេរិកបានផ្តល់ការអនុគ្រោះពន្ធទូទៅ (GSP) មកកម្ពុជាកាលពីឆ្នាំ២០១៦ តែលើផលិតផលធ្វើដំណើរប៉ុណ្ណោះ ដែលការផ្តល់នេះបានធ្វើឲ្យការនាំចេញរបស់កម្ពុជាទៅកាន់អាមេរិកលើផលិតផលនេះ កើនឡើងពីប្រហែល ៥៣ លានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៥ និងកើនជាង ១០០លានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៦ និងអាចបន្តកើនដល់ប្រហែល ២០០លានដុល្លាអាមេរិក នៅឆ្នាំ២០១៧នេះ។

ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក មានទំហំប្រហែលជាង ២ ពាន់លានដុល្លាសហរដ្ឋអាមេរិក ពោលគឺចំណាត់ថ្នាក់ទី ២ បន្ទាប់ពី​សហគមន៍​អឺរ៉ុប ដែលក្នុងនោះ ផលិតផលសម្លៀកបំពាក់ចូលរួមប្រមាណ ១,៧ ពាន់លានដុល្លាអាមេរិក។ ចំណែកឯផលិតផលស្បែកជើង និងកាបូប ចូលរួមប្រហែល ៣០០លានដុល្លាអាមេរិកផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានទាក់ទង

បទសម្ភាសន៍៖ GMAC រំពឹងថាផលិតផលស្បែកជើងកម្ពុជានឹងទទួលបានការលើកលែងពន្ធនាំចូលទៅអាមេរិក

លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រ[...]

ពលករកម្ពុជាម្នាក់ៗផ្ញើប្រាក់មកស្រុកកំណើតជាមធ្យម១០០ដុល្លារក្នុងមួយខែ

ពលករចំណាកស្រុកកម្ពុជាម្នាក់បានផ្ញើប្រាក់មកស្រ[...]

តើកម្ពុជាមានសក្តានុពលសេដ្ឋកិច្ចយ៉ាងណា ដែលចិនមកវិនិយោគ

ចិនជាប្រទេសមហាអំណាចមួយក្នុងចំណោមប្រទេសមហាអំណា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត