loader

កម្ពុជារំលឹកកិច្ចព្រមព្រៀងសន្ដិភាព ២៣តុលា ខណៈអ្នកនយោបាយបែកបាក់គ្នា

កិច្ចព្រមព្រៀងទីក្រុងប៉ារីស៖ក្រោយពីសេនាប្រមុខលន់នល់ធ្វើរដ្ឋប្រហារសម្ដេចនរោត្ដមសីហនុនៅថ្ងៃទី ១៨មីនា ១៩៧០ ឃើញថា ប្រទេសកម្ពុជាកាន់តែធ្លាក់ក្នុងភ្នក់ភ្លើងស៊ីវិលកាន់តែធ្ងន់ធ្ងរ គឺគ្រានោះហើយ ចលនាទ័ពព្រៃខ្មែរក្រហមមានសន្ទុះកាន់តែខ្លាំងពីមួយខែទៅមួយខែ។ ចលនារបស់ខ្មែរក្រហមមានការគាំទ្រកាន់តែខ្លាំងនេះ គឺមានកត្តាច្រើនយ៉ាង។ ទោះជាចលនានេះ ខ្លាំងក្លាយក៏ដោយតែទីបំផុត ត្រូវបានផ្ដួលរំលំនៅថ្ងៃទី៧មករា ១៩៧៩។ របបប្រជាមានិតកម្ពុជាដែលវៀតណាមគាំទ្រកាន់កាប់ប្រទេសជំនួសរបបខ្មែរក្រហម។ តែរបបនេះ ក៏ត្រូវបិទបញ្ចប់នៅឆ្នាំ ១៩៩៣ នៅគ្រារាជាណាចក្រកម្ពុជាទី២ ត្រូវបង្កើតឡើងដើម្បីចូលមកជំនួសរបបសង្គមនិយមនេះ ដែលធ្វើឱ្យកម្ពុជាមានសន្ដិភាព និងប្រជាធិបតេយ្យ។ របបសព្វថ្ងៃនេះ គឺបានមកពីកិច្ចព្រមព្រៀងសន្ដិភាពក្រុងប៉ារីស ២៣តុលា ១៩៩១។ ដើម្បីរំលឹកទិវានេះ កម្ពុជាសម្រេចយកថ្ងៃទី២៣ តុលា គឺជាទីចងចាំមួយដែរ។ តែការរំលឹកកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ២៣តុលា ចំពេលអ្នកនយោបាយខ្មែរបែកបាក់គ្នាធ្ងន់ធ្ងរ។

អត្ថបទដោយ លោក នួន បូរិន្ទ ហើយកញ្ញា ជុំ ជោគជាតា ជូនអត្ថាធិប្បាយដូចតទៅ៖

បើតាមឯកសារមួយចំនួន រួមទាំងតាមប្រភពពីវីគីភីឌាជាភាសាអង់គ្លេសឲ្យដឹងថា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ១៩៧៨ វៀតណាមបានប្រើកម្លាំងទ័ព ១៥ម៉ឺននាក់ចូលលុកលុយកម្ពុជាក្រោមរូបភាពជួយរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ដោយមានកិច្ចសហការពីអតីតកម្មាភិបាលខ្មែរក្រហមមួយក្រុមតូចបានគេចចេញពីការបោសសម្អាតផ្ទៃក្នុងបក្សកុមុយនិស្ដខ្មែរក្រហមរត់ទៅប្រទេសវៀតណាម។

ក្នុងរយៈពេលតែ ២សប្ដាហ៍ប៉ុណ្ណោះកងទ័ពចលនាខ្មែរប្រឆាំងរបបខ្មែរក្រហមដែលកងទ័ពវៀតណាមគាំទ្របានយកជ័យជម្នះលើកងកម្លាំងកម្ពុជាប្រជាធិបតេយ្យ ហើយបានបង្កើតរដ្ឋាភិបាលលើកមួយនៅទីក្រុងភ្នំពេញ នាថ្ងៃទី ៨ ខែមករា ឆ្នាំ១៩៧៩។​​ តាំងពីពេលនោះហើយ ត្រូវបានចលនាតស៊ូរបស់ខ្មែរក្រហមដែលចាញ់សង្រ្គាមចោទថា វៀតណាមបានកាន់កាប់កម្ពុជា។ នៅគ្រានោះ ក្រុមចលនាភាគីរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែររបស់លោកតា សឺន សាន ភាគីខ្មែរក្រហមរបស់ខៀវ សំផន បានរួមកម្លាំងគ្នាប្រឆាំងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ដឹកនាំដោយ សម្ដេច ហេង សំរិន ដោយចាត់ទុកថា កម្ពុជាសម័យនោះ ក្រោមការត្រួតត្រារបស់វៀតណាមក្រោមលេសចូលមកវាយផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុលពត។ 

សង្រ្គាមជិតពីរទសវត្សរវាងខ្មែរ និងខ្មែរវៀតណាមគាំទ្រនៅភ្នំពេញក៏រកទីបញ្ចប់មិនឃើញ គឺគ្រានោះចំពេលពិភពលោកជីរកការបញ្ចប់សង្រ្គាមត្រជាក់ ឬសង្រ្គាមរវាងប្លុកសេរីដឹកនាំដោយអាមេរិក និងប្លុកកុម្មុយនិស្ដដឹកនាំដោយអតីតសហភាពសូវៀតផង បានធ្វើអោយភាគីខ្មែរទាំង ៤ក្រុមនេះ ត្រូវបានសហគមន៍ជួយសម្របសម្រួលឱ្យមករកតុចរចា ដើម្បីកសាងសន្ដិភាពមួយឡើងវិញ សម្រាប់កម្ពុជា។

នៅគ្រានោះ គឺឆ្នាំ ១៩៨៩ កងទ័ពវៀតណាមដែលគាំទ្ររដ្ឋាភិបាលប្រជាមានិត្យកម្ពុជាបានសម្រេចដកទ័ពរបស់ខ្លួនចេញពីកម្ពុជា។ នៅពេលនោះហើយ ដែលភាគីខ្មែរក្រោមការសម្របសម្រួលដោយសហគមន៍អន្ដរជាតិមានប្រទេសឥណ្ឌូនេស៊ី និងប្រទេសបារាំង មើលទៅកាន់តែជិតទៅរកឯកភាពជាតិកាន់តែប្រសើរឡើងៗទើបមាន ការធ្វើសន្និសីទរួមជាមួយគ្នាបាន។

២ឆ្នាំក្រោយវៀតណាមដកទ័ពចេញពីកម្ពុជាភាគីជម្លោះខ្មែរទាំងបួន គឺភាគីហ្វ៊ុនស៊ិនប៉ិចរបស់សម្ដេចនរោត្ដមសីហនុ ភាគីរណសិរ្សជាតិរំដោះប្រជាបលរដ្ឋខ្មែររបស់លោកតា សឺន សាន ភាគីខ្មែរក្រហមរបស់ប៉ុលពត និងភាគីរដ្ឋកម្ពុជា សម្ដេច ហ៊ុន សែន បានចុះកិច្ចព្រមព្រៀងបញ្ចប់ជម្លោះនៅថ្ងៃ២៣ តុលា ១៩៩១ នៅទីក្រុងប៉ារីស។ តែកិច្ចព្រមព្រៀងនេះ ធ្វើឡើងនៅចំពោះមុខ និងសាក្សី  ដោយសហគមន៍អន្ដរជាតិ ១៨ប្រទេស ក្នុងនោះមានប្រទេសមហាអំណាចទាំង ៥​ គឺ អាមេរិក រុស្ស៊ី ចិន អង់គ្លេស និងបារាំង ។ ចំណែក បារាំង និងឥណ្ឌូនេស៊ី គឺជាសហប្រធាននៃសនិ្នសីទទីក្រុងប៉ារីស សម្រាប់កម្ពុជា។

ភ្លាមៗបន្ទាប់ពីមានកិច្ចព្រមព្រៀងនេះឡើង សម្ដេចព្រះបាទនរោត្ដមសីហនុបានធ្វើមាតុភូមិនិវត្តន៍មកកាន់កម្ពុជា ក្រោមការជួួយការពារដោយក្រុមកងរក្សាសន្ដិភាពអង្គការសហប្រជាជាតិជំហានដំបូង គឺ ក្រុមយូណាមិច។ សម្ដេចព្រះបាទនរោត្ដមសីហនុក៏ត្រូវជ្រើសតាំង ជាព្រះប្រធានក្រុមប្រឹក្សាជាតិខ្ពស់  SNC ។ ក្រុមប្រឹក្សាជាតិជាន់ខ្ពស់នេះហើយ ជារដ្ឋាភិបាលដែនដីមួយចាប់ផ្ដើមធ្វើកិច្ចសហការជាមួយអាជ្ញាធរបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិហៅកាត់ថា UNTAC ។

UNTAC គឺជាស្ថាប័នមួយរបស់អង្គការសហប្រជាជាតិដែលមានទ័ពចម្រុះជាតិសាសន៍ច្រើនពាន់នាក់មកជួយរៀបចំ និងត្រួតពិនិត្យដំណើរការបោះឆ្នោតអាណត្តិដំបូងឆ្នាំ ១៩៩៣ នៃប្រទេសកម្ពុជា។ ការបោះឆ្នោតសភានីតិកាលទីមួយនេះ ត្រូវបានសហគមន៍អន្ដរជាតិ ក្រោមការចាត់ចែងដោយអាជ្ញាធរបណ្ដោះអាសន្នរបស់អង្គកាសហប្រជាជាតិបានចំណាយថវិការាប់ពាន់លានដុល្លារអាមេរិក។ ការបោះឆ្នោតគ្រានោះ គឺបក្សមួយចេញពីរដ្ឋាភិបាលត្រីភាគីជាអ្នកឈ្នះ គឺគណប្សរាជានិយមហ្វ៊ុនស៊ិនប៉ិចដឹកនាំដោយសម្ដេចក្រុមព្រះ គឺគ្រានោះហើយដែលសភាធម្មនុញ្ញបានសម្រេចបង្កើតរដ្ឋធម្មនុញ្ញានៃរបបរាជាណាចក្រកម្ពុជាឡើងវិញ។

តើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣តុលា ឆ្នាំ១៩៩១ នេះ មានសារៈសំខាន់យ៉ាងណាចំពោះកម្ពុជា?

ក្រោយការបោះឆ្នោតដែលរៀបចំដោយអង្គការសហប្រជាជាតិ រដ្ឋាភិបាលមួយត្រូវបានបង្កើតឡើងដោយមាននាយករដ្ឋមន្រ្ដី ២រូប គឺសម្ដេចក្រុមព្រះនរោត្ដមរណឬទ្ធិ និងសម្ដេច ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា។ ចាប់ពីពេលនោះមក ថ្ងៃ២៣តុលា ត្រូវបានចាត់ទុកជាទិវាបុណ្យជាតិ។

នៅឆ្នាំ ១៩៩៧ មានព្រឹត្តិការណ៍មួយទម្លាក់នាយករដ្ឋមន្រ្ដីទីមួយ សម្ដេចក្រុមព្រះនរោត្ដមរណឬទ្ធិ ក្រោមការចោទប្រកាន់ថា នាំអាវុធចូលខុសច្បាប់ និងមានទំនាក់ទំនងជាមួយកងកម្លាំងខ្មែរក្រហមខុសច្បាប់។ ក្រោយព្រឹត្តិការណ៍នោះគឺ នៅឆ្នាំ ១៩៩៨​ សម្ដេច ហ៊ុន សែន បានងាកសម្របសម្រួលជាមួយចលនាខ្មែរក្រហមម្ដង ហើយបានសម្រេចការអូសទាញពួកខ្មែរក្រហមឲ្យទម្លាក់អាវុធចុះ ព្រមចូលមករួមរស់ក្នុងសង្គមជាតិវិញ ក្រោមរូបភាពសមហរណកម្មដែលសម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន អះអាងជារឿយៗថា ជាយុទ្ធសាស្រ្ដឈ្នះៗ។

នៅពេលបក្សប្រជាជនកម្ពុជាបានដឹកនាំរាជរដ្ឋាភិបាល បក្សនេះបានសម្រេចលុបចោល ទិវាកិច្ចព្រមព្រៀង ២៣តុលា ១៩៩១ ចេញពីបុណ្យជាតិដែលឱ្យមានការជំទាស់ជាខ្លាំងពីភាគីពាក់ព័ន្ធ និងគណបក្សប្រឆាំងដឹកនាំដោយ លោក សម រង្ស៊ី។

ក្រោយពេលព្រះករុណានរោត្ដម សីហនុ យាងចូលទិវង្គតនៅពាក់កណ្ដាលខែតុលា ឆ្នាំ២០១២ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានសម្រេចបញ្ចូលថ្ងៃ ២៣តុលា ជាទិវាបុណ្យជាតិវិញ ដោយសំអាងថា ជាការរំលឹកដល់ព្រះគុណសម្ដេចឳសីហនុ ដែលបាននាំឲ្យមានកិច្ចព្រមព្រៀងនេះឡើង។

គុណតម្លៃនៃកិច្ចព្រមព្រៀងសន្ដិភាព ២៣  តុលា ១៩៩១

ស្មារតីនៃកិច្ចព្រមព្រៀងសន្ដិភាពក្រុងប៉ារីស ២៣តុលា ១៩៩១ មានចែងអំពីអធិបតេយ្យភាព ឯករាជ្យបូរណភាព និងភាពមិនអាចរំលោភបាននៃដែនដី អព្យាក្រឹត្យភាព និងឯកភាពជាតិកម្ពុជា។ ការពង្រឹងការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ កិច្ចព្រមព្រៀងនេះ បាននាំអោយកម្ពូជាមានសន្ដិភាពមហាគ្រួសារខ្មែរជួបជុំគ្នាឡើងវិញ និងជួយអោយមានការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា តាមរយៈការផ្ដល់ជំនួយពីសហគមន៍អន្ដរជាតិក្នុងមួយឆ្នាំៗច្រើនរយលាដុល្លារអាមេរិក ហើយប្រទេសផ្ដល់ជំនួយមកអោយកម្ពុជានាំមុខគេ សហភាពអឺរ៉ុប ជប៉ុន និងអាមេរិក។ តែយ៉ាណា ក្រុមប្រឆាំង និងអ្នកវិភាគឯករាជ្យមួយចំនួនរិៈគន់ថា គុណតម្លៃនៃកិច្ចព្រមព្រៀងនេះហាក់ត្រូវធ្លាក់ចុះខ្លាំង ដោយសារមាត្រាមួយចំនួននៃកិច្ចព្រមព្រៀងនេះ ដែលជំរុញការគោរពសិទ្ធិមនុស្សជាដើម ត្រូវបានបំភ្លេច ហើយមិនអនុវត្តតាមនាំអោយមានការបែកបាក់ការសាមគ្គីជាតិ ក្នុងចំណោមអ្នកនយោបាយខ្មែរ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

រដ្ឋមន្ត្រីស្រីលង្កា៖ស្រីលង្កាធ្លាក់ក្នុងវិបត្តិនយោបាយជាថ្មីក្រោមឥទ្ធិពលចិនដដែល

កាលពីថ្ងៃទី ២៦តុលា ប្រធានាធិបតី Maithripala S[...]

វិភាគ៖ មូហេតុអ្វីបានជាម៉ាឡេស៊ីកំណត់អាណត្តិនាយករដ្ឋមន្ត្រីនៅពេលនេះ ?

បទវិភាគ៖ កាលពីសប្ដាហ៍មុន នាយករដ្ឋមន្ត្រី ម៉ាឡ[...]

អតីត​បក្ស​កាន់​អំណាច​ម៉ា​ឡេ​ស៊ី​ UMNO​ ជួប​រឿងអាស្រូវ​កាន់តែ​ខ្លាំង​ករណី​លួច​លុយ​ជាតិ​រាប់រយ​លាន​ដុល្លារ​

​គិត​មក​ដល់​ពេល​នេះ​មេដឹកនាំ​គណបក្ស​នេះ​ជា​ច្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត