loader

កម្ពុជាចង់បានពាណិជ្ជកម្មសេរីFTAជាមួយចិននិងកូរ៉េខណៈការបាត់បង់EBAកាន់តែជិតមកដល់

ប្រទេសឈានមុខគេសេដ្ឋកិច្ចនៅអាស៊ីខាងកើតទាំងចិននិងកូរ៉េខាងត្បូង កំពុងសិក្សាពីលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ចកម្មសេរីជាមួយនឹងកម្ពុជា។

កាលពី​ថ្ងៃចន្ទ​ ​រដ្ឋាភិបាល​កម្ពុជា​និង​កូរ៉េខាង​ត្បូង​បាន​ចាប់ផ្តើមសិក្សាអំពី​គម្រោង​សិក្សា​ស្រាវជ្រាវ​រួម​គ្នា​មួយ ដើម្បី​ពិនិត្យ​មើល​លើ​លទ្ធភាព​នៃ​ការ​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ឬ Free Trade Agreement (FTA) រវាង​ប្រទេស​ទាំងពីរ។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ក្នុង​ស្រុក​កូរ៉េ​ខាង​ត្បូង KBS។

កញ្ញាពៅនិកាជូនសេចក្ដីប្រែសម្រួល៖

នៅថ្ងៃអង្គារទី២៦វិច្ឆិកានេះ លោកស្រី Yoo Myung-hee រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កូរ៉េខាងត្បូង និង​លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា ​បាន​ប្រកាស​គម្រោង​សិក្សា​ស្រាវជ្រាវ​រួម​គ្នា​នេះ នៅ​ក្នុង​កិច្ចប្រជុំកំពូល​ស្តី​ទី​ទំនាក់​ទំនង​រវាង​កូរ៉េខាងត្បូង​និង​អាស៊ាន​លើក​ទី៣០ ដែល​រៀបចំ​ឡើង​នៅ​ទីក្រុង Busan នៃកូរ៉េខាងត្បូង ដែលសម្ដេចនាយករដ្ឋមន្រ្ដីកម្ពុជាបានខកខានចូលរួមកិច្ចប្រជុំអាស៊ាននេះព្រោះម្ដាយក្មេករបស់សម្ដេចឈឺធ្ងន់។

កូរ៉េខាងត្បូង ជាប់ក្នុងលេខរៀងទី៥ បន្ទាប់ពីជប៉ុន ក្នុងចំណោមប្រទេសចំនួន១០ ដែលបានវិនិយោគទុនផ្ទាល់ច្រើនបំផុតនៅកម្ពុជា ដែលទឹកប្រាក់នៃការវិនិយោគទុនរបស់ប្រទេសមួយនេះស្មើនឹង ៦.៥ភាគរយនៃចំនួនទឹកប្រាក់សរុបប្រមាណ ២,៥៤៨ លានដុល្លារអាមេរិកនៃលំហូរវិនិយោគផ្ទាល់ពីបរទេស គិតត្រឹមឆ្នាំ២០១៧។

ចំណែកប្រទេសចិនបច្ចុប្បន្ននេះ ត្រូវបានគេមើលឃើញថា ជាដៃគូរវិនិយោគដ៏ធំរបស់កម្ពុជា និងជាដៃគូនាំចូលទំនិញធំជាងគេមកកម្ពុជា ប៉ុន្ដែចិន មិនបានជាប់តំណែងជាទីផ្សារធំសម្រាប់ការនាំចេញទំនិញរបស់កម្ពុជានោះទេ។សម្ដេចនាយករដ្ឋមន្រ្ដីហ៊ុន សែន បាន​ប្រកាស​កាលពីពេលថ្មីៗនេះថា កម្ពុជា នឹងចិន បានកំណត់ យក ថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០១៩នេះ ដើម្បី​បើកការ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយគ្នា​ជាលើកដំបូង ដើម្បីពង្រីក​ការធ្វើពាណិជ្ជកម្ម​រវាង​ប្រទេសទាំងពីរ​កាន់តែទូលំទូលាយ។ ជាមួយគ្នានោះ ក្រសួងពាណិជ្ជកម្ម ដែល​មានតួនាទីសំខាន់ ក្នុងការ​ចរចានេះ បាន​អះអាងថា ក្រសួង​បាន​ត្រៀម​ខ្លួន​រួចរាល់ហើយ សម្រាប់កិច្ចចរចានេះឱ្យសម្រេចបានផ្លែផ្កា។

របាយការណ៍ពាណិជ្ជកម្ម បាន​ឲ្យដឹងដែរថា កាលពីឆ្នាំ ២០១៨ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន សម្រេចបាន​ប្រមាណ ៧.៤០០លានដុល្លារអាមេរិក នៅក្នុងនោះ ការនាំចេញរបស់កម្ពុជា ទៅចិនមាន​ទំហំទឹកប្រាក់ប្រមាណ ១.៤០០ លានដុល្លារអាមេរិក កើនឡើង ៣៧% ខណៈដែល​ចិន​នាំចូល​មកកម្ពុជាវិញ មានប្រមាណ ៦ពាន់​លានដុល្លារអាមេរិក គឺបានកើនឡើង ២៦%។ ប្រទេសទាំងពីរ​ក៏ធ្លាប់​មាន​គោលដៅ នឹងជំរុញទំហំពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យឈានដល់ ១០ ពាន់​ដុល្លាអាមេរិក នៅត្រឹម​ឆ្នាំ២០២៣ខាងមុខ​ផងដែរ។កម្ពុជារំពឹងថាឱនភាពជញ្ជីងពាណិជ្ជម្មនេះនឹងកាត់បន្ថយបានច្រើននៅពេលដែលមានកិច្ចព្រមព្រៀងទ្វេភាគីរវាងកម្ពុជានិងចិនជាពាណិជ្ជកម្មដោយសេរីដែលលុបបំបាត់បានច្រើននូវរបាំងគយ។

នាយកមជ្ឈមណ្ឌលសម្រាប់ការសិក្សាគោលនយោបាយលោកចាន់សុផលបានប្រាប់កាសែតភ្នំពេញប៉ុស្ដិ៍ជុំវិញការដែលកម្ពុជា ចិន រៀបចំបង្កើតកិច្ចព្រមព្រៀងនឹងគ្នាថាវាមានឩបសគ្គសម្រាប់កម្ពុជាក្នុងការនាំចេញនូវផលិតផលកសិកម្មទៅចិនតែប្រហែលFTAអាចដោះស្រាយបញ្ហានេះបាន។

សូមបញ្ជាក់សន្ទុះ​សេដ្ឋកិច្ច​របស់​កម្ពុជា​នៅតែ​បន្ត​មាន​សក្តានុពល​ខ្ពស់ ដោយ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​បន្ត​ស្ថិត​ក្នុង​អត្រា ៧ភាគរយ​ សម្រាប់​ឆ្នាំ​២០១៩ នេះ​បើ​យោង​តាម​ធនាគារ​ពិភព​លោក។ ធនាគារ​ពិភពលោក បាន​កត់​សម្គាល់​ថា គោល​នយោបាយ​ស្តី​ពី​ការ​បណ្តាក់​ទុន និង​ធ្វើ​ពាណិជ្ជកម្ម​បែប​សេរី​របស់​កម្ពុជា បាន​ទាក់ទាញ​លំហូរ​វិនិយោគទុន​ផ្ទាល់​ពី​បរទេស​ ឬ​ Foreign Direct Investment (FDI) ជា​បន្តបន្ទាប់ ដែល​មាន​ទឹកប្រាក់​សរុប​ប្រមាណ ៣ពាន់​លាន​ដុល្លារ​អាមេរិក គិត​ត្រឹម​ឆ្នាំ​២០១៨។ ​

រាជរដ្ឋាភិបាលកម្ពុជាជឿជាក់ថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនឹងជួយទាក់ទាញក្រុមវិនិយោគិនបរទេសមកកម្ពុជាជាពិសេសកសិកម្មសម្រាប់នាំចេញ។

យ៉ាងណាក្ដីមជ្ឈដ្ឋានសង្កេតឃើញថាកម្ពុជាខណៈកម្ពុជាបោះជំហានទៅមុខលើវិស័យពាណិជ្ជកម្មទ្វេភាគីក៏ចំពេលកម្ពុជាត្រូវបានសភាពាណិជ្ជកម្មអឺរ៉ុបដាក់ឱសានវាទ១២ធ្នូឱ្យពិចារណារឿងពន្ធអនុគ្រោះជាង៦០០លានដុល្លារក្នុងមួយឆ្នាំដែលទទួលបានកូតានាំទនិញទៅលក់នៅអឺរ៉ុបក្នុងឋានៈកម្ពុជាជាប្រទេសអភិវឌ្ឍតិចតួច។ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍ឱ្យត្រៀមចំពោះការបាត់បង់EBAដែលទោះលោកថាកម្ពជាមិនចង់បាត់នោះទេ តែវាធ្វើឱ្យកម្ពុជាថ្លៃថ្នូរជាងគេគម្រាមយកអធិបតេយ្យដូរនឹងជំនួយ បើចំណេញតិចជាងមុនក្ដី។

សូមបញ្ជាក់ថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ឬ ហៅថា FTA មានន័យថា គឺជាការកិច្ចព្រមព្រៀងលើកលែងរបាំងពន្ធអាករទៅវិញទៅមករវាងប្រទេសនិងប្រទេសដែលចុះហត្ថលេខា លើកិច្ចព្រមព្រៀង។ចំណែក EBA គឺជាគំនិតផ្តួចផ្តើម របស់សហភាពអឺរ៉ុប ដែលអនុញ្ញាតឱ្យ ការនាំចូលទំនិញទាំងអស់ លើកលែងតែសព្វាវុធ ទៅសហភាពអឺរ៉ុបពីប្រទេសអភិវឌ្ឍន៍តិចតួចទទួលនូវការអនុគ្រោះដោយមិនជាប់ពន្ធនាំចូលនិងកូតា។ ទំហំពាណិជ្ជកម្មកម្ពុជា និង អឺរ៉ុប ដែលហក់ឡើងខ្ពស់នៅឆ្នាំ ២០១៨ គឺជាង ៥០០០ លានដុល្លារ ហើយក្នុងនោះកម្ពុជា នាំទំនិញទៅទីផ្សារអឺរ៉ុបកើនឡើងជាង ៤០០០ លានដុល្លារ។ ប៉ុន្តែអ្នកជំនាញផ្នែកសេដ្ឋកិច្ច និង ធនាគារពិភពលោក បានព្រមានថា សេដ្ឋកិច្ចកម្ពុជាអាចនឹងឈរទ្រឹង  ឬ ធ្លាក់មកក្រោម ៧ ភាគរយវិញ ប្រសិនបើបាត់បង់ EBA ។

តែយ៉ាងណាពេលនេះកម្ពុជានិងភាគីចិន រួមនឹងកម្ពុជានិងភាគីសាធារណរដ្ឋកូរ៉េកំពុងសិក្សាលទ្ធភាពនៃកិច្ចព្រមព្រៀងម្យ៉ាងទៀតដែលពិសេសសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA ។ ខណៈកម្ពុជាស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកូរ៉េខាងត្បូងនិងចិនគឺកម្ពុជាក៏កំពុងឈានទៅរកការបាត់EBAដែរតែវៀតណាមឯណោះវិញបានចុះកិច្ចព្រមព្រៀងរួចហើយពាណិជ្ជកម្មសេរីនឹងសហភាពអឺរ៉ុបដែលជាទីផ្សារធំជាងគេសំរាប់តំបន់អាស៊ីអាគ្នេយ៍និងសម្រាប់កម្ពុជា៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

លោកអំសំអាតថាការស្លាប់តំណាងពលរដ្ឋខេត្តបន្ទាយមានជ័យត្រូវស្រាវជ្រាវដើម្បីដាក់វិន័យរដ្ឋបាលដល់កងរាជអាវុធហត្ថនៃខេត្តនេះ

លោកអំសំអាន អះអាងថា ករណីនៃការស្លាប់តំណាងពលរដ្ឋ[...]

ធនាគាជាតិ និង ក្រសួងកិច្ចការនារីចាប់អនុវត្តគម្រោងការលើកកម្ពស់ស្រ្តីផ្នែកចំណេះដឹងហិរញ្ញវត្ថុ

ក្រុងភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និង ក្រសួងក[...]

លោកស្រីមូរសុខហួរថាអ្នកគាំទ្រCNRPO ទទូចឱ្យរៀបចំមាតុភូមិនិវត្តន៍លើកទី ២

ភ្នំពេញ៖ លោកស្រីមូរ សុខហួរ អះអាងថា ពលរដ្ឋខ្មែ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត