loader

កម្ពុជាគ្រោងខ្ចីលុយបរទេសជិត២ពាន់លានដុល្លារនៅឆ្នាំ២០២០ខណៈបំណុលចាស់​ប្រមាណ៧ពាន់លានដុល្លារ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា មានគម្រោងខ្ចីលុយបរទេសចំនួនជិត ២ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២០ ។ កន្លងមក អ្នកជំនាញថា កម្ពុជាគួរពិចារណាការខ្ចីកម្ចីបរទេស ពិសេសគឺចិន ហើយប្រើប្រាស់កម្ចីទាំងនោះឱ្យមានតម្លាភាព ។

រាយការណ៍ដោយលោក សោម លាភ

នៅព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៩​ រដ្ឋសភាបានអនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០ ​។ ក្នុង​សេចក្តីព្រាងច្បាប់​នេះ ថវិកាជាតិ​សរុប ដែល​ត្រូវ​ចាយ​នៅ​ឆ្នាំ​២០២០ មាន​ជាង​៨​ពាន់​លាន​ដុល្លារ​ និងអោយរាជរដ្ឋាភិបាលខ្ចីកម្ចីបរទេសចំនួនជិត ២០០០លានដុល្លារផងដែរ ។

បើតាមការចុះលើទំព័រហ្វេសបុករបស់ការរិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាល កាលពីថ្ងៃទី ២៥ តុលា «សេចក្តីព្រាងច្បាប់ស្តីពីស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០»ថា ថវិកាឆ្នាំ២០២០ត្រូវបានរៀបចំដោយគិតគូរប្រកបដោយភាពប្រយ័ត្នប្រយែង និងវិភាជសម្រាប់អនុវត្តសកម្មភាព អាទិភាព ដើម្បីឆ្លើយនឹងអាទិភាពគោលនយោបាយធំៗរបស់រាជរដ្ឋាភិបាល ។ ជាងនេះ ក៏ដើម្បីតម្រូវការចាំបាច់ជាមូលដ្ឋានរបស់ក្រសួងស្ថាប័ននានា ជាពិសេសការអនុវត្តឱ្យចេញលទ្ធផលជាក់ស្តែងប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីនយោបាយនិងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ។ ជាងនេះ ថរិកាឆ្នាំ២០២០ អាចត្រូវបានសន្និដ្ឋានថាជាឧបករណ៍ដ៏មានប្រសិទ្ធភាពមួយក្នុងការជួយឲ្យរាជរដ្ឋាភិបាលអាចឆ្លើយតបទៅនឹងបញ្ហាប្រឈម និងហានិភ័យទាំងក្នុង និងក្រៅប្រទេស ហើយក៏ឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជននិងអាចសម្រេចបុព្វហេតុចម្បងៗរបស់ខ្លួន ជាពិសេសការបង្កើនល្បឿននៃការអភិវឌ្ឍ ការលើកកម្ពស់ប្រសិទ្ធភាពសេវាសាធារណៈនិងការចូលរួមដោះស្រាយបញ្ហាជាច្រើនទៀតរបស់ជាតិ និងប្រជាជន ។

ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាលថា ថរិកាឆ្នាំ២០២០ ត្រូវបានរៀបចំឡើងតាមគោលនយោបាយ​ ដោយផ្ដោតការយកចិត្ដទុកដាក់ជាពិសេសលើមនុស្ស និងការកែទម្រង់រចនាសម្ព័ន្ធ ដែលមានអភិបាលកិច្ចជាស្នូល ហើយអាចប្រសិទ្ធនាមបានថា ជា “ថរិកាយុទ្ធសាស្រ្ដនៃការផ្គួបកម្លាំងសរុប ដើម្បីទប់ទល់នឹងបញ្ហាប្រឈមនិងហានិភ័យទាំងក្នុង និងក្រៅប្រទេស តាមរយៈការពង្រឹងសមត្ថភាពផ្ទៃក្នុង ដោយជំរុញឲ្យបានខ្លាំងក្លានូវការកែទម្រង់ស៊ីជម្រៅ និងមុតស្រួច ដើម្បីធានាសុខសន្ដិភាព ស្ថិរភាព និងចីរភាពនៃកំណើនសេដ្ឋកិច្ច សំដៅលើកកម្ពស់សុខុមាលភាពជូនប្រជាជន លើមាគ៌ាឆ្ពោះទៅរកចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០” ។

នៅលើទំព័រហ្វេសបុករបស់រដ្ឋសភាកម្ពុជា បញ្ជាក់ថា ថវិកាឆ្នាំ២០២០ បន្តផ្តោតការយកចិត្តទុកដាក់លើវិស័យអាទិភាព៤ គឺមនុស្ស ផ្លូវ ភ្លើង និងទឹក ។ ជាមួយគ្នានេះ កម្ពុជាត្រូវបន្តខិតខំរក្សា ឲ្យបានកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយបរិយាបន្ន ក្នុងអត្រាប្រមាណក្នុងរង្វង់៧%ក្នុងមួយឆ្នាំ បង្កើតឱកាសរកប្រាក់ចំណូលឲ្យ កាន់តែប្រសើរជាងមុនជូនពលរដ្ឋ ការបង្កើតការងារប្រកបដោយគុណភាពសម្រាប់ស្រទាប់យុវជន និងឆ្លើយតបបានទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដែលចេះតែកើនឡើង  នូវសេវាសាធារណៈសំខាន់ៗ ប្រកបដោយគុណភាព ដូចជា សេវាអប់រំ សុខាភិបាល យុត្តិធម៌ និងសេវាមូលដ្ឋានចាំបាច់ផ្សេងទៀត ។ មិនត្រឹមតែប៉ុណ្ណោះ ផ្តោតទៅលើហេដ្ឋារចនាសម្ព័ន្ធរូបវន្ត របបសន្តិសុខសង្គម ការធានាសុវត្ថិភាព ចំណូល ពិសេសសម្រាប់ប្រជាជនងាយរងគ្រោះ និងការកាត់បន្ថយគម្លាត នៃការរីកចម្រើនរវាងទីក្រុង និងជនបទ ក៏ដូចជាការ ដោះស្រាយបញ្ហានគរូបនីយកម្ម និងបរិស្ថាន ។

ក្រសួងសេដ្ឋកិច្ចកាលពីថ្ងៃទី ៩ ខែតុលា ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីយុទ្ធសាស្ត្រស្ដីពីការគ្រប់គ្រងបំណុលសាធារណៈឆ្នាំ ២០១៩ និង ២០២៣ ថា ដើម្បីបន្តនូវប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព គណនេយ្យភាព និងចីរភាព​នៃការគ្រប់គ្រងបំណុលសាធារណៈរាជរដ្ឋាភិបាលនឹងប្រកាន់ខ្ជាប់នូវគោលការណ៍គន្លឹះចំនួន ៥ គឺ ខ្ចីឥណទានក្នុងទំហំសមស្របដែលស្ថានភាពថវិកា          និងសេដ្ឋកិច្ចអាចទ្រាំទ្របាន ខ្ចីតែឥណទានដែលមានកម្រិតឥណទាន ឬលក្ខខ័ណ្ឌអនុគ្រោះខ្ពស់ ខ្ចីសម្រាប់តែវិស័យអាទិភាពទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ច និងវិស័យបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម ។ ជាងនេះ ប្រើប្រាស់ឥណទាននោះ ប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពខ្ពស់ និងប្រើប្រាស់ឥណទាន សម្រាប់ហិរញ្ញប្បទានគម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលមានស្ដង់ដា និងគុណភាពខ្ពស់ ។

បើតាមខ្លឹមសារសង្ខេបស្តីពីសេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០១៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ជាក់ថា គិតត្រឹមបំណាច់ខែកញ្ញា ឆ្នាំ ២០១៩ កម្ពុជាជំពាក់បំណុលបរទេសប្រមាណជិត ៧ពាន់លានដុល្លារអាមេរិក ។

អ្នកជំនាញសេដ្ឋកិច្ចថា ការខ្ចីកម្ចីទាំងឡាយប្រើប្រាស់សម្រាប់ការអភិវឌ្ឍជាតិ មិនមែនជាការមិនល្អនោះទេ ។

អ្នកជំនាញខាងតម្លាភាពលើកឡើងថា កម្ពុជាគួរពិចារណាឡើងវិញលើកម្ចីទាំងឡាយ ព្រោះមានគម្រូនៅបរទេស ជាពិសេសកម្ចីជាមួយចិន ។ ជាងនេះ កម្ពុជាគួរធ្វើយ៉ាងណាឱ្យមានតម្លាភាពទៅលើការប្រើប្រាស់កម្ចីទាំងនោះ ។

លោក យ៉ង់ សាំងកុមារ អ្នកជំនាញផ្នែកកសិកម្ម និងមន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាធិបេតយ្យមូលដ្ឋាន សរសេរលើទំព័រហ្វេសបុករបស់ខ្លួនថា ថ្ងៃនេះសភាជាតិដែលសមាជិកជាគណបក្សប្រជាជនបានអនុម័តច្បាប់ថវិកាជាតិសម្រាប់ស្ថាប័នរដ្ឋចាយនៅឆ្នាំ២០២០ចំនួនជាង៨០០០ លានដុល្លារ ដែលក្នុងនោះរដ្ឋាភិបាលគ្រោងខ្ចីបន្ថែមចំនួន១៩០០លានដុល្លារ ។ លោកក៏បានចោទសួរបន្តទៀតថា កសិករកំពុងលំបាករឿងស្រូវចុះថោកនិងអត់សូវមានអ្នកទិញ ហេតុអ្វីបានជាមិនប្រើថវិកាជាតិខ្លះ (តែ ២០០ លានដុល្លារក៏បានដែរ) ដើម្បីជួយសង្គ្រោះកសិករនិងវិស័យស្រូវអង្ករផង ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

លោកអំសំអាតថាការស្លាប់តំណាងពលរដ្ឋខេត្តបន្ទាយមានជ័យត្រូវស្រាវជ្រាវដើម្បីដាក់វិន័យរដ្ឋបាលដល់កងរាជអាវុធហត្ថនៃខេត្តនេះ

លោកអំសំអាន អះអាងថា ករណីនៃការស្លាប់តំណាងពលរដ្ឋ[...]

ធនាគាជាតិ និង ក្រសួងកិច្ចការនារីចាប់អនុវត្តគម្រោងការលើកកម្ពស់ស្រ្តីផ្នែកចំណេះដឹងហិរញ្ញវត្ថុ

ក្រុងភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និង ក្រសួងក[...]

លោកស្រីមូរសុខហួរថាអ្នកគាំទ្រCNRPO ទទូចឱ្យរៀបចំមាតុភូមិនិវត្តន៍លើកទី ២

ភ្នំពេញ៖ លោកស្រីមូរ សុខហួរ អះអាងថា ពលរដ្ឋខ្មែ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត