loader

កញ្ញា​ ស៊ាយ​ សុ​ម៉ា​លី​ ប្រឡូក​ការងារ​សង្គម​ជិត​ ២០​ឆ្នាំ​ ដើម្បី​ជា​គំរូ​ដល់​ស្ដ្រី​ឯទៀត​

​ភ្នំពេញ​៖​ ទំនៀមទម្លាប់​ខ្មែរ​តាំងពី​ដើម​រៀង​មក​ គឺ​ស្ដ្រី​មិន​ចាំបាច់​ មាន​សកម្មភាព​ លេចធ្លោរ​ក្នុង​កិច្ចការ​សង្គម​ ឬ​រៀនសូត្រ​អ្វី​ច្រើន​ទេ​ ព្រោះ​ពេល​ដែល​រៀប​ការ​ហើយ​ គឺ​ត្រូវ​មើល​កូន​ ថែ​ផ្ទះ​ ថែ​ប្ដី​។​ តែ​ទម្លាប់​មួយ​នេះ​ សម្រាប់​កញ្ញា​ សាយ​ សុ​ម៉ា​លី​ យល់​ថា​ មិន​ត្រឹមត្រូវ​នោះ​ទេ​ ព្រោះ​ស្ដ្រី​មាន​សិទ្ធិ​គ្រប់គ្រាន់​ដើម្បី​ចូលរួម​កិច្ច​សង្គម​នានា​ បើ​ទោះ​ពួក​គាត់​រៀប​ការ​រួច​ក៏​ដោយ​។​ ដោយ​ឈរ​លើ​ទស្សន​ “​បុរស​ធ្វើ​អ្វី​បាន​ ស្ដ្រី​ក៏​ធ្វើ​បាន​”​ កញ្ញា​ ស៊ា​យ​ សុ​ម៉ា​លី​ បាន​ចំណាយពេល​ជិត​ ២០​ឆ្នាំ​ ចូលរួម​ការងារ​សង្គម​ដើម្បី​ជា​គំរូ​ដល់​ស្ដ្រី​ឯទៀត​ និង​បាន​ចងក្រង​ក្រុម​ស្ដ្រី​ ជា​និស្សិត​ បង្កើត​ជា​ផ្សារ​សហគមន៍​ខ្មែរ​ ផ្ដល់​ទីផ្សារ​សម្រាប់​កសិករ​ ដែល​ដាំ​បន្លែ​ដោយ​មិន​ប្រើ​ជីគីមី​។​

​តទៅ​នេះ​ សូម​ស្ដាប់​ជីវៈ​ប្រវត្ដិ​របស់​កញ្ញា​ ស៊ា​យ​ សុ​ម៉ា​លី​ ស្ថាបនិក​ផ្សារ​សហគមន៍​ខ្មែរ​ ដែល​រៀបចំ​ឡើង​ដោយ​លោក​ លៀ​ ស៊ី​ណា​ ដូច​តទៅ​៖

 

កញ្ញា ស៊ា​យ សុម៉ាលី ស្ថាបនិកផ្សារសហគមន៍ខ្មែរ រូបខាងឆ្វេង

 

​កញ្ញា​ ស៊ា​យ​ សុ​ម៉ា​លី​ ជា​កូន​កសិករ​មក​ពី​ភូមិ​ពោ​ធ៍​ ឃុំ​សំបូរ​ ស្រុក​ទ្រាំង​ ខេត្ដតាកែវ​ ។​ បច្ចុប្បន្ន​កញ្ញា​មាន​អាយុ​ ៣៧​ឆ្នាំ​ ជា​កូន​ទី​០៤​ ក្នុង​ចំណោម​បងប្អូន​ ប្រុស​ ស្រី​ ចំនួន​ ០៦​នាក់​ ។​ កញ្ញា​ បាន​ចាប់ផ្ដើម​ការងារ​ស្ម័​ក្រ​ចិត្ដ​ ដោយ​ធ្វើការ​នៅ​តាម​អង្គការក្រៅរដ្ឋាភិបាល​ ចាប់តាំងពី​ឆ្នាំ​១៩៩៩​ ខណៈ​កញ្ញា​អាយុ​ ១៩​ឆ្នាំ​ ក្នុង​គោលបំណង​ ដើម្បី​រួមចំណែក​អភិវឌ្ឍ​សង្គម​ជាតិ​ និង​ធ្វើ​ជា​គំរូ​ដល់​យុវជន​ជំនាន់​ក្រោយ​ពិសេស​បង្ហាញ​ និង​លើកទឹកចិត្ដ​ស្ដ្រី​ ឲ្យ​មាន​ភាព​ក្លាយ​ហាន​ ចូល​ប្រឡូក​ក្នុង​ការងារ​សង្គម​។​ លើស​ពី​នេះ​ កញ្ញា​ចង់​ឲ្យ​យុវជន​ ជំនាន់​ក្រោយ​ចាប់ផ្ដើម​បង្ហាញ​សកម្មភាព​ជួយ​អភិវឌ្ឍ​សង្គម​ជាតិ​ដោយ​ខ្លួន​ពួក​គេ​ផ្ទាល់​ ជា​ជាង​រង់​ចាំតែ​រិះគន់​ ហើយ​គ្មាន​សកម្មភាព​ខ្លួនឯង​។​

​កញ្ញា​ ស៊ា​យ សុ​ម៉ា​លី​៖«​បើ​និយាយ​ពី​មនុស្ស​ម្នាក់ៗ​ បំណង​ប្រថា្ន​គឺ​តែងតែមាន​រៀងខ្លួន​ ហើយ​គ្មាន​ន​ណា​ម្នាក់​ដែល​មិន​គិត​ពី​សេចក្ដីសុខ​របស់​ខ្លួនឯង​ទេ​។​ ប៉ុន្ដែ​អ្វី​ដែល​ជា​ឆន្ទៈ​ និង​ឧត្ដមគតិ​របស់ខ្ញុំ​ តាំងពី​ខ្ញុំ​ដឹងក្ដី​មក​ ខ្ញុំ​តែងតែ​ស្រមើល​ស្រ​ម៉ៃ​គិត​ថា​ នៅ​ពេល​ដែល​ខ្ញុំ​រៀន​ចប់​តើ​ខ្ញុំ​អាច​យកចំណេះ​វិជ្ជា​ខ្ញុំ​ ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្ញុំ​បាន​ប៉ុណ្ណា​!​ ហើយ​ការ​លះបង់​របស់ខ្ញុំ​ ខ្ញុំ​គ្រាន់តែ​ចង់​ផ្ដល់​គំរូ​ទៅ​ដល់​យុវជន​ជំនាន់​ក្រោយ​ ពិសេស​ស្ដ្រី​ សុំ​ឲ្យ​គាត់​មាន​ភាពរឹងមាំ​ កុំ​ឲ្យ​គាត់​គិត​ថា​ គាត់​សិក្សា​មក​ពេល​ដែល​គាត់​មានគ្រួសារ​ គាត់​មិនដឹង​ថា​ គាត់​ត្រូវធ្វើ​អ្វី​តទៅ​ទៀត​»​។​

​ការ​ប្រឡូក​ក្នុង​កិច្ចការ​សង្គម​ គឺ​ពិត​ណាស់​វា​មិន​ងាយស្រួល​នោះ​ទេ​ ព្រោះ​ក្រុម​ស្ម័​ក្រ​ចិត្ដ​ទាំងអស់​ត្រូវ​ចេញដំណើរ​ ពី​តំបន់​មួយ​ ទៅ​តំបន់​ន​មួយ​ ឆ្លងកាត់​ស្ទើរ​គ្រប់​ខេត្ដ​ មិន​ថា​ស្ដ្រី​ ឬ​បុរស​ឡើយ​ ។​ កញ្ញា​ សុ​ម៉ា​លី​ ត្រូវធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កាន់​កន្លែង​មួយ​ដូច​គ្នា​ទៅ​ នឹង​បុគ្គលិក​ និង​អ្នក​ស្ម័គ្រចិត្ដ​ឯទៀត​ដែរ​ ហើយ​ពេល​ខ្លះ​កញ្ញា​ត្រូវ​សំរាក​ក្នុង​ព្រៃ​ និង​ពេល​ខ្លះ​ទៀត​ត្រូវ​សំរាក​តាម​ផ្ទះ​របស់​អ្នក​ភូមិ​ នៅ​ទី​ដាច់​ស្រយាល​ ជា​ច្រើន​ស​ប្ដា​ហ៍​។​

​មិន​ថា​ពី​អតីតកាល​ ឬ​បច្ចុប្បន្នកាល​នេះ​ទេ​ ស្ដ្រី​ដែល​មិនសូវ​នៅផ្ទះ​ ហើយ​ដើរហើរ​ខាងក្រៅ​ដាច់​យប់​ រាប់​ខែ​ថ្ងៃ​ តែងតែ​រង​ការ​រិះគន់​ពី​ញាតិ​ជិតខាង​របស់​ខ្លួន​ ថា​ ជា​ស្ដ្រី​មិនល្អ​។​ សម្រាប់​កញ្ញា​ សាយ​ សុ​ម៉ា​លី​ ក៏​មិន​ខុស​ពី​ស្ដ្រី​ដទៃ​ទៀត​ដែរ​ ដែល​ជា​និច្ចកាល​ កញ្ញា​តែងតែ​ទទួល​រង​រិះគន់​ពី​ញាតិ​ជិតខាង​ជា​អន្លើ​។​ សូ​ម្បី​តែ​ឪពុក​ ម្ដាយ​ និង​បង​ ប្អូន​ ប្រុស​ ស្រី​ របស់​កញ្ញា​ ក៏​មិន​ពេញចិត្ដ​ នឹង​សកម្មភាព​ របស់​កញ្ញា​ដូចនេះ​ដែរ​។​ ក៏​ប៉ុន្ដែ​ស្ដ្រី​វ័យ​កណ្ដាល​រូប​នេះ​ មិន​បាន​យកចិត្ដទុកដាក់​នូវ​អ្វី​ដែល​ជា​ការ​រិះគន់​ ទាំង​អស់នោះ​ទេ​ ដោយ​កញ្ញា​គិត​ថា​ ប្រសិនបើ​កញ្ញា​ឈប់​ព្រោះតែ​ពាក្យ​រិះគន់​ ដែល​មិនមែន​ជា​ការ​ពិត​ទាំង​អស់នោះ​ វា​នឹង​ធ្វើ​ឲ្យ​កញ្ញា​ខាតបង់​សកម្មភាព​ដែល​ខិតខំ​កន្លង​មក​។​

​កញ្ញា​ ស៊ា​យ​ សុ​ម៉ា​លី​ ៖«​ហើយ​បំណង​របស់ខ្ញុំ​ចង់​បង្ហាញ​ឲ្យ​ពិភពលោក​ឃើញ​ថា​ ស្ដ្រី​ខ្មែរ​មិនមែន​ជា​ស្ដ្រី​ដែល​នៅ​តែ​បង្វិល​ចង្ក្រាន​មិន​ជុំ​ទេ​។​ ស្ដ្រី​ខ្មែរ​ក៏​អាច​ធ្វើ​អ្វីៗ​បាន​ដូច​គ្នា​ដែរ​ មិន​គិត​ថា​ លុះត្រាតែ​ស្ដ្រី​ដែល​នៅ​តំបន់​អ៊ឺ​រ៉ុ​ប​បាន​អាច​ធ្វើ​បាន​ ប៉ុន្ដែ​ស្ដ្រី​ខ្មែរ​បាន​ត្រឹមតែ​នៅ​ជា​មេផ្ទះ​ មិន​អ​ញ្ចឹ​ង​ទេ​ យើង​ចង់​បង្ហាញ​ឲ្យ​ពិភពលោក​ឃើញ​ថា​ គេ​ធ្វើ​អី្វ​បាន​យើង​ក៏​ធ្វើ​ឲ្យ​បាន​ដូច​គ្នា​»​។​

​ពាក្យ​មួយ​ឃ្លា​ “​បុរស​ធ្វើ​អ្វី​បាន​ ស្ដ្រី​ក៏​ធ្វើ​បាន​ដូច​គ្នា​”​ គឺ​បាន​ក្លាយជា​ពាក្យ​គន្លឹះ​របស់​កញ្ញា​ សុ​ម៉ា​លី​ ដែល​យក​មក​ប្រើ​ដើម្បី​លើកទឹកចិត្ដ​ខ្លួនឯង​ នៅ​រាល់ពេល​ដែល​មានការ​លំបាក​កើតឡើង​ម្ដងៗ​។​ កញ្ញា​ សាយ​ សុ​ម៉ា​លី​ សង្កត់ធ្ងន់​ថា​ ស្ដ្រី​ត្រូវធ្វើ​ជា​មនុស្ស​ទន់ភ្លន់​ តែ​មិន​ត្រូវធ្វើ​ជា​មនុស្ស​ទន់ជ្រាយ​នោះ​ទេ​។​ កញ្ញា​បន្ដ​ថា​ បើ​ទោះជា​ការងារ​ស្ម័​ក្រ​ចិត្ដ​តាម​អង្គការ​សង្គម​ស៊ី​វិល​ មានការ​ហត់នឿយ​ និង​លំបាក​ក្ដី​ ក៏​កញ្ញា​ មិន​មាន​បំណង​បោះបង់​ចោល​ទេ​ ព្រោះ​កញ្ញា​រំពឹង​ថា​ នឹង​អាច​យក​ចំណេះដឹង​ដែល​ខ្លួន​មាន​ ចែក​ទៅ​ដល់​ប្រជាពលរដ្ឋ​តាម​សហគមន៍​ ដើម្បី​ជា​ប្រយោជន៍​ដល់​ការ​ប្រកប​រប​ចិញ្ចឹមជីវិត​របស់​ពួក​គាត់​។​

​កញ្ញា​ សាយ​ សុ​ម៉ា​លី​៖«​ខ្ញុំ​អត់​ដែល​ខ្វល់​គិត​ថា​ អ្វី​ដែល​ខ្ញុំ​លះបង់​ទៅ​ ខ្ញុំ​ចង់បាន​ការ​គាំទ្រ​ ចង់បាន​ការ​កោតសរសើរ​ ចង់​ឲ្យ​គេ​ស្គាល់​ខ្ញុំ​ច្រើន​ទេ​ អ្វី​ដែល​ខ្ញុំ​ចង់បាន​បំផុត​គឺ​ឲ្យ​តែ​ប្រជាពលរដ្ឋ​ខ្មែរ​ មាន​ភាពរឹងមាំ​ ចង់ក្រង​គ្នា​ឲ្យ​កាន់តែ​រីក​ចម្រើន​»​។​

​ស្ដ្រី​វ័យ​កណ្ដាល​រូប​នេះ​ បញ្ជាក់​ថា​ កញ្ញា​គ្មាន​បំណង​ឈប់​ពី​ការងារ​សង្គម​ដែល​កំពុង​តែ​ធ្វើ​នា​ពេល​សព្វ​ថ្ងៃនេះ​ទេ​ ដែល​ កញ្ញា​ប្រាប់​ថា​ នឹង​បន្ដការងារ​ ដែល​ជា​ក្ដី​ស្រ​ម៉ៃ​របស់​ខ្លួន​តាំងពី​កុមារភាព​នេះ​តទៅ​មុខ​ ដោយ​គ្មាន​កាលបរិច្ឆេទ​ឈប់​សំរាក​ឡើយ​។​

​ដំណើរ​ជីវិត​ឆ្លងកាត់​ ទាំង​ក្ដៅ​ ទាំង​ត្រជាក់​ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ ដោយ​បានឃើញ​ពី​ផល​លំបាក​របស់​កសិករ​ខ្មែរ​ តាម​សហគមន៍​ ពី​ការ​បង្កបង្កើន​ផល​ និង​ការ​រក​ទីផ្សារ​សម្រាប់​កសិផល​ធម្មជាតិ​ដោយ​លំបាក​ កញ្ញា​ ស៊ា​យ​ សុ​ម៉ា​លី​ បាន​ចាប់ផ្ដើម​ រៀបចំ​ចងក្រង​ជាមួយ​ក្រុម​ស្ដ្រី​ ដែល​ជា​និស្សិត​ក្រីក្រ​ មក​បន្ដ​ការ​សិក្សា​នៅ​ភ្នំពេញ​ បង្កើត​ជា​ផ្សារ​សហគមន៍​ខ្មែរ​ ដើម្បី​ផ្ដល់​ទីផ្សារ​សម្រាប់​កសិករ​ ក៏​ដូច​ជា​ផ្ដល់​ទីជម្រក​សម្រាប់​និស្សិត​ស្ដ្រី​ ក្រីក្រ​ដែល​មក​បន្ដ​ការ​សិក្សា​នៅ​ភ្នំពេញ​។​ ផ្សារ​សហគមន៍​ខ្មែរ​ស្ថិត​នៅ​ម្ដុំ​ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី​រាជធានី​ភ្នំពេញ​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ថ្ងៃ​ទី​០៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ គឺជា​សា្ន​ដៃ​របស់​កញ្ញា​ រួម​គ្នា​នឹង​ស្ដ្រី​ឯទៀត​។​

​ផ្សារ​សហគមន៍​ខ្មែរ​នេះ​ ទទួលយក​បន្លែង​ ផ្លែ​ឈើ​ ត្រី​ សាច់​ ពី​កសិករ​ ដែល​ចិញ្ចឹម​ និង​ដាំ​ដុះ​បន្លែ​ ដោយ​មិន​បាន​ប្រើប្រាស់​ជីគីមី​។​ បន្លែ​ ត្រី​ សាច់​ ធម្មជាតិ​របស់​កសិករ​ខ្មែរ​ ភាគច្រើន​នាំ​យក​ពី​ខេត្ដ​ជាង​ ១០​ មាននៅ​ ខេត្ដ​ តាកែវ​ កំពង់ស្ពឺ​ សៀម​រាម​ បាត់ដំបង​ ប៉ៃលិន​ កោះកុង​ កំពត​ បន្ទាយ​មាន​ជ័យ​ ឧត្ដរមានជ័យ​ រតនគិរី​ និង​ខេត្ដ​ផ្សេងៗ​មួយ​ចំនួន​ទៀត​ ដែល​ភាគច្រើន​សុទ្ធសឹងតែ​ជា​កសិករ​ក្រីក្រ​។​

​កញ្ញា​ ស៊ា​យ​ សុ​ម៉ា​លី​ សំណូមពរ​ដល់​យុវជន​ខ្មែរ​ ពិសេស​ស្ដ្រី​ គួរ​ចូលរួម​ឲ្យ​បាន​ផុសផុល​ និង​បង្ហាញ​សកម្ម​ក្នុង​ការងារ​ សង្គម​ ផ្សេងៗ​ ដើម្បី​រួមចំណែក​អភិវឌ្ឍ​ប្រទេស​ឲ្យ​កាន់តែ​មានការ​រីក​ចម្រើន​។​ លើស​ពី​នេះ​កញ្ញា​ ចង់​ឲ្យ​ស្ដ្រី​គ្រប់​រូប​ ពង្រឹង​ភាព​ក្លាហាន​របស់​ខ្លួន​ ហ៊ាន​បង្ហាញ​សមត្ថភាព​ក្នុង​សង្គម​ ដោយ​ត្រូវ​គិត​ថា​ អ្វី​ដែល​បុរស​ធ្វើ​បាន​ ស្ដ្រី​ក៏​ធ្វើ​បាន​ដូច​គ្នា​៕

ព័ត៌មានទាក់ទង

ដើមទុន ១ពាន់ដុល្លារ បានធ្វើឱ្យស្ត្រីម្នាក់នៅខេត្តកំពតក្លាយជាថៅកែលក់សំភារៈបង្គន់!

ជីវៈព័ត៌មាន ៖ មានមនុស្សប៉ុន្មាននាក់ ដែលគិតថា [...]

ឆ្នាំ​២០១៨​ សិស្ស​ស្រី​នៅ​តែ​ប្រឡង​បា​កក់​ឌុ​ប​ជាប់​ ច្រើន​ជាង​សិស្ស​ប្រុស​ រហូត​ដល់​ ៦៨​ភាគរយ​

លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​[...]

កញ្ញា ឈុន សុភា ចែករំលែកបទពិសោធ​ន៍ទទួលបានអាហារូបករណ៍សិក្សានៅអឺរ៉ុប

ជីវៈព័ត៌មាន៖ នៅក្នុងពិធីជួបជុំមួយកាលពីថ្ងៃទី [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត